ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង នៅបណ្តាខេត្ត ជាប់ភាគខាងជើង និងភាគពាយព្យ បឹងទន្លេសាប ដែលជាទឹកធ្លាក់ មកពីតំបន់ជួរភ្នំដងរែក និងមកពីប្រទេសថៃ បន្ទាប់ពីវិសម្ពាធមួយ មានឥទ្ធិពលខ្លាំង លើតំបន់ទាំងនោះរួចមក។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ អមដំណើរដោយតំណាងរាស្ត្រ រដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ ជាប្រធានមុខព្រួញ ក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង នៅតាមបណ្តាភាគខាងជើង និងភាគពាយ័ព្យ ដែលតំបន់ទំនាបខ្លះ កំពុងទទួលរងការលិចលង់ និងប្រឈមនឹងជំនន់ទឹកភ្លៀង ដែលមានបរិមាណទឹកច្រើន លើសលប់ ព្រមពេលនឹងលំហូរទឹក ពីខាងប្រទេសថៃ ដោយសារឥទ្ធិពលប្រព័ន្ធ សម្ពាធទាប និងវិសម្ពាធ ។ ប្រព័ន្ធសម្ពាធទាប ដែលស្ថិតនៅលើប្រទេសកម្ពុជា ធ្វើឱ្យមានភ្លៀងធ្លាក់ បន្តហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ បញ្ហាទឹកជំនន់នេះ ក្រសួងបានតាមដានជាប់ ជាប្រចាំ និងបញ្ជាទៅគ្រប់អ្នកគ្រប់គ្រងទ្វារ នៅតាមបណ្តាអាងទឹក ឱ្យបើកបញ្ចេញ ទឹកចោល ចូលទៅបឹងទន្លេសាប ដើម្បីបញ្ចៀស និងបន្ថយការលិចលង់ តាំងពីបី ថ្ងៃមុន រួចជាស្រេច និងនៅថ្ងៃនេះ បានសម្រេចឱ្យមន្ទីរធនធានទឹក ខេត្តឧត្តរមានជ័យ ប្រើគ្រឿងចក្រ កាត់តួទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ប្រវែង ២០ ម៉ែត្រ ដើម្បីកាត់បន្ថយបិរមាណទឹក ប៉ះពាល់ និងលិចលង់ ដល់លំនៅដ្ឋានប្រជាពលរដ្ឋ នៅក្បែរទំនប់នេះ។
លោករដ្ឋមន្ត្រី បានអញ្ជើញទៅពិនិត្យ ទំនប់អាងទឹកត្រពាំងថ្ម ស្រុកភ្នំស្រុក ជាមួយលោក សេរី កុសល តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានពិនិត្យ ស្ថានភាពទឹក នៅក្នុងខេត្តសៀមរាប រួច ។ អាងត្រពាំងថ្ម មានសមត្ថភាពស្តុកទឹក ទុកបានប្រមាណជា ១៨០ លានម៉ែត្រគូប កំពុងត្រូវបានយកចិត្តទុកដាក់ ការពារយ៉ាងខ្លាំង ក្នុងពេលទឹក កំពុងតែហូរចូលក្នុងផ្ទៃអាង និងបើកបញ្ចេញចូលទៅ បឹងទន្លេសាប ចំពោះបរិមាណទឹក ដែលលើសពីតម្រូវការ។
នៅរសៀល ថ្ងៃដដែល លោករដ្ឋមន្ត្រី ក៏បានអញ្ជើញទៅពិនិត្យ ស្ថានភាពទឹកធ្លាក់ មកពីប្រទេសថៃ តាមច្រកអូរល្ហុង នៅអាងទឹកអូរខៃដន ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានទឹកហូរធ្លាក់មកខ្លាំង បន្ទាប់ពីមានភ្លៀង ធ្លាក់បន្តបន្ទាប់ ដល់កម្រិតជាង ៦០០ មីលីម៉ែត្រ នៅតំបន់ផ្ទៃ រងទឹកភ្លៀង នៅតំបន់នោះរួចមក៕/V