​អត្ថ​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​នាយករង​រដ្ឋបាល​និង​មន្ត្រីរាជការ​នៃ​សាលា​ខេត្តកោះកុង​បាន​សំណូម​ដល់​ក្រុមមន្ត្រី​បង្គោល​នៅតាម​បណ្តា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ចាំបាច់​ធ្វើ​យ៉ាង​រួម​សហការគ្នា​ផ្តល់ព័ត៌មាន ឬ​ប្រើប្រាស់​បណ្តាញ​សង្គម​ឱ្យបាន​ត្រឹមត្រូវ​។​

​ក្នុង​វគ្គ​ផ្សព្វផ្សាយ​ផ្សព្វផ្សាយ​វឌ្ឍនភាព​ព័ត៌មាន​និង​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​រដ្ឋបាល​សាលាខេត្ត លោក អ៊ុក សុ​តា នាយករង​រដ្ឋបាលខេត្ត​កោះកុង​បាន​ថ្លែង​នៅ​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០២០​ថាៈ​បច្ចុប្បន្ន ជា​យុគ្គសម័យ​ទំនើបកម្ម​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា​។ ជាពិសេស​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា ឌីជីថល​តែម្តង សម្រាប់​ការទាក់ទង ការបង្កើត​របរជំនួញ រៀបចំ​កិច្ចប្រជុំ​សន្និបាត​វេទិកាសាធារណ​ឬ​ការសិក្សា​ស្រាវជ្រាវ​។​ល​។​សុទ្ធតែ​ប្រើប្រាស់​ប្រព័ន្ធ​អាយ​ធី​( IT)​ទាំងអស់​។​

​លោក​នាយករង​រដ្ឋបាល​ខេត្ត​បន្ថែមទៀតថាៈ​តាម​គោលការណ៍​ណែនាំ​របស់​លោកស្រី​មិថុនា​ភូ​ថង​អភិបាលខេត្ត​កន្លងទៅ​ដើម្បី​ចែករំលែក​ទៅដល់​សាធារណជន​អំពី​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​នៃ​មន្ទីរ​អង្គភាព​របស់ខ្លួន​ជាមួយនឹង​កិច្ចសហការ​ជាប្រចាំ​ជាមួយ​ក្រុមការងារ​ថ្នាក់​ខេត្ត​ក្នុង​កិច្ចសម្របសម្រួល​បច្ចេក​ទេស​។​ដូច្នេះ​លោក​ស្នើឱ្យ​មន្ត្រី​បង្គោល​ទាំងអស់​យកចិត្តទុកដាក់​ខ្ពស់​ចែករំលែក​ផ្តល់ព័ត៌មាន​ចំណេះដឹង​ជូន​គ្នា​ទៅវិញទៅមក​ក្នុង​ជួរ​មន្ត្រីរាជការ​ដោយ​ឈរលើ​គោលដៅ​ប្រើប្រាស់​បណ្តាញ​សង្គម​ឱ្យបាន​ល្អ​ត្រឹមត្រូវ​និង​មាន​ប្រយោជន៍​សម្រាប់​អង្គភាព​របស់ខ្លួន​។

​កន្លងទៅ មន្ទីរ អង្គភាព​ជុំវិញ មាន​វេ​ប​សាយ ឬ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​រៀងៗ​ខ្លួន​ក៏ពិតមែន ។​តែ​កម្រិត​នៃ​ការទទួល​ព័ត៌មាន​តិចតួច​នៅឡើយ​ដោយ​មន្ត្រី​បង្គោល​អនុវត្ត​ផ្ទាល់​បង្ហោះ​ព័ត៌មាន​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​លើ​វេ​ប​សាយ​របស់​រដ្ឋបាលខេត្ត​តែម្តង​ដែល​ក្រសួងមហាផ្ទៃ ក្រសួង​ប្រៃសណីយ៍​និង​ខេត្ត​ផ្តល់ជូន​។​ជៀសវាង​ការ​បង្ហោះ​ព័ត៌មាន​ណា​ដែល​មិន​ត្រឹមត្រូវ​បណ្តា​ឱ្យ​ជួប​បញ្ហា​ប្រឈម​ប្រការ​ណាមួយ​។​

​លោក​អ៊ុក​សុ​តា​ចាត់ទុកថា​ការរៀនសូត្រ​ពីបទ​ពិសោធន៍​បរទេស​អាចឱ្យ​យើង​ទទួលបាន​ទស្សនៈទាន​ថ្មីៗ ក៏ប៉ុន្តែ​ការរៀនសូត្រ​ផ្ទាល់​ពីគ្នា​ទៅវិញទៅមក មិន​ត្រឹមតែ​ផ្តល់ជូន​ទស្សនទាន​ថ្មីៗ​ប៉ុណ្ណោះ​ទេ ។​តែ​អាច​ផ្តល់នូវ​ចំណេះដឹង​ដែល​ត្រូវ​នឹង​បរិបទ​នៃ​យុគ្គសម័យ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះដែរ​។

​បន្ថែម​លើ​នេះ លោក អ៊ុក សុ​តា សង្ឃឹម​យ៉ាង​មុតមាំ​ថា ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ពិតជា​ជួយ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សកម្មភាព​មន្ត្រី​បង្គោល​ទាំងអស់ ទាំង​ធនធានមនុស្ស ធនធាន​សម្ភារៈ​បច្ចេក​ទេស ព្រមទាំង​ការលើកទឹកចិត្ត​នានា​ផងដែរ​។​ដើម្បី​សម្រេចបាន​នូវ​ការផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​កាន់តែ​រហ័ស​ទូលំទូលាយ​និង​ឆ្លើយតប​បកស្រាយ​ទាន់ពេលវេលា​ថែមទៀត​។​


​កន្លងទៅ រដ្ឋបាល​ខេត្តកោះកុង ធ្លាប់បាន​បណ្តុះបណ្តាល​ដ​ល់​មន្ត្រី​ថ្នាក់ដឹកនាំ​ក្រុង​ស្រុក​រួចរាល់ ដើម្បី​យល់ដឹង​ពី​របៀប​គ្រប់គ្រង វិធី​ការពារ និង​ផ្ទៀងផ្ទាត់​មុននឹង​បង្ហោះ​ព័ត៌មាន​ចេញ​សាធារណៈ ក្រោម​ការពិនិត្យ​តាមដាន​កម្រិត​ព័ត៌មាន ករណី​មិន​ពុំបាន​បង្ហោះ​ព័ត៌មាន រដ្ឋបាលខេត្ត​កោះកុង​នឹង​ស្វែងរក​ដំណោះស្រាយ​ជូន​មន្ត្រី​បង្គោល​បន្ត​៕S/​