ការបោះឆ្នោតប្រធានាធិបតីអាម៉េរិកថ្ងៃទី ៣ ខែវិច្ឆិកាកំពុងពុះកញ្ជ្រោលនៅរដ្ឋសំខាន់ៗមួយចំនួន ដែលនឹងសម្រេចទៅលើការប្រជែងគ្នារវាងបេក្ខជនបក្សប្រជាធិបតេយ្យលោក ចូ បាយដិន និងប្រធានាធិបតីដូណាល់ ត្រាំ។
លោកត្រាំបានឈ្នះការបោះឆ្នោតទាំងប្រផុតប្រផើយក្នុងឆ្នាំ ២០១៦ ដោយសារឈ្នះនៅតាមរដ្ឋសមរភូមិសំខាន់ៗដូចជាផ្លរីដា ផេនស៊ីលវ៉ានៀ មីស៊ីហ្គែន ខារ៉ូលីណាខាងជើង វីស្កុនសិន និងអារីហ្សូណា។
ការស្ទង់មតិលើកនេះបង្ហាញថាគាត់ចាញ់គេនៅរដ្ឋសំខាន់ទាំង៦នេះ ត្បិតរដ្ឋខ្លះចាញ់តិចតួចក៏ដោយ។
យោងតាមការស្ទង់មតិជាមធ្យមតាមរដ្ឋដោយវេបសាយ RealClearPolitics (RCP) បានឱ្យដឹងថា លោកត្រាំចាញ់គេតិចតួចផងដែរនៅក្នុងរដ្ឋចំនួន ៣ ផ្សេងទៀត ដែលលោកបានឈ្នះក្នុងឆ្នាំ ២០១៦ គឺចចចា អាយអូវ៉ា និង អូហៃយ៉ូ។
តោះក្រឡេកមើលត្រួសៗនៅរដ្ឋសំខាន់ៗមួយចំនួន ៖
- ផេនស៊ីលវ៉ានៀ
រដ្ឋកំណើតរបស់លោកបាយដិនគឺជាកន្លែងមានប្រៀបធំជាងគេបំផុតរបស់គាត់នៅក្នុងរដ្ឋភាគកណ្តាលឆៀងខាងជើងនេះ ដែលកត់សម្គាល់ដោយការធ្លាក់ចុះនៃឧស្សាហកម្ម។
ក្រុមអ្នកស្ម័គ្រចិត្តរបស់លោកត្រាំកំពុងសម្រុកចោមរោមរដ្ឋមួយនេះ រួមទាំងតំបន់ជាយក្រុងនានា កន្លែងដែលពួកគេកំពុងដើរគោះទ្វារពីផ្ទះមួយទៅផ្ទះមួយដើម្បីឃោសនា។
នៅខាងគណបក្សប្រជាធិបតេយ្យឯណោះវិញ អតីតប្រធានាធិបតីបារ៉ាក់អូបាម៉ានឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងយុទ្ធនាការឃោសនានៅថ្ងៃពុធនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងហ្វីឡាដែលហ្វៀសម្រាប់អតីតអនុប្រធានាធិបតីរបស់គាត់។
ទីក្រុងធំៗនៅរដ្ឋផេនស៊ីលវ៉ានៀនឹងបោះឆ្នោតឱ្យលោកបាយដិន ខណៈដែលតំបន់ជនបទភាគខាងលិចនិងតំបន់កណ្តាលអភិរក្សនិយមប្តេជ្ញាចិត្តបោះឆ្នោតឱ្យលោកត្រាំ។ តំបន់ជាយក្រុងនិងភាគឦសាននឹងមានសារៈសំខាន់ខ្លាំងសម្រាប់ត្រាំ។
មធ្យមភាគរបស់វេបសាយ RCP ៖ បាយដិននាំមុខ ៥,៦ ភាគរយ។
- មីស៊ីហ្គែន
មីស៊ីហ្គែនបោះឱ្យត្រាំឈ្នះទាំងប្រផុតប្រផើយក្នុងឆ្នាំ ២០១៦ ហើយឥឡូវកំពុងប្រជែងគ្នាយ៉ាងខ្លាំងក្លានៅឆ្នាំនេះ។
លោកត្រាំបានធ្វើទស្សនកិច្ចនៅរដ្ឋបឹងយក្សមួយនេះដើម្បីអះអាងថាគាត់កំពុងធ្វើឱ្យអាម៉េរិកវិលត្រឡប់ទៅរកភាពរុងរឿងឡើងវិញ ប៉ុន្តែអ្នកបោះឆ្នោតមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃវីរុសកូរ៉ូណាមកលើសេដ្ឋកិច្ចនិងការឆ្លើយតបរបស់ប្រធានាធិបតីចំពោះជំងឺរាតត្បាត។
អភិបាលរដ្ឋមកពីបក្សប្រជាធិបតេយ្យលោកស្រី ហ្គ្រេតឆិន វីតមឺ បានប៉ះទង្គិចម្តងហើយម្តងទៀតជាមួយប្រធានាធិបតីហើយការបិទរដ្ឋទាំងបង្ខំរបស់លោកស្រីបានធ្វើឱ្យពួកអភិរក្សនិយមខឹងជាខ្លាំង។
ក្រុមបាតុករប្រដាប់ដោយកាំភ្លើងបានធ្វើបាតុកម្មនៅខាងក្រៅវិមានរបស់រដ្ឋនៅរដូវក្តៅនេះហើយសមាជិកក្រុមស្តាំនិយមត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗនេះពីបទឃុបឃិតដើម្បីចាប់ពង្រត់លោកស្រីអភិបាលរដ្ឋ។
RCP ៖ បាយដិននាំមុខ ៧,២ ភាគរយ
- វីស្កុនសិន
លោកស្រីហ៊ីលឡារី គ្លីនតុនបានសម្រេចចិត្តមិនធ្វើយុទ្ធនាការនៅលើទឹកដីទឹកដោះគោរបស់អាម៉េរិកក្នុងឆ្នាំ ២០១៦ ហើយអ្នកបោះឆ្នោតបានដាក់ពិន័យលោកស្រី ដោយបោះឱ្យត្រាំ។
នៅឆ្នាំនេះ ពួកប្រជាធិបតេយ្យបានផ្តោតសំខាន់លើរដ្ឋវីស្កុនសិន ដោយរៀបចំសន្និបាតជាតិរបស់ពួកគេនៅទីនោះ ទោះបីការជួបជុំនោះប្តូរទៅធ្វើតាមអនឡាញដោយសារកូវីដ១៩ក៏ដោយ។
លោកត្រាំនិងលោកបាយដិនបានធ្វើយុទ្ធនាការនៅក្នុងរដ្ឋនេះខណៈដែលអនុប្រធានាធិបតីម៉ៃផេននិងគូប្រជែង លោកស្រី កាម៉ាឡា ហារីស ក៏ធ្វើទស្សនកិច្ចផងដែរ។
RCP ៖ បាយដិននាំមុខ ៦,៣ ភាគរយ
- ផ្លរីដា
រដ្ឋភាគខាងត្បូងនេះកាន់តែមានមនុស្សច្រើនឡើងៗ និងជាកន្លែងនៃកសិកម្ម ឧស្សាហកម្មយោធា និងជម្រករបស់និវត្តជន។
ពួកសាធារណរដ្ឋកំពុងបង្កើនការការពារយ៉ាងខ្លាំងក្លានៅទីនេះ ស្របពេលពួកប្រជាធិបតេយ្យចោទប្រកាន់ពួកគេថាគាបសង្កត់ការបោះឆ្នោត ជាពិសេសនៅក្នុងសហគមន៍ដែលមានប្រជាជនចម្រុះពណ៌សម្បុរ។
ប្រជាជនឡាទីនយ៉ាងច្រើនសម្បើមរបស់រដ្ឋនឹងក្លាយជាគន្លឹះសំខាន់ ហើយការស្ទង់មតិបង្ហាញថា ពួកគេបោះឱ្យបក្សប្រជាធិបតេយ្យតិចជាងឆ្នាំ ២០១៦។
ក្នុងពេលជាមួយគ្នានេះដែរ ការស្ទង់មតិបង្ហាញថា មនុស្សវ័យចំណាស់កំពុងងាកចេញពីលោកត្រាំ ដោយសារតែការគ្រប់គ្រងរបស់គាត់មិនបានល្អលើជំងឺរាតត្បាត។
អ្នកជំនាញភាគច្រើននិយាយថារដ្ឋផ្លរីដាគឺជាជញ្ជាំងការពាររឹងមាំរបស់លោកត្រាំ។ ប្រសិនបើជញ្ជាំងនេះធ្លាយ នោះលោកត្រាំទំនងជានឹងបាត់បង់សេតវិមាន។
RCP ៖ បាយដិននាំមុខ ១,៤ ភាគរយ
- ខារ៉ូលីណាខាងជើង
រដ្ឋអភិរក្សនិយមនេះបានបោះឱ្យលោកត្រាំឈ្នះកាលពី ៤ ឆ្នាំមុន ប៉ុន្តែបក្សទាំងពីរបានទទួលស្គាល់ថាលើកនេះគឺមានការប្រជែងប្រកៀកប្រកិតគ្នាបំផុត។
អភិបាលរដ្ឋខារ៉ូលីណាខាងជើងគឺជាមនុស្សរបស់បក្សប្រជាធិបតេយ្យដ៏មានប្រជាប្រិយភាពម្នាក់ ដែលទទួលបានការសរសើរចំពោះការឆ្លើយតបប្រកបដោយតុល្យភាពរបស់គាត់ចំពោះជំងឺរាតត្បាត។
ពួកសាធារណរដ្ឋបោះទីតាំងសន្និបាតជាតិរបស់ពួកគេនៅទីនេះ ទោះបីជាសន្និបាតត្រូវធ្វើឡើងតាមអនឡាញភាគច្រើនក៏ដោយ។
RCP ៖ បាយដិននាំមុខ ២,៧ ភាគរយ
- អារីហ្សូណា
អារីហ្សូណាគឺជាបន្ទាយរឹងមាំរបស់បក្សសាធារណៈរាប់ទសវត្សរ៍មកហើយ ប៉ុន្តែអ្នកបោះឆ្នោតរបស់រដ្ឋនេះឥឡូវបានប្រែប្រួលហើយ ដោយសារតែការកើនឡើងនៃសហគមន៍ឡាទីននិងការហូរចូលនៃប្រជាជនសេរីនិយមមកពីកាលីហ្វ័រញ៉ាកាន់តែច្រើនឡើង។
អ្នកបោះឆ្នោតអភិរក្សនិយមពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកត្រាំក្នុងការរឹតត្បិតការធ្វើអន្តោប្រវេសន៍និងកសាងជញ្ជាំងនៅតាមព្រំដែនជាមួយប្រទេសម៉ិកស៊ិក។
ប៉ុន្តែលោកត្រាំបានធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យរបស់គាត់ ដោយការនិយាយរិះគន់ម្តងហើយម្តងទៀតចំពោះសពអតីតព្រឹទ្ធសមាជិក ចន ម៉ាកខេន ដែលតំណាងឱ្យរដ្ឋអារីហ្សូណា ហើយឈ្មោះរបស់គាត់នៅតែមានឥទ្ធិពលខ្លាំងនៅរដ្ឋមួយនេះ។ ប្រពន្ធរបស់លោកម៉ាកខេនឈ្មោះ ស៊ីនឌី ម៉ាកខេន បង្ហាញការគាំទ្រដល់លោកបាយដិន។
RCP ៖ បាយដិននាំមុខ ៤,០ ភាគរយ
- អាយអូវ៉ា
លោកត្រាំបានឈ្នះយ៉ាងងាយស្រួលនៅរដ្ឋអាយអូវ៉ាកាលពី ៤ ឆ្នាំមុនដោយបានផ្តួលលោកស្រីគ្លីនតុនជិត ១០ ភាគរយប៉ុន្តែការប្រកួតលើកនេះហាក់ដូចជាប្រកៀកប្រកិតនៅក្នុងរដ្ឋកសិកម្មភាគកណ្តាលឆៀងខាងលិចនេះ។
លោកត្រាំបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋអាយអូវ៉ាកាលពីសប្តាហ៍មុន ជាសញ្ញាមួយថា គាត់កំពុងការពារនៅក្នុងរដ្ឋមួយ ដែលគាត់រំពឹងឈ្នះម្តងទៀត។
RCP ៖ បាយដិននាំមុខ ១,២ ភាគរយ
- ចចចា
ពួកប្រជាធិបតេយ្យមិនដែលឈ្នះការប្រកួតប្រជែងប្រធានាធិបតីនៅរដ្ឋចចចាទេចាប់តាំងពីលោកប៊ីលគ្លីនតុនក្នុងឆ្នាំ ១៩៩២ ប៉ុន្តែវាមាននិន្នាការទៅរកបក្សប្រជាធិបតេយ្យក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកត្រាំបានធ្វើការជួបជុំនៅរដ្ឋចចចាកាលពីថ្ងៃសុក្រ ដែលជាការចង្អុលបង្ហាញថាគាត់អាចនឹងមានឱកាសឈ្នះនៅទឹកដីមួយនេះ។
RCP ៖ បាយដិននាំមុខ ១,២ ភាគរយ
- អូហៃយ៉ូ
អូហៃយ៉ូ ដែលមានការបោះឆ្នោតជ្រើសរើសគណៈអ្នកបោះឆ្នោតចំនួន ១៨ គឺជារង្វាន់ធំ។
លោកត្រាំបានយកឈ្នះលោកស្រីគ្លីនតុននៅរដ្ឋអូហៃអូ ៨,១ ភាគរយ ប៉ុន្តែការស្ទង់មតិបានបង្ហាញថាការប្រណាំងប្រជែងមានភាពប្រកៀកប្រកិតលើកនេះនៅរដ្ឋឧស្សាហកម្មស្ថិតនៅភាគកណ្តាលឆៀងខាងលិចនេះ។
លោកបាយដិនបានបំពេញទស្សនកិច្ចនិងនិយាយអំពីតួនាទីរបស់គាត់ក្នុងការជួយសង្រ្គោះឧស្សាហកម្មរថយន្តនៅសហរដ្ឋអាម៉េរិក នៅពេលគាត់ធ្វើជាអនុប្រធានាធិបតី៕
RCP ៖ បាយដិននាំមុខ ០,៦ ភាគរយ៕ ដោយ ៖ កញ្ញាដាលីស
