ដោយៈ រ៉ូហ្សា / ភ្នំពេញៈ ព្រឹត្តិការណ៍ការប្រកួតកីឡា វាយកូនបាល់ ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២០ បានបញ្ចប់ការប្រកួត ដោយជោគជ័យ កាលពីល្ងាច ថ្ងៃទី១៨ តុលា កន្លងទៅនេះ នៅទីលានសូហ្វតិន្នីស ក្នុងពហុកីឡដ្ឋានជាតិ ក្រោមវត្តមានលោក បណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ប្រធានអង្គភាពកីឡា នគរបាលជាតិ និងជាអអគ្គលេខាធិការ ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ។
បើតាមរបាយរការណ៍ របស់គណ:កម្មការ រៀបចំការប្រកួត បានឱ្យដឹងថាៈ ការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅទីលានវាយកូនបាល់ និងសូហ្វតិន្នីសកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ ។ ការប្រកួតកីឡា វាយកូនបាល់ ដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៣ កីឡាករ កីឡាការីនី និងជនបរទេស ចូលរួមប្រកួត តំណាងប្រទេសនីមួយៗ មានចំនួន១១ ប្រទេស រួមមានៈ កម្ពុជា បារាំង អាមេរិក អាល្លឺម៉ង់ ចិន កូរ៉េ ជប៉ុន ហ្វីលីពីន ឥណ្ឌា វៀតណាម ។

សូមបញ្ជាក់ថា កីឡាករ កីឡាការិនី ដែលចូលរួមប្រកួត តំណាងប្រទេសនីមួយៗ ជាអ្នកធ្វើការងារ ការងារផ្សេងៗ នៅក្នុងប្រទេសកម្ពុជា មិនមែនជាកីឡាករ កីឡាការិនី មកពីក្រៅប្រទេសទេ ។ ជាមន្ត្រីស្ថានទូត និងសរុបប្រតិភូ កីឡាករ កីឡាកាវិនីជាតិ និងអន្តរជាតិ ចំនួន ៨៥ នាក់។
ចំពោះវិញ្ញាសា ដែលដាក់ឱ្យប្រកួតមានៈ ១. វាយគូបុរស A , ២.វាយគូបុរស B ឯកត្តជននារី វាយគូនារី ឯកត្តជន យុវជន-យុវនារី ក្រោម ១៦ ឆ្នាំ មកពីសមាគម ចំនួន ៦ រួមមាន សមាគមកីឡា សូហ្វតិន្នីស ក្រសួងមហាផ្ទៃ សមាគមកីឡា សូហ្វតិន្និស អគ្គស្នងការដ្ឋាននគបាលជាតិ សមាគមកីឡាសូហ្វតិន្នីស ក្រសួងការពារជាតិ សមាគមកីឡាសូហ្វតិន្នីស ខេត្តកំពង់ស្ពឺ សមាគមកីឡាសូហ្វតិន្និស ខេត្តកំពង់ឆ្នាំង និងសមាគមកីឡា សូហ្វតិន្នីស អង្គការមិត្តសម្លាញ់ ។

ឯលទ្ធផលវិញ សម្រាប់វិញ្ញាសា ប្រកួតឯកត្តជនយុវជន យុវនារី ក្រោមអាយុ ១៦ ឆ្នាំ ចំណាត់ថ្នាក់លេខ ១ បានទៅកីឡាករបារាំង Kong lorent ។ វិញ្ញាសាប្រកួត ឯកត្តជននារី ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនីជប៉ុន Moe Saito Jeansen ។ វិញ្ញាសាវាយគូនារី បានទៅកីឡាករកូរ៉េ និង កម្ពុជា Kim Jachee និង ម៉េត ម៉ារីយ៉ាន ។ វិញ្ញាសាវាយគូបុរសអក្សរ ខ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករបារាំង Laurend Leuslau និង Serdan Sregal ហើយវិញ្ញាសាប្រកួតវាយគូបុរស អក្សរ ក ចំណាត់ថ្នាក់លេខ ១ បានទៅកីឡាករអាមេរិក និង កម្ពុជា Carlos Pacheco និង យី សរ ដារិទ្ធ ៕/V

