ដោយៈ តាកែវ / តាកែវៈ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងមន្ត្រីជាច្រើនរូប បាននាំយកអំណោយ របស់រដ្ឋបាល ខេត្តតាកែវ ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ៦០ គ្រួសារ ដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ។
លោកអភិបាលខេត្តតាកែវ បានមានប្រសាសន៍ថាៈ ស្ថិតក្នុងកាលៈទេសៈ ដែលបណ្តាខេត្តមួយចំនួន នៃប្រទេសកម្ពុជាយើង កំពុងតែជួបបញ្ហាគ្រោះទឹកជំនន់ ក្នុងនោះ នៅខេត្តតាកែវ ក៏រងផលប៉ះពាល់ ពីជំនន់ទឹកភ្លៀងនេះដែរ ដែលទាមទារ អោយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់រៀបចំ ផែនការអន្តរាគមន៍ ដោយត្រៀមកម្លាំង ក្នុងការទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាព ឲ្យបានច្បាស់លាស់ ដើម្បីជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះ ក្នុងករណីជំនន់ទឹកភ្លៀង ឡើងកាន់តែធ្ងន់ធ្ងរនោះ។
លោកអភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់ថាៈ ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ ប្រឈមនឹងជំនន់ទឹកភ្លៀង សូមបង្កើនការប្រយ័ត្ន ពិសេសកុំធ្វេសប្រហែស អោយសោះ ចំពោះកូនតូចៗ និងសត្វអាសិរពិស ហើយក៏ត្រូវតែបន្តរស់នៅស្អាត មានអនាម័យ ហូបស្អាត ផឹកទឹកដែលដាំពុះជានិច្ច ដើម្បីការពារកុំឱ្យមានជំងឺអាសន្នរោគ កើតមានឡើង ៕/V




