ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីច (Zlatan Ibrahimovic) អះអាងថា ក្រុម AC Milan អាចប្រជែងយកពាន ជើងឯក Serie A បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុម Inter Milan កាលពីយប់ថ្ងៃសៅរ៍។
ការរកបានពីរគ្រាប់នៅក្នុងតង់ទី១ របស់កីឡាករសញ្ជាតិស៊ុយអែតរូបនេះដែលបានវិលត្រលប់ មកបង្ហាញមុខជាលើកដំបូង ចាប់តាំងពីឆ្លងវីរុសកូរ៉ូណានោះគឺគ្រប់គ្រាន់សម្រាប់ក្រុម AC Milan ដើម្បីយកឈ្នះគូប្រជែងចាស់របស់ខ្លួននៅក្នុងលីកក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។
អ៊ីប្រាហ៊ីម៉ូវីច ដែលទើបនឹងសម្រេចចិត្តបន្តអាជីពមួយឆ្នាំទៀតនៅអ៊ីតាលីបន្ទាប់ពីចំណាយពេល មួយរយៈនៅក្លឹប LA Galaxy នោះ មានការជឿជាក់ពេញលេញថា ក្រុម AC Milan អាចនឹង មានរដូវកាលមួយដែលត្រូវចង់ចាំ បន្ទាប់ពីធ្វើបានល្អនៅពហុកីឡាដ្ឋាន San Siro ។
អ៊ីប្រាហ៊ីម៉ូវីច បាននិយាយថា “ក្រុម AC Milan មិនធ្លាប់ឈ្នះក្រុម Inter រយៈពេលបួនឆ្នាំមក ហើយ។ ខ្ញុំដាក់ខ្លួនដាច់ដោយឡែកក្នុងផ្ទះរយៈពីរសប្តាហ៍ ដូច្នេះខ្ញុំពិតជាស្រេកឃ្លានជ័យជម្នះ”។
អ៊ីប្រាហ៊ីម៉ូវីច បន្តថា “ខ្ញុំខកចិត្តដែលគ្រាប់បាល់ប៉េណាល់ទីរបស់ខ្ញុំត្រូវបានសង្គ្រោះ ប៉ុន្តែសំខាន់ គឺថា ក្រុមយើងអាចរកបានជ័យជម្នះ។ ខ្ញុំគឺជាកីឡាករវ័យចំណាស់ជាងគេក្នុងក្រុម។ ខ្ញុំមាន អារម្មណ៍ថា មានការទទួលខុសត្រូវច្រើន ហើយខ្ញុំពេញចិត្តអារម្មណ៍បែបនេះ”។
អ៊ីប្រាហ៊ីម៉ូវីច បានបន្ថែមថា ខ្លួនអាចវិលត្រឡប់ទៅរកកម្រិតលេងកំពូលវិញ បើទោះ បីជា តេស្តឃើញវិជ្ជមានវីរុសកូរ៉ូណាក៏ដោយហើយកីឡាកររូបនេះមានចេតនាបន្តលេងនៅកម្រិត កំពូលក្នុងវ័យ៣៩ឆ្នាំ៕ ប្រែសម្រួល: ពិសិដ្ឋ
