ដោយៈ វចនានុក្រមខ្មែរសម្តេចសង្ឃរាជ ជួន ណាត
វង្វេង ( កិ. ) ភ្លេចឬភ័ន្តស្មារតី, ភ័ន្តផ្លូវ; ភ័ន្តដំណើរគ្នា; ច្រឡំចាំពុំបាន; ស្រវឹងចិត្តជ្រប់ : វង្វេងកាម ស្រវឹងកាមគុណ ។ វង្វេងគ្នា បែកមិនចួបគ្នាក្នុងវេលាដើរដំណើរ ព្រោះភ័ន្តច្រឡំផ្លូវ ។ វង្វេងចិត្ត ភ័ន្តចិត្ត ។ វង្វេងជាតិ ភ័ន្តកំណើតទៅកើតតាមយថាកម្ម ខុសបំណង ។ វង្វេងទិស ភ័ន្តច្រឡំទិស ។ វង្វេងផ្លូវ ភ័ន្តច្រឡំផ្លូវ ខុសបំណងដែលត្រូវទៅ ។ វង្វេងស្មារតី ភ័ន្តស្មារតីចាំៗភ្លេចៗ ឬបាត់ៗ ឃើញៗ ។ល។
ពង្វក់ ( កិ. ) ធ្វើឲ្យវក់, នាំឲ្យវក់, ធ្វើឲ្យវិលវល់ចិត្តគំនិត : កុំបណ្ដោយឲ្យបាបមិត្តពង្វក់ឲ្យខូច ខួរក្បាល ។ ពង្វក់ពង្វី កិ. នាំឲ្យវក់វី (ម. ព. ពង្វីពង្វក់ ទៀតផង) ។
ពង្វាត ( កិ. ) វាតឲ្យរីកចេញ, ធ្វើឲ្យរីកទូលាយសាយចេញលើសពីទំហំធម្មតា : ពង្វាតមាត្រទូក, ពង្វាតរបង, ពង្វាតដីចម្ការ ។
វារិ ( ន. ) ទឹក (ខ្មែរច្រើនប្រើក្លាយជា វារី) ។ វារិគ័ភ៌ ឬ វារិធរ មេឃ, ពពក ។ វារិគោចរ, វារិចរ សត្វទឹក, មច្ឆជាតិ ។ វារិជាត អ្វីៗដែលដុះក្នុងទឹក; សត្វទឹក ។ វារិធានី ធុងទឹក, ឃ្លាំងទឹក ។
ល្មម ( និ. ) គួរដល់ការ; សម, សមគួរ; ធួន; គ្រប់គ្រាន់, មិនលើសមិនខ្វះ, មិនតិចមិនច្រើន : ល្មមទៅ, ល្មមប្រើការកើត; ល្អល្មម, តូចល្មម ។ល។ ល្មមតែ និ. សមតែ, គួរតែ; បានត្រឹមតែ : ល្មមតែគេស្ដីឲ្យ; ល្មមតែគ្នាបួននាក់ ។ ល្មមមាត់ គួរដល់មាត់ ។
ល្មួត ( គុ. ) ដែលស្អិតជាប់គ្នាល្អួត : ស្អិតល្មួត ។ កិ. វិ. ដែលចាប់ក្រណាន់ ឬចាប់មាំស្អិតមិនងាយ លែង : ធ្វើការល្មួត, ចាប់គ្នាល្មួត, ចាប់សម្ដីគ្នាល្មួត ។
ល្ហើយ ( គុ. ) ត្រជាក់ដោយសម្ផស្សខ្យល់បក់ប៉ះត្រូវ : ខ្យល់បក់មកល្ហើយស្រួល, បក់ផ្លិតឲ្យ ល្ហើយ ។ ព. ប្រ. ល្ហើយចិត្ត រសើបចិត្តឬស្បើយចិត្ត (ម. ព. ល្ហែ ផង) ។
រំហួត ( កិ. )ធ្វើឲ្យហួត : ខ្យល់រំហួតទឹក ។ កិ. វិ. ឬ គុ. ដែលរាំងយូរហួតរីងទឹកអស់ : រាំងរំហួត; ខែរំហួត ។ ន. ការហួត, ការហួតហែង ។
គាមភាសា គាមៈ- បា. ( ន. ) ភាសារបស់អ្នកស្រុកនិយាយតាមទម្លាប់, សំដីស្រុកអ្នកធម្មតា (ម. ព. គ្រាមភាសា ទៀតផង) ។
ផ្សារ ( ន. ) (ក្លាយមកពីពាក្យបរទេសថា ប៊ៈហ្សារ) ទីប្រជុំលក់ទិញរបស់ផ្សេងៗគឺប្រជុំផ្ទះឬរានតូច ធំដែលគេដាក់ទំនិញលក់ដូរ ។ បុរាណ្យប្រើពាក្យនេះថា អាប័ណ (ម. ព. នេះ ផង) ។ ផ្សារផ្សោ ផ្សារស្តុកស្ដម្ភនិងផ្សាររាយរងនៅលាយចម្រុះគ្នា (ព. សា.) ។ ( កិ. ) ភ្ជាប់ភ្ជិតដោយទឹកបន្សារ : ផ្សារឆ្នាំងស្ពាន់, ផ្សារឡតស័ង្កសី ៕ ដកស្រង់ៈ សម្បត្តិកញ្ញា