សាលា​រាជធានី​និង​ណាហ្គា​វើ​ល សហការ​រៀបចំ​ការប្រគំ​តន្ត្រី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

1917
ចែករម្លែក
  • 14
    Shares

ដោយ​: សុផល / ភ្នំពេញ​: ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ណាហ្គា​វើ​លដ៍ និង​សាលា​រាជធានី​ភ្នំពេញ បាន​សហការ​រៀបចំ​កា​រ​ប្រគំ​តន្ត្រី ការសម្តែង​សិល្បៈ​វប្បធម៌​ខ្មែរ កម្មវិធី​កម្សាន្ត​ដែល​ចូលរួម​សម្តែង​ដោយ​កំពូល​សិល្បករ​-​សិល្បការិនី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មានការ​តុបតែង​ដោយ​ពោង​ខ្យល់​ធំៗ​ជាច្រើន​នៅលើ​សួនច្បារ​សម្តេច​ហ៊ុនសែន នៅមុខ​ណាហ្គា​វើ​លដ៍​។

​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​ណាហ្គា​វើ​លដ៍​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ដ៏​អស្ចារ្យ​នេះ គឺជា​ព្រឹត្តិការណ៍​ធំ និង​ប្លែក​ទីមួយ​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ឲ្យ​សាធារណជន​ទទួលយក​នូវ​ភាពសប្បាយ​រីករាយ​មិនអាច​បំភ្លេចបាន​ជាមួយ​ការសម្តែង​សិល្បៈ​វប្បធម៌​ខ្មែរ និង​ពិធី​បុណ្យជាតិ​ប្រចាំឆ្នាំ​ដែល​ប្រជាជន​កម្ពុជា​តែងតែ​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​។

​ពិធី​បើក “​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​អបអរ​បុណ្យចូលឆ្នាំថ្មី​” កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែមេសា​នេះ អញ្ជើញ​ចូលរួម​ដោយ​លោក ហួត ហៃ អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជាមួយ​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់​ណាហ្គា​វើ​លដ៍​។​

​រូប​តុក្កតា​ពោង​ខ្យល់​ធំៗ​ជាច្រើន ត្រូវបាន​ដាក់​លម្អ​ជាមួយ​អំពូល​ភ្លើង​ចម្រុះ​ពណ៌​ដ៏​ទាក់ទាញ ហើយនឹង​ត្រូវដាក់​នៅលើ​សួនច្បារ​សម្តេច ហ៊ុន សែន ដើម្បី​ឲ្យ​សាធារណជន​អាច​ថតរូប​ជាមួយ​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្តិ​ដើម្បី​ទុកជា​អនុស្សាវរីយ៍ ។ រូប​តុក្កតា​ពោង​ខ្យល់​ធំៗ​ដ៏​ស្រស់ស្អាត​ទាំងអស់នោះ រួមមាន រូប​សុនខ​ដែល​តំណាង​ឆ្នាំច បង្កង​ទន្លេមេគង្គ រូប​ក្ងាន និង​ពោង​ខ្យល់​ធំៗ​ជាច្រើន​ទៀត​។​

​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា​៖ «​ការរៀបចំ​លម្អ​នៅ​សួនច្បារ​សម្តេច​ហ៊ុនសែន​នេះ ចំណាយ​ថវិកា​ប្រមាណ​២៥​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ចង់ឱ្យ​ប្រជាពលរដ្ឋ​បានទទួល​នូវ​ការកំសាន្ត ភាពសប្បាយ​រីករាយ ក៏ដូចជា​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​កាន់​តែមាន​ភាពស្រស់​ស្អាត​»​។​

​សូមបញ្ជាក់ថា​ក្នុងឱកាស​នេះ​ក៏មាន​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​ដ៏​កក្រើក​ផងដែរ​ដែល​សម្តែង​ដោយ​កំពូល​សិល្បករ​-​សិល្បការិនី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន ចាប់ពី​ថ្ងៃទី ២០ ដល់ ២២ មេសា ពី​ម៉ោង ២ រសៀល​ដល់ ១១ យប់​រៀងរាល់ថ្ងៃ​ជាមួយ​ការសម្តែង​របាំ​អប្សរា ក្រុម​តន្ត្រី​ជាតិ និង​អន្តរជាតិ និង​អ្នកលេង​សៀក​រហ័ស​កម្ម​ជាដើម ។ នៅ​ថ្ងៃ​សុក្រ ទី ២០ មេសា ចាប់ពី​ម៉ោង ៩ យប់ ពុក​ម៉ែ​បងប្អូន​របស់​យើង នឹង​បាន​រីករាយ​ជាមួយ​កញ្ញា សុគន្ធ នីសា និង​លោក ខេមរៈ សិរីមន្ត​។ ចំណែក​នៅ​រាត្រី​ថ្ងៃ​សៅរ៍ សាធារណជន នឹង​បាន​កម្សាន្ត​ជាមួយ​ម្ចាស់​ពាន The Voice Kids Cambodia កុមារា ពេជ្រ ថៃ ក្រុម​ក្មេង​ខ្មែរ និង​កញ្ញា យូ​រី ។ ការប្រគំ​តន្ត្រី​នៅ​រាត្រី​ចុងក្រោយ នឹងធ្វើ​ឡើង​នៅ​រាត្រី​ថ្ងៃអាទិត្យ ទី ២២ មេសា ដែល​ចូលរួម​សម្តែង​ដោយ​លោក ជី​ដេវីដ ពេជ្រ​ថៃ និង​កូនប្រុស​ទាំងបី​របស់លោក​ព្រាប សុវត្ថិ (​សុវត្ថិ មុនី​វណ្ណ សុវត្ថិ មុនី​នាគ និង​សុវត្ថិ សិរីវុឌ្ឍ​)៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម