ការឆ្លងជំងឺនៅក្នុងពន្ធនាគារម៉ាឡេស៊ីជាការប្រឈមមួយចំពោះរដ្ឋាភិបាលតាមរដ្ឋរបស់ម៉ាឡេស៊ី នៅពេលអ្នកទោសកាន់តែច្រើនរងគ្រោះពីការនៅផ្តុំគ្នាច្រើនពេក។
ម៉ាឡេស៊ី ឥឡូវកំពុងប្រឈមការឆ្លងនៅរលកទី៣ ដោយមនុស្ស៨៧១នាក់ត្រូវបានរាយការណ៍ថាបានឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃអាទិត្យទី១៨តុលា នាំឲ្យចំនួនឆ្លងសរុបទូទាំងប្រទេសឡើងដល់២០.៤៩៨នាក់។ករណីឆ្លងថ្មីភាគច្រើនស្ថិតនៅក្នុងរដ្ឋសាបា។
ពន្ធនាគារជួបការឆ្លងជាកញ្ចុំដ៏អាក្រក់បំផុតកើតឡើងនៅក្នុងពន្ធនាគារAlor Setar ក្នុងរដ្ឋកេដាក់ ដោយអ្នកទោសកើតជំងឺកូវីដ១៩យ៉ាងតិច១.៥៧១នាក់។ការឆ្លងជាកញ្ចុំនេះត្រូវបានរកឃើញកាលពីថ្ងៃ៣០កញ្ញា ក្រោយបុរសអាយុ៤៦ឆ្នាំម្នាក់ដែលធ្វើការនៅទីនោះបានស្លាប់។ការស្រាវជ្រាវបន្តមកទៀតបង្ហាញថា វីរុសនេះបានឆ្លងរាលដាលក្នុងចំណោមអ្នកទោស។
ការឆ្លងជាកញ្ចុំមួយទៀត នៅរដ្ឋសាបា បានចម្លងអ្នកទោសប្រមាណ១.០៥០នាក់ ហើយពន្ធនាគារក្នុងរដ្ឋប៉េណាំង មានអ្នកឆ្លង៣៩៩នាក់និងម្នាក់ស្លាប់។ការបិទខ្ទប់ត្រូវបានអនុវត្តនៅពន្ធនាគារទាំងនេះ ដោយមិនឲ្យមានការចេញចូលទេ តែដើម្បីទប់ស្កាត់ការឆ្លងបន្ថែម និងកាត់បន្ថយការមានអ្នកទោសច្រើនពេក អគ្គនាយកពន្ធនាគារបានប្រកាសថា នាយកដ្ឋានពន្ធនាគារនឹងធ្វើដោះលែងអ្នកទោសប្រព្រឹត្តបទល្មើសស្រាល អ្នកជាប់គុកក្រោម១ឆ្នាំ ឬអ្នកទោសនៅសល់ពេលជាប់គុក៣ខែចុះ។
ទោះជាយ៉ាងណា ចំណាត់ការនេះបង្ការព្រួយបារម្ភក្នុងចំណោមសាធារណជនដោយភ័យខ្លាចវានឹងនាំឲ្យមានកំណើនបទឧក្រិដ្ឋក្រោយពួកគេចេញពីគុក៕ប្រែសម្រួល៖វាសនា/Ha

ការឆ្លងជាកញ្ចុំនៅពន្ធនាគារប៉េណាំង ចម្លងមនុស្សយ៉ាងតិច៣៩៩នាក់