យ៉ាងហោចណាស់មនុស្ស៨៨នាក់បានស្លាប់និងមនុស្សប្រមាណ៥៣.០០០គ្រួសារត្រូវបានជម្លៀសដោយសារទឹកជំនន់និងការបាក់ដីនៅវៀតណាមកណ្តាលគិតត្រឹមថ្ងៃចន្ទទី១៩តុលា។
អស់ពេលជិត២សប្តាហ៍មកនេះ តំបន់កណ្តាលវៀតណាមបានរងការធ្លាក់ភ្លៀងខ្លាំង ការជន់លិចនិងការបាក់ដីសង្កត់។បើតាមគណៈកម្មាធិការសំរាប់បង្ការគ្រោះមហន្តរាយជាតិ តំបន់កណ្តាលនិងខ្ពង់រាបភាគកណ្តាលត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិទាំងនេះ ដោយផ្លូវជាតិចំនួន១២ និងផ្លូវតាមមូលដ្ឋានជាង១៧,៤គីឡូម៉ែត្ររងការខូចខាត ភាគច្រើននៅក្នុងខេត្ត ធួ ធៀន វ៉េ ខេត្ត ក្វាង ទ្រី និងខេត្តក្វាង ណាម ។
នៅខេត្ត ហា ទិញ ផ្ទះរាប់រយត្រូវជន់លិចនិងហេដ្ឋារចនាសម្ពន្ធរងការខូចខាតធ្ងន់ធ្ងរចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក។
ក្នុងចំណោមជនរងគ្រោះ៨៨នាក់ រួមមានអ្នកជាប់ក្នុងបំណាក់ដីធំៗ៣ករណីផ្សេងគ្នា។សាកសពសមាជិកក្រុមសង្គ្រោះចំនួន១៣នាក់ត្រូវបានរកឃើញក្នុងបំណាក់ដីនៅរោងចក្រថាមពលវារីអគ្គិសនីមួយ។ពួកគេត្រូវបានបញ្ជូនទៅស្វែងរកកម្មករដែលបាត់ខ្លួនក្នុងបំណាក់ដីមុននោះកាលពីថ្ងៃអង្គារ។សាកសពកម្មករ២នាក់ត្រូវបានរកឃើញ និងជាង១០នាក់នៅបាត់ខ្លួន។
ការបាក់ដីសង្កត់ធំមួយទៀតកើតឡើងនៅក្នុងខេត្តក្វាង ទ្រី កាលពីព្រឹកថ្ងៃអាទិត្យទី១៨តុលា ដោយបានកប់ទាហានចំនួន២២នាក់ ហើយគិតត្រឹមព្រឹកថ្ងៃចន្ទនេះ សាកសពទាហាន១៧នាក់ត្រូវបានទាញចេញពីភក់ភ្នំដែលបាក់សង្កត់បន្ទាយទាហានរបស់ពួកគេ។
ការធ្លាក់ភ្លៀងខ្លាំងបានបន្តកាលពីថ្ងៃអាទិត្យ ចាប់ពីហាទិញ ក្វាង ទ្រី និងក្វាង ប៊ិញ ហើយភ្លៀងច្រើនទៀតនឹងធ្លាក់រហូតដល់ថ្ងៃពុធ៕ប្រែសម្រួល៖វាសនា

ផ្ទះជន់លិចនៅក្នុងខេត្តក្វាងណាមរបស់វៀតណាមកណ្តាលកាលពីថ្ងៃ១២តុលា