Home ព័ត៌មានជាតិ សង្គម ទោះអាកាសធាតុល...

ទោះអាកាសធាតុល្អ ក៏នគរបាលខេត្តកោះកុងត្រៀមចុះសង្រ្គោះពលរដ្ឋ ករណីគ្រោះធម្មជាតិកើតមាន

ដោយ:សុផានីតា/កោះកុង ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានត្រៀមខ្លួនជាស្រេចហើយក្នុងប្រតិបត្តិការចុះជួយសង្រ្គោះ និងជម្លៀសប្រជាពលរដ្ឋ ករណីជួបគ្រោះជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានដែនសមត្ថកិច្ចគ្រប់គ្រង ថ្វីត្បិតអាកាសធាតុអំណោយផល្អយ៉ាងណាក្តីចុះ។

ខណៈបណ្តារាជធានីភ្នំពេញ និងខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង តែសម្រាប់ខេត្តកោះកុងវិញ មិនជួបគ្រោះធម្មជាតិធ្ងន់ធ្ងរអ្វីឡើយ ពោលគឺអាកាសធាតុផលល្អឆ្នាំនេះបម្រើដល់ការរកស៊ីទទួលបានពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះថា រូបលោកបានត្រៀមត្រួតកងកម្លាំង និងសម្ភារៈរួចស្រេចហើយ សម្រាប់អន្តរាគមន៍ជួយសង្រ្គោះ និងជម្លៀសដឹកជញ្ចូនប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព ប្រសិនបើជួបគ្រោះធម្មជាតិប្រការណាមួយនាពេលខាងមុខ។

លោកឧត្តមសេនីយ៍ទោ គង់ មនោ អះអាងបន្ថែមថា ស្នងការនគបាលខេត្ត បានត្រៀមដូចជា៖ កម្លាំងជាច្រើននាក់ រថយន្ត អូរប័រ រថយន្តសង្រ្គោះបន្ទាន់ ម៉ូតូ អាវភ្លៀង និងអាវពោងជាច្រើនសម្រាប់ ដែលត្រៀមចុះអន្តរាគមន៍លើការងាររងផលប៉ះពាល់ ដោយសារតែគ្រោះជំនន់ទឹកភ្លៀងខ្លាំង។

លោកឧត្តមសេនីយ៍ទោ បានវាយតម្លៃបឋមទៀតថា គិតមកទល់ម៉ោងនេះ ពុំសញ្ញាគ្រោះថ្នាក់ជំនន់ទឹកភ្លៀងណាមួយកើតមានក្នុងមូលដ្ឋានក្រុងស្រុកឡើយ ខណ:តាមដានព័ត៌មានគ្រប់ពេលវេលា រីឯកងកម្លាំងនគរបាល ចាំបាច់ប្រចាំការត្រៀមជានិច្ច។ ហើយការត្រៀមកម្លាំងនេះដែរ តបនឹងបញ្ជារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។

បន្ថែមលើនេះ លោកក៏ជំរុញដល់កងកម្លាំងក្រោមឱវាទបន្តផ្សព្វផ្សាយ និងចូលរួមអនុវត្តវិធាការទប់ស្កាត់ជំងឺកូវីដអោយល្អប្រសើរ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ទាក់ទិននឹងការប្រែប្រួលអាកាសធាតុនេះ គឺលោក សុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យខេត្តកោះកុង លើកឡើងថា បច្ចុប្បន្នមូលដ្ឋានរស់នៅពលរដ្ឋក្នុងខេត្តកោះកុង ពុំទាន់មានពលរដ្ឋ ដីស្រែចម្ការ ផ្ទះសម្បែង និងសត្វគោក្របីណាមួយជួបគ្រោះទឹកជំនន់អ្វីឡើយ បើធៀបនឹងបណ្តារាជធានី និងខេត្តដ៏ទៃទៀត។ ពោលគឺគ្រាន់តែមានភ្លៀង និងខ្យល់បន្តិចបន្តួចប៉ុណ្ណោះបណ្តាឱ្យផ្លូវថ្នល់ និងផ្ទះសម្បែងមួយចំនួនខូចខាត ទោះយ៉ាងណាកាកបាទក្រហម និងអាជ្ញាធរជំនាញបានដោះស្រាយជាបន្តបន្ទាប់ហើយដែរ។

ក៏មិនអាចប្រហែសបានទេ លោកអភិបាលរងខេត្តកោះកុង ក៏ចាត់ឱ្យអាជ្ញាធរមូលដ្ឋានតាមដានស្ថានការណ៍អោយជាក់លាក់ មុននឹងចុះអន្តរាគមន៍កម្លាំងជំនាញ ស្បៀងអាហារ និងជម្លៀសពលរដ្ឋទៅរកទីទួលសុវត្ថិភាព ករណីមានគ្រោះមហន្តរាយប្រការណានោះ។

១សប្តាហ៍មកនេះ រាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀត ត្រូវគ្រោះធម្មជាតិជំនន់ទឹកភ្លៀងវាយលុបយ៉ាងខ្លាំងធ្វើឱ្យមនុស្ស លំនៅដ្ឋាន សត្វពាហនៈ ដីស្រែចម្ការ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនស្លាប់ ព្រមទាំងខូចខាតជាហូរហែរ។

ដោយឡែកខេត្តកោះកុង ទទួលរងសម្ពាធព្យុះភ្លៀងណាស់ដែរ តែមិនបង្កឱ្យពលរដ្ឋជួបគ្រោះធ្ងន់ធ្ងរនោះទេ ជាក់ស្តែងតាមវ៉ារីអគ្គិសនីឬស្សីជ្រុំ និងអវារីអគ្គិសនីតាតៃ រាល់ការបើកទ្វារបញ្ចេញ សុទ្ធតែជូនដំណឹងដល់អាជ្ញាធរខេត្ត មន្ទីរជំនាញ និងពលរដ្ឋជាមុនសិន ដើម្បីឱ្យត្រៀមខ្លួនប្រុងប្រយ័ត្ន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular