ក្លឹប Brighton បានចុះកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ ឌែននី វែលបេក (Danny Welbeck) ដោយឥតតម្លៃខ្លួនផ្ទេរ ក្នុងកិច្ចសន្យាលេងរយៈពេលមួយឆ្នាំ។
វែលបេក ជាអតីតខ្សែប្រយុទ្ធក្លឹប Manchester United និងក្លឹប Arsenal មិនជាប់កិច្ចសន្យាជាមួយ ក្រុមណាមួយទេ បន្ទាប់ពីចាកចេញពីក្លឹប Watford ហើយកិច្ចសន្យារបស់កីឡាកររូបនេះ ត្រូវបាន លុបចោលដោយមានការព្រមព្រៀងទាំងសងខាង។
វែលបេក នឹងពាក់អាវលេខ១៨ សម្រាប់ក្រុម Brighton ហើយអាចនឹងបង្ហាញមុខលើកដំបូង របស់ខ្លួនសម្រាប់ជំនួបជាមួយក្រុម West Brom នៅថ្ងៃទី២៦ ខែតុលា។
លោក ហ្គ្រាហាំ ផតធើ (Graham Potter) អ្នកចាត់ការរបស់ក្លឹប Brighton បាននិយាយថា “យើងរីករាយដែល វែលបេក មកចូលរួមជាមួយយើង។ គាត់នឹងបន្ថែមជម្រើសប្រយុទ្ធរបស់ យើងដែលមានស្រាប់”។
លោកបន្តថា “គាត់លឿននិងមានបច្ចេកទេសល្អ។ គាត់នឹងបន្ថែមកម្លាំងប្រយុទ្ធហើយយើង រីករាយនឹងបន្ថែមកីឡាករដែលមានបទពិសោធម្នាក់ទៀត”។
កីឡាករវ័យ២៩ឆ្នាំរូបនេះនឹងបន្ថែមជម្រើសដល់តំបន់ប្រយុទ្ធរបស់ក្រុម Brighton ដែលរួមមាន នីល ម៉ូផេយ និង អ៊ែរិន ខុនណូលី៕ ប្រែសម្រួល: ពិសិដ្ឋ
