ដោយៈ ពៅនិមល / ភ្នំពេញៈ ក្រោយពីបានធ្វើការវាយតម្លៃ ជាក់ស្តែង ទៅលើដំណាំដាំដុះ ដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានឱ្យដឹងថាៈ ខេត្តលោក មានតម្រូវការពូជស្រូវ ប្រមាណ ១ ពាន់តោន ខណៈដែលខេត្តបន្ទាយមានជ័យ ត្រូវការចន្លោះពី ១៨០ ទៅ ២០០ តោន ដើម្បីជួយដល់ប្រជាកសិករ ដែលកំពុងជួបប្រទះ គ្រោះមហន្តរាយនេះ។
ប្រាប់កាសែតរស្មី នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានលើកឡើងថាៈ ទំហំផ្ទៃដីដាំដុះ ខេត្តបាត់ដំបង សរុបចំនួនជាង ២១ ម៉ឺនហិកតា ក្នុងនោះផ្ទៃដីដាំដុះស្រូវ រដូវវស្សា សរុបសម្រេចបានជាង ៨៤.០០០ ហិកតា។ លោកបានបន្តថា យោងតាមស្ថានភាពជាក់ស្តែង បន្ទាប់ពីខេត្ត ទទួលជួបគ្រោះទឹកជំនន់ ចំពោះពូជស្រូវ ខេត្តលោក នឹងមានតម្រូវការ រហូតដល់ ១ ពាន់តោន ដោយសារមកទល់ថ្ងៃនេះ តំបន់មួយចំនួន ផ្ទៃដីខូចខាតមានប្រមាណ ២៤.០០០ ហិកតា ប៉ុន្តែក្នុងចំនួននេះ ក៏មិនប្រាកដថា ត្រូវស្តារឡើងវិញដែរ។
ដោយឡែក លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថាៈ “សម្រាបផ្ទៃដីដាំដុះ ក្នុងខេត្តលោក សរុបចំនួនជាង ២៣៥.០០០ ហិកតា។ ឥឡូវនេះ យើងអត់ទាន់ចែក (ពូជស្រូវ) ប៉ុន្តែយើងគ្រោង មានផែនការហើយ យើងនឹងស្តារឡើងវិញ កន្លែងដែលមាន លទ្ធភាពស្រោចស្រព នៅពេលដែលទឹកស្រកទៅវិញ អីចឹងយើងគ្រោងប្រហែលជា ១៨០ ទៅ ២០០ តោន ឥឡូវនេះ យើងប៉ះពាល់ ប៉ុន្តែមិនទាន់មានការ ខូចខាតទេ ដំណាំស្រូវ គឺ ១៥.០០០ ជាងហិកតា ហើយដំឡូងមី ប៉ះពាល់ប៉ះពាល់ជាង ២.០០០ វាខូចហើយ បន្លែបង្កាវាខូចប្រហែលជាង ១០០ ហិកតាជាងហើយ” ។
យោងតាមទិន្នន័យ ផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា នេះ ជំនន់ទឹកភ្លៀង បានបង្កឱ្យមានផលប៉ះពាល់ ដល់ ១៩ រាជធានី-ខេត្ត ស្មើ ៩១ ក្រុង /ស្រុក /ខណ្ឌ ក្នុងនោះប៉ះពាល់ស្រូវ ប្រមាណ ២១៣.២៨៩ ហិកតា និងដំណាំរួមផ្សំ ចំនួន ៧៩.៨៨៨ ហិកតា ដោយសារជនលិចទឹក៕/V