នាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃចន្ទទី១៩តុលាបានអំពាវនាវអោយមានកិច្ចប្រជុំសភាពិសេសមួយ នៅពេលពួកអ្នកតវ៉ាប្រឆាំងមានផែនការធ្វើការជួបជុំបន្តទៀតដើម្បីទាមទារអោយលោកចុះចេញពីតំណែង ដោះលែងសកម្មជននិកែទំរង់របបរាជានិយមអាស្រ័យធម្មនុញ្ញថៃ។
សូមបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់ភាគច្រើនជាអ្នកប្រឆាំងតវ៉ាវ័យក្មេងៗ បាននាំគ្នាចេញមកតាមដងផ្លូវនៃក្រុងបាងកកនិងបណ្តាខេត្តរបស់ថៃ នៅមួយសប្តាហ៍មកនេះដោយផ្គើននឹងច្បាប់គ្រាអាសន្នមួយដែលហាមការជួបជុំនយោបាយចាប់ពីមនុស្ស៥នាក់ឡើង។
ប៉ូលិសបាននិយាយថា មនុស្សប្រមាណ២០.០០០នាក់បានចេញមកប្រឆាំងតវ៉ាក្នុងទីក្រុងបាងកកកាលពីថ្ងៃអាទិត្យទី១៨តុលា តែពួកសកម្មជនអះអាងថា ចំនួនច្រើនជាងនេះ។
ការធ្វើបាតុកម្មនៅតែបន្ត ទោះបីជាមានការចាប់ខ្លួនអ្នកតវ៉ារាប់សិបនាក់និងមេដឹកនាំរបស់ពួកគេ ការប្រើប្រាស់ការបាញ់ទឹក និងការបិទប្រព័ន្ធផ្លូវរថភ្លើងជាច្រើននៅទីក្រុងបាងកកដើម្បីបង្ក្រាបសកម្មភាពតវ៉ានៅតាមដងផ្លូវអស់ រយៈពេល៣ខែមក ក៏ដោយ។
ចលនាតវ៉ាប្រឆាំងដែលដឹកនាំដោយយុវជននេះបានទទួលរងការវាយបង្ក្រាបខ្លាំងនៅសប្តាហ៍មុនដោយមនុស្សច្រើននាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីក្រុមបាតុករបានឡោមព័ទ្ធក្បួនដង្ហែស្តេចនិងបានសម្តែងកាយវិការគោរពលទ្ធិប្រជាធិប្បតេយ្យដោយលើកម្រាមដៃ៣ចំពោះព្រះមហាក្សត្រីយានីស៊ូធិតា។
រដ្ឋាភិបាលបានប្រតិកម្មជាមួយនឹងវិធានការក្នុងគ្រាអាសន្នដោយរួមទាំងការហាមឃាត់ការប្រមូលផ្តុំមនុស្សចាប់ពី៥ នាក់ឡើងទៅនៅទីក្រុងបាងកកនិងមានការចាប់ខ្លួនក្រុមមេដឹកនាំបាតុកម្មដែលអំពាវនាវឱ្យដកនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចាចេញពីតំណែង។
ក្រុមអ្នកច្បាប់ថៃសម្រាប់សិទ្ធិមនុស្សបាននិយាយថាក្រុមអ្នកតវ៉ាយ៉ាងតិចណាស់ចំនួន៨០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃទី១៣ខែតុលាមក ដោយអ្នកតវ៉ា២៧នាក់កំពុងត្រូវបានឃុំខ្លួននៅឡើយ។
នៅពេលពួកអ្នកប្រឆាំងតវ៉ា ត្រៀមធ្វើការជួបជុំជាថ្មីនៅថ្ងៃចន្ទ នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន អូចា បាននិយាយថាសភាដែលបច្ចុប្បន្នឈប់សម្រាក នឹងត្រូវកោះហៅមកបើកកិច្ចប្រជុំពិសេសដើម្បីពិភាក្សារកវិធីកាត់បន្ថយភាពតានតឹង។
លោកបានប្រាប់អ្នកយកព័ត៌មានថា «យើងគាំទ្រការបើកសម័យប្រជុំពិសេសមួយដើម្បីដោះស្រាយជម្លោះនេះ។ខ្ញុំស្នើអោយពួកអ្នកប្រឆាំងតវ៉ាធ្វើការជួបជុំដោយសន្តិវិធី។រដ្ឋាភិបាលបានសម្របសម្រួលដល់កំរិតមួយហើយ»។
ចលនាគ្មានមេដឹកនាំនេះ កំពុងទាមទារអោយលោកប្រាយុទ្ធ ចុះចេញពីតំណែង ព្រមទាំងសរសេររដ្ឋធម្មនុញ្ញឡើងវិញមុនធ្វើការបោះឆ្នោតជាថ្មី។តែការទាមទារប្រទូសរ៉ាយបំផុតនេះ គឺពួកគេសុំអោយរបបរាជានិយមសព្វថ្ងៃកែទំរង់ ដោយសារតែពួកគេយល់ថា ស្តេចសព្វថ្ងៃមានទ្រព្យធននិងអំណាចច្រើនហួសហេតុពេក។ពួកគេក៏ចង់អោយលុបចោលច្បាប់ប្រមាថស្តេច ដែលការពាររាជវង្សពីការរិះគន់ មានតម្លាភាពឡើងអំពីហិរញ្ញវត្ថុរាជវាំង និងសុំអោយព្រះមហាក្សត្រគង់នៅផុតពីនយោបាយ។
ចលនានេះទំនងជាទទួលបានការទាក់ទាញទូទាំងប្រទេសថៃ ដោយការតវ៉ាប្រឆាំងតូចៗក៏ត្រូវបានរៀបចំធ្វើចាប់ពីខេត្តភូកេត ដល់ខុនឃែននិងឈៀង ម៉ៃ ឈៀងរ៉ៃនៅភាគខាងជើងប្រទេសកាលពីថ្ងៃ១៨តុលា។
វាបានកើនសម្ទុះចាប់តាំងពីខែកក្កដា តែកើនឡើងនិងប្រទូសរ៉ាយខ្លាំងកាលពីសប្តាហ៍មុន នៅពេលអ្នកប្រឆាំងតវ៉ាមួយក្រុម បានចោមរោមក្បួនរថយន្តស្តេចហើយលើកម្រាមដៃ៣ជានិមិត្តរូប«ប្រជាធិបតេយ្យ» ដាក់មហាក្សត្រិយានី ស៊ូធិតា។ឥឡូវដោយសារលើកម្រាមដៃដាក់ស្តេចបែបនេះ សកម្មជន២នាក់ប្រឈមការចោទប្រកាន់ពីបទរំលោភសេរីភាពរបស់មហាក្សត្រិយានី និងអាចជាប់គុក១ជីវិត។
ការប្រឆាំងតវ៉ាកាន់តែប្រឈមមុខគ្នាឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុននៅពេលប៉ូលិសបាញ់ទឹកលាយជាតិគីមីដើម្បីបំបែកហ្វូងបាតុកម្ម។
កាលពីថ្ងៃ១៩តុលា លោកប្រាយុទ្ធ បានព្រមានថា រដ្ឋាភិបាលចាំបាច់ត្រូវការពាររបបរាជានិយម ដោយ«នេះជាភារកិច្ចរបស់ប្រជាជនថៃទាំងអស់»៕ប្រែសម្រួល៖វាសនា

អ្នកប្រឆាំងតវ៉ាថៃរាប់ម៉ឺននាក់ចេញមកតវ៉ាប្រឆាំងអស់ពេល៥ថ្ងៃជាប់គ្នាចាប់តាំងពីរដ្ឋាភិបាលប្រកាសប្រើច្បាប់ហាមការជួបជុំនយោបាយសំរាប់មនុស្សចាប់ពី៥នាក់ឡើង