ដោយៈមុនីរ័ត្ន-សុផល/ភ្នំពេញៈ លោក Park Byeong-seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នឹងមកកាន់ព្រះរាជាណាចក្រកម្ពុជា នាដើមខែវិច្ឆិកា ខាងមុខនេះ ដើម្បីពង្រឹងពង្រីក និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។ នេះបើតាមការបញ្ជាក់លោក ប៉ាក់ ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េទើបតែងតំាងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីព្រឹកទី១៩ ខែតុលា នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះ លោកទូតបានជម្រាបជូនសម្តេចចក្រីពីសំណើដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា នាដើមខែវិច្ឆិកា ខាងមុខនេះ ក្នុងការពង្រឹងពង្រីក បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់រឹងមាំឡើង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនេះ។សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលបាននាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនទាំងសងខាង និងបានស្វាគមន៍ចំពោះបេសកកម្មរបស់ឯកឧត្តម ប៉ាក់ ហឿងឃ្យុង នៅកម្ពុជា។
សម្តេចចក្រី ហេង សំរិន បានលើកឡើងថា សាធារណរដ្ឋកូរ៉េ បាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដូចជាហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទជាដើម។ សម្តេចបានស្នើសុំសាធារណរដ្ឋកូរ៉េបន្ថែមចំនួនកូតាពលរដ្ឋខែ្មរទៅធ្វើការងារនៅកូរ៉េទៀត។
លោកទូត បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានជម្រាបសម្តេច អំពីការរីកចម្រើនខាងផ្នែកនយោយបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននៃប្រទេសទំាងពីរ នៅក្នុងរយៈពេលចុងក្រោយនេះ មានការរីកចម្រើនខ្លំាងគួរឲ្យកកត់សម្គាល់។ ទំហំពាណិជ្ចកម្មកម្ពុជា-កូរ៉េនៅឆ្នាំ២០១៩ បានកើនដល់ ១ពាន់លានដុល្លារ ហើយទុនវិនិយោគកូរ៉េនៅកម្ពុជា មានជាង៥ពាន់លានដុល្លារ ដែលនាំឲ្យកូរ៉េក្លាយជាប្រទេសទី២ក្នុងការវិនិយោគនៅកម្ពុជា។ ចំណែកពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ មានប្រមាណ៤ម៉ឺននាក់។
ឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចប្រធានរដ្ឋសភាថា នៅឆ្នាំខាងមុខសាធារណរដ្ឋកូរ៉េនឹងផ្តល់ជំនួយដល់កម្ពុជាបន្ថែម ខាងផ្នែកដោះមីន ហើយនិមិត្តរូបនៃទំនាក់ទំនងប្រទេសទំាងពីរអាចលេចជារូបរាងដែរ គឺជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េ ឆ្លងកាត់ទន្លេមេគង្គនោះ៕/b/Ha/សរន