ដោយៈ មេសា/ថ្មគោល-បាត់ដំបងៈ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានក្រើនរំឭកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ឱ្យកុំភ្លេចអំពីសុខភាព និង សុវត្ថិភាពថា “ គ្រោះទឹកជំនន់ គឺជាបញ្ហាប្រឈមមួយហើយ ប៉ុន្តែរាជរដ្ឋាភិបាល តែងតែជួយអន្តរាគមន៍នូវរាល់បញ្ហាជីវភាពរបស់បងប្អូន ដូចជាតាមរយៈការផ្តល់អំណោយសង្គ្រោះបន្ទាន់នានា និង តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ជាដើម ប៉ុន្តែចំពោះបញ្ហសុខភាព និង សុវត្ថិភាព គឺជាកាតព្វកិច្ចដ៏សំខាន់បំផុតមួយ ជាពិសេសក្នុងដំណាក់កំពុងរងគ្រោះដោយទឹកជំនន់នេះ គឺបងប្អូនត្រូវតែរក្សាសុខភាព និង សុវត្ថិភាព របស់បងប្អូនផ្ទាល់ខ្លួន ក៏ដូចជាសុខភាព និង សុវត្ថិភាព គ្រួសារឱ្យបានល្អ ចៀសវាងនូវកាប៉ះពាល់ដល់សុខភាព និង គ្រោះថ្នាក់ដោយប្រការណាមួយ “ ។






លោក វង សូត ផ្តាំផ្ញើយ៉ាងដូច្នេះ នាឱកាសនាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ និងនាំយកអំណោយចែកជូនដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់ចំនួន ៣០០ គ្រួសារ នៅក្នុង ឃុំ ជ្រោយស្តៅ ស្រុក ថ្មគោល ខេត្ត ដំបង ដែលពិធីប្រគល់ និង ទទួលនេះ ធ្វើឡើងនៅក្នុងវត្ត ជ្រោយស្តៅ ស្ថិតនៅក្នុងភូមិ ជ្រោយស្តៅ ឃុំ ជ្រោយស្តៅ ស្រុក ថ្មគោល ខេត្ត ដំបង នាព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ នេះ ហើយអំណោយទាំងនេះ មាននដូចជា អង្ករ មី ក្រមា ភួយ មុង និង ថវិកា ជាដើម សរុបជាទឹកប្រាក់ ០១ ម៉ឺនដុល្លារអាមេរិក។
ចំពោះបញ្ហាសុខភាព លោក រដ្ឋមន្ត្រី វង សូម បានបន្ថែមថា គឺត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនាម័យកន្លែងរស់នៅ អនាម័យចំណីអាហារ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ បរិភោគទឹកស្អាត ទឹកដាំពុះ ទទួលទានដំណេកក្នុងមុង ជាដើម ។
រីឯបញ្ហាសុវត្ថិភាព លោករដ្ឋមន្ត្រី វង សូត បានក្រើនរំឭកឱ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗ ដូចគ្រោះបាក់ដី គ្រោះទឹកហូរកួច សត្វអសិរពិស ជាពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត និង គ្រប់ពេលវេលាចំពោះកុមារ ពីព្រោះថា មនុស្សចាស់ភ័យខ្លាចនឹងទឹកជំនន់ ប៉ុន្តែកុមារមិនខ្លាចទឹកជំនន់ទេ ថែមទាំងសប្បាយនឹងទឹកជំនន់ទៀតផង ហេតុនេះ មិនត្រូវទុកកុមារឱ្យនៅម្នាក់ឯង ឬ បណ្តោយឱ្យកុមារលេងទឹកឡើយ ពីព្រោះវាសុទ្ធតែអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ដែលអាចនាំឱ្យមានការសោកស្តាយ ។
ក្រៅពីបញ្ហាសុខភាព និង សុវត្ថិភាព ដែលអាចកើតមានឡើងដោយសារគ្រោះទឹកជំនន់នេះទៅ លោក វង សូត ក៏នៅបានក្រើនរំឭកដល់ប្រជាជនទាំងអស់ឱ្យកុំភ្លេចការពារនូវការឆ្លងជំងឺកូវីដ ១៩ ដែរ ព្រោះថា បើទោះបីជាកំពុងប្រឈមនឹងបញ្ហាគ្រោះទឹកជំនន់នេះក្តី ក៏ កម្ពុជា មិនទាន់មានសុវត្ថិភាពទាំងស្រុងពីជំងឺកូវីដ ១៩ នៅឡើយទេ ។
ជាការកត់សម្គាល់ការក្រើនរំឭករបស់លោក វង សូត ឱ្យគិតគូរយកចិត្តទុកដាក់អំពីបញ្ហាសុខភាព និង សុវត្ថិភាពបែបនេះ មិនមែនជាលើកទីមួយទេ ពោលគឺជាបន្តបន្ទាប់ ក្នុងពេលនាំយកអំណោយទៅចែកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ លោក វង សូត តែងតែក្រើនរំឭកប្រហាក់ប្រហែលគ្នានេះដែរ ដែលប្រការនេះបានសេចក្តីថា ចំពោះលោក វង សូត ( ហើយទំនងជាមិនខុសពីថ្នាក់ដឹកនាំដទៃដែរ ) ក្តីបារម្ភ មិនមែនត្រឹមតែបញ្ហាជីវភាពរបស់ប្រជាជនទេ នៅក្នុងដំណាក់កាលរងគ្រោះដោយទឹកជំនន់នេះ ប៉ុន្តែបញ្ហាសុខភាព និង សុវត្ថិភាព ក៏ជាក្តីបារម្ភបំផុតមួយដែរ ។
បន្ទាប់ពីពិធីប្រគេន ប្រគល់ និង ទទួលទេយ្យទាន និង អំណោយ នេះទៅ លោករដ្ឋមន្ត្រី វង សូត និង ប្រតិភូម ដែលមានទាំងតំណាងស្ថាប័នជាតិ និង អន្តរជាតិផង ក៏បានអញ្ជើញចុះសួរសុខទុក្ខ និង ពិនិត្យមើលស្ថានភាពប្រជាជននៅតាមផ្ទះ ដែលកំពុងរងគ្រោះដោយទឹកជំនន់នៅក្នុងឃុំ ជ្រោយស្តៅ នេះ និង ពិនិត្យមើលអំពីដំណើរការនានាពាក់ព័ន្ធនឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ផងដែរ ៕ Kh



