ដោយ: ផាត ចាន់សុនិតា/ភ្នំពេញៈលោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជាបានដឹកនាំគណៈប្រតិភូចំនួន១២រូប មកធ្វើទស្សនកិច្ចនៅការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និង បណ្ណាល័យសម្តេចម៉ែ នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

ប្រទេសបារាំង គឺជាប្រទេសមួយដែលគាំទ្រក្នុងការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម។ បើគិតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បារាំងបានផ្តល់ថវិកាចំនួន៩,៨៨លានដុល្លារអាម៉េរិក នៅក្នុងដំណើរការកាត់ទោសនេះ។
ភាសាបារាំង ក៏មានតួនាទីសំខាន់នៅក្នុងការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែរ។ ឯកសារទាក់ទងនឹងរបបខ្មែរក្រហមមួយចំនួន រួមទាំងសៀវភៅ និងព្រឹត្តិបត្រ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាភាសាបារាំង។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបកប្រែសៀវភៅប្រវត្តិសាស្ត្រធំមួយ កម្រាស់៥៤៩ទំព័រ ដែលមានចំណងជើងថា «HISTOIRE DU CAMBODGE: Depuis Le 1er Siècle de Notre Ère Adhemard Leclère» (ប្រវត្តិសាស្ត្រកម្ពុជា ចាប់តាំងពីទសវត្សរ៍ទី១រហូតមក) ពីភាសាបារាំងមកជាភាសាខ្មែរ ហើយបានចែកជូនសិស្សានុសិស្សព្រមទាំងគរុសិស្សនៅទូទាំងប្រទេសកម្ពុជារហូតមកទល់សព្វថ្ងៃនេះ។ សៀវភៅប្រវត្តិសាស្ត្រកម្ពុជានេះ គឺជាឯកសារក្បោះក្បាយនិងមានសារប្រយោជន៍យ៉ាងខ្លាំង ក្នុងការជួយដល់អ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាបច្ចុប្បន្ន។

មជ្ឈមណ្ឌលឯកសារកម្ពុជាសហការជាមួយសិល្បករសេរ៉ាអ៊ឹងក្នុងការសាងសង់រូបចម្លាក់ដើម្បីរំឭកការចងចាំអំពីជនរងគ្រោះនៃរបបខ្មែរក្រហមដែលទទួលបានជំនួយឧបត្ថម្ភពីស្ថានទូតបារាំងប្រចាំនៅកម្ពុជានិងជាផ្នែកមួយនៃគម្រោងសំណងរបស់តុលាការខ្មែរក្រហម។ រូបចម្លាក់នេះមានឈ្មោះថា “សម្រាប់អ្នកដែលលែងនៅទីនេះទៀតហើយ” ដែលបច្ចុប្បន្នត្រូវបានដាក់តាំងនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
ជាកិច្ចចាប់ផ្តើមនៃដំណើរទស្សនកិច្ចភ្ញៀវកិត្តិយសបានធ្វើដំណើរមកកាន់ការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលជាទីតាំងចងក្រងនិងរក្សាទុកឯកសារពីសម័យខ្មែរក្រហម។មជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្តល់ឯកសារជាង៥សែនឯកសារ ទៅដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
លោកស្រីសូហ្វារីណានាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជបានបង្ហាញដល់ប្រតិភូអំពីការងារបច្ចុប្បន្នរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលមានទីតាំងចំនួន១០ បាននិងកំពុងបន្តអនុវត្តនៅទូទាំងប្រទេសកម្ពុជា។ លោកស្រីក៏បានបកស្រាយអំពីកេរដំណែលស្នូលទាំង៣របស់មជ្ឈមណ្ឌលឯកសារកម្ពុជា រួមមានយុត្តិធម៌, ការចងចាំ និងការផ្សះផ្សា។

បន្ទាប់មក លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបាននាំប្រតិភូកិត្តិយសបន្តធ្វើទស្សនកិច្ចទៅកាន់ “បណ្ណាល័យសម្តេចម៉ែ នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាអគារមួយសាងសង់ឡើងក្នុងឆ្នាំ១៩២៥ នាអំឡុងសម័យអាណាព្យាបាលបារាំង។ ប្រជាជនទូទៅតែងតែហៅសំណង់ស្ថាបត្យកម្មប្រភេទខាងលើថាជា “ផ្ទះបារាំង” ដោយសារតែសំណង់ទាំងនេះសាងសង់ឡើងតាំងពីមុនពេលប្រទេសកម្ពុជាទទួលបានឯករាជ្យ។ អ្នកសិក្សាមួយចំនួនបានលើកឡើងថា “ផ្ទះទម្រង់បែបនេះ គឺជាផ្ទះខ្មែរក្នុងជំនាន់អាណាព្យាបាលបារាំង”។ លោក ឆាំង យុ បានរចនាកែលម្អអគារបណ្ណាល័យតាមបែបសហសម័យ ដោយរក្សាទុកនូវទ្រង់ទ្រាយដើម ដើម្បីបង្កើនសោភ័ណភាពឲ្យបានស័ក្តិសមនឹងព្រះបរមនាមរបស់សម្តេចម៉ែ។
លោក ឆាំង យុ និងលោកបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស អតីតអ្នកសរសេរជីវប្រវត្តិសម្តេចព្រះបរមរតនកោដ្ឋ បានផ្តល់ព័ត៌មានយ៉ាងពិស្តារ អំពីពិព័រណ៍ចម្បងចំនួនពីរគឺ ព្រះឆាយាលក្ខណ៍សម្តេចព្រះបរមរតនកោដ្ឋ និងការរចនាប្លង់អគារវិទ្យាស្ថានស្លឹករឹតរបស់លោកស្រី ហ្សាហា ហាឌីដ ដែលជាស្ថាបត្យករស្ត្រីដ៏កម្រនិងល្បីល្បាញកម្រិតពិភពលោក។ វិទ្យាស្ថានស្លឹករឹត គឺជាកេរដំណែលនៃការផ្សះផ្សាដែលមជ្ឈមណ្ឌលឯកសារកម្ពុជារំពឹងទុកថា នឹងអាចមានការគាំទ្រសាងសង់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ បន្ទាប់មក ប្រតិភូកិត្តិយសបានទស្សនាបរិក្ខារតម្កល់ទុក និងអភិរក្សឯកសាររបស់ «បណ្ណាល័យសម្តេចម៉ែ»។

នៅចុងបញ្ចប់ប្រតិភូកិត្តិយសនិងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានពិភាក្សាលើប្រធានបទស្តីពីសំណងជនរងគ្រោះនៃរបបខ្មែរក្រហម និងឯកសារដែលបន្សល់ទុកក្រោយពេលតុលាការបញ្ចប់ប្រតិបត្តិការ។ មជ្ឈមណ្ឌលឯកសារកម្ពុជាសង្ឃឹមថានឹងអាចបន្តការងារកាន់តែស្អិតរមួតជាមួយនឹងរដ្ឋាភិបាលបារាំងក៏ដូចជាស្ថានទូតបារាំងប្រចាំនៅកម្ពុជាក្នុងការប្រមែប្រមូលឯកសារបន្តទៀតនិងថែរក្សាទុកឯកសារតុលាការខ្មែរក្រហមក្រោយពេលដែលតុលាការនេះបញ្ចប់ទៅ។
នៅក្នុងកិច្ចពិភាក្សា អ្នកចូលរួមបានលើកឡើងអំពីគម្រោងថែទាំសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ប្រជាជនកម្ពុជាដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សរុបមានចំនួនប្រមាណ៥លាននាក់។ បច្ចុប្បន្ន ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយិកាមកពីប្រទេសហ្វីលីពីន ក្នុងការផ្តល់សេវាថែទាំសុខភាពផ្លូវកាយជូនដល់អ្នករស់រានមានជីវិតទាំងអស់នេះ នៅតាមភូមិឋានមួយចំនួន។

លោកស្រីឯកអគ្គរដ្ឋទូតអេវ៉ាង្វៀងប៊ិញតំណាងឲ្យប្រតិភូកិត្តិយសនិងស្ថានទូតបារាំងនៅកម្ពុជាបានចារចំណារអនុស្សារីយ៍លើសៀវភៅក្រាំងមាសរបស់ “បណ្ណាល័យសម្តេចម៉ែ”ដែលមានអត្ថន័យដូចតទៅ៖
“ក្រុមការងាររបស់ខ្ញុំ និងរូបខ្ញុំផ្ទាល់សូមអរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោក ឆាំង យុ និងក្រុមការងាររបស់លោក សម្រាប់ដំណើរទស្សនកិច្ចដ៏គួរឲ្យចាប់អារម្មណ៍និងរំជួលចិត្តមួយនេះ។ នៅពីក្រោយដំណើរទស្សនកិច្ចខាងលើ មានការអនុវត្តការងារយ៉ាងសស្រាក់សស្រាំដើម្បីរក្សាការចងចាំ ការសិក្សាយល់ដឹង និងការចែករំលែកទៅកាន់អ្នកដទៃ ដែលនេះគឺជាកាយវិការដ៏មានតម្លៃបំផុត។ ខ្ញុំសូមសម្តែងអំណរសាទរយ៉ាងក្រៃលែងចំពោះការងារដ៏មានសារប្រយោជន៍មហិមាសម្រាប់សង្គមជាតិកម្ពុជា”៕សរន








