លោក ហ្ស៊ីណេឌីន ហ្ស៊ីដាន (Zinedine Zidane) បាននិយាយថា លោកគ្មានលេសចំពោះបរាជ័យ ១-០ ដោយសារក្រុម Cadiz ខណៈលោកកំពុងបារម្ភដោយសារប្រធានក្រុម សឺជីអូ រ៉ាម៉ូស (Sergio Ramos) មានរបួស។
គ្រាប់បាល់របស់កីឡាករ អែនថូនី ឡូហ្សាណូ (Anthony Lozano) បន្ទាប់ពីចាប់ ផ្តើមបាន១៥នាទី គឺល្មមនឹងផ្តល់ជ័យជម្នះដល់ក្រុម Cadiz ដែលទើបឡើងមកថ្មី ហើយវាគឺជាបរាជ័យលើក ដំបូងរបស់ក្រុម Real Madrid នៅក្របខណ្ឌ La Liga ក្នុងរដូវកាលនេះ។
ប្រព័ន្ធប្រយុទ្ធរបស់ក្រុម Real ហាក់ដូចជាគ្មានប្រសិទ្ធភាពសោះចំណែកតំបន់ការពារក៏រឹតតែ ផុយស្រួយ ស្របពេលប្រធានក្រុម រ៉ាម៉ូស សាងកំហុសដែលបណ្តាលឲ្យរបូតគ្រាប់បាល់ផងដែរ ហើយមិនបានបង្ហាញមុខនៅតង់ទី២ទេ ដោយសារតែរបួសក្បាលជង្គង់។
លោក ហ្ស៊ីដាន បាននិយាយថា “យើងត្រូវតែទទួលយកបរាជ័យនេះ។ យើងមិនសប្បាយចិត្ត នឹងខ្លួនយើងទេ។ យើងពិតជាមិនសប្បាយចិត្តប៉ុន្តែរឿងទាំងនេះវាអាចកើតឡើងគ្រប់ពេល នៅក្នុងវិស័យបាល់ទាត់”។
លោកបន្តថា “ប្រសិនបើអ្នកចាប់ផ្តើមមិនបានល្អ អ្វីៗអាចកាន់តែពិបាក ហើយប្រាកដណាស់ រឿងកើតឡើងយប់នេះ ប៉ុន្តែនេះមិនមែនជាលេសទេ។ យើងចាញ់ការប្រកួតហើយគ្មានអ្វីលើស ពីនេះទេ។ នៅពេលនេះ យើងត្រូវផ្តោតការយកចិត្តទុកដាក់លើការប្រកួតបន្ទាប់ និងព្យាយាម ប្រែក្លាយស្ថានការណ៍”៕ ប្រែសម្រួល: ពិសិដ្ឋ