​ជប៉ុន​និង​វៀតណាម​នៅ​ពី​ថ្ងៃ​ចន្ទ​ទី​១៩​ខែតុលា​បាន​ព្រមព្រៀង ដើម្បី​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ​និង សេដ្ឋកិច្ច ដោយ​រួមទាំង​កិច្ចព្រមព្រៀង​ជា​គោលការណ៍​សម្រាប់​ជប៉ុន​ដើម្បី​នាំចេញ​គ្រឿង​​សម្ភារ​និង​បច្ចេកវិទ្យា​យោធា​ទៅ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា​(Yoshihide Suga) នាយករដ្ឋមន្ត្រី​ជប៉ុន បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ជំនួប​ជាមួយ​សម​ភាគី​វៀតណាម​របស់​លោក​គឺ​លោក ង្វៀន សួន ហ្វ៊ុក នៅ​ទី​​ក្រុង​ហាណូយ ថា ” វា​ជា​ការបោះ​ជំហាន​ដ៏​ធំ​មួយ​នៅក្នុង​វិស័យ​សន្តិសុខ សម្រាប់​ប្រទេស​ទាំង​២​ដែល​យើង​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជា​គោលការណ៍​ស្តីពី​ការផ្ទេ​រគ្រឿង​សម្ភារ​យោធា​និង​បច្ចេកវិទ្យា​”​។

​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​បន្ថែមថា​” វៀតណាម​ដែល​កំពុង​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ​មាន​សារសំខាន់​ណាស់​ក្នុងការ​ធ្វើ​អោយ​សម្រេចបាន​តំបន់​” ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ “​មួយ​។​

​នៅក្នុង​ពេល​ធ្វើ​សន្និសីទកាសែត​រួម​ជាមួយ​លោ​យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា លោក ង្វៀន សួន ហ្វ៊ុក​បាន​និយាយថា ” មេដឹកនាំ​ទាំង​២​ក៏​បាន​ឯកភាព​លើ​សារៈសំខាន់​នៃ​ការថែរក្សា​សន្តិភាព សន្តិសុខ​និង​សេរីភាព​​នៃ​ការធ្វើ​នាវាចរណ៍​និង​ការហោះហើរ​លើ​សមុទ្រ​ចិន​ខាងត្បូង និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។​

​លោក ង្វៀន សួន ហ្វ៊ុក​បាន​និយាយថា ” វៀតណាម​ស្វាគមន៍​ជប៉ុន ដែល​ជា​មហាអំណាច​មួយ​នៅ​លើ​ពិភពលោក ដើម្បី​បន្ត​ចូលរួមចំណែក​យ៉ាង​សកម្ម​ដល់​សន្តិភាព ស្ថិរភាព​និង​វិបុលភាព​ក្នុង​តំបន់​និង​​ពិភពលោក​” ។​

​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា ដែល​បាន​ឡើងកាន់​តំណែង​កាលពី​ខែ​មុន​បន្ទាប់ពី​លោក​ស៊ីន ហ្សូ​អាបេ​បាន​លាឈប់ ដោយសារ​បញ្ហា​សុខភាព​នោះ កំពុង​ចាប់ផ្តើម​ការទូត​ក្រៅប្រទេស​ជា លើកដំបូង​របស់​លោក​​នៅ​សប្តាហ៍​នេះ​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច ទៅកាន់​ប្រទេស​អាស៊ី​អាគ្នេយ៍​ដ៏​សំខាន់​គឺ​ប្រទេស​វៀតណាម​និង​ឥណ្ឌូនេស៊ី​៕​ប្រែ​សម្រួល​៖​សុខា/sn​

​លោក​យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា (​រូប​ឆ្វេង​) ចាប់​ដៃ​ជាមួយ លោក​ង្វៀន សួន ហ្វ៊ុ​កក្នុងអំឡុង​ជំនួប​ពិភាក្សានៅ​វិមាន​រដ្ឋាភិបាល​នៅ​ទីក្រុង​ហាណូយ​នៅ​ថ្ងៃទី​១៩​ខែ​តុលា​នេះ​