ដោយៈ គូលែន / សៀមរាបៈ នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ នៅ​សាលា​គណ​ខេត្តសៀមរាប មាន​បើក​កិច្ចប្រជុំ ផ្សព្វផ្សាយ​ការប្រឡង​ធម្ម​វិន័យ ភ្ជាប់​ជាមួយ ការប្រឡង​បាលី នៅ​ឆ្នាំ​សិក្សា ២០២០~២០២១ ដោយមាន​ការចូលរួម ពី​ព្រះ​ធម្ម​សិរី អាភាក​រោ ជុំ គឹម​ឡេង ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​សុ​មង្គល​សិលា​ចា​រ្យ ព្រះ​មេគណ​សៀមរាប ។​

​ព្រះ​ធម្ម​សិរី អាភាក​រោ ជុំ គឹម​ឡេង បាន​មាន​សង្ឃដីកា​ថាៈ សាលា​គណ​ខេត្តសៀមរាប ដោយ​សហការ​ជាមួយ មន្ទីរ​ធម្មការ និង​សាសនា ខេត្តសៀមរាប​ បាន​ប្រជុំ​សហការី គណ​ខេត្ត ព្រះ​អនុគណ​ក្រុង ស្រុក ដើម្បី​ផ្សព្វផ្សាយ ការប្រឡង​ធម្ម​វិន័យ ភ្ជាប់​ជាមួយ​ការប្រឡង​បាលី នៅ​ឆ្នាំ​សិក្សា ២០២០~២០២១​។​

ព្រះ​ធម្ម​សិរី អាភាក​រោ ជុំ គឹម​ឡេង ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​សុ​មង្គល​សិលា​ចា​រ្យ ព្រះ​មេគណ​សៀមរាប

​ព្រះ​ធម្ម​សិរី អាភាក​រោ ជុំ គឹម​ឡេង បាន​រំឭក​ដាស់តឿន ព្រះ​អនុគណ​ក្រុង ស្រុក​ថាៈ ឥឡូវនេះ កម្មវិធី​ប្រឡង​ធម្ម​វិន័យ​ត្រី ទោ ឯក រាប់​ពីថ្ងៃ​នេះ ទៅដល់​ថ្ងៃ ១៥ ខែវិច្ឆិកា ជា​ថ្ងៃ​ត្រូវ​ប្រញាប់ប្រញាល់ ឱ្យ​ភិក្ខុ​សាមណេរ ឬ​យុវជន និង​ពុទ្ធបរិស័ទ ដែល​ធ្លាប់បាន​រៀនសូត្រ អាច​និមន្ត អញ្ជើញ​ដាក់ពាក្យ​ប្រឡង តាមរយៈ​សាលា ព្រះ​អនុគណ​រៀងៗ​ខ្លួន​។ ធ្វើយ៉ាងណា កុំឱ្យ​យឺត​ពេលវេលា ដែល​គេ​កំណត់ ឈប់​ទទួល​ពាក្យ​ប្រឡង គឺ​អាស្រ័យ​លើ​សាលា​អនុគណ ជា​អ្នក​ប្រជុំ​ចៅអធិការ តាម​វត្ត ដើម្បី​ផ្តល់ដំណឹង ឱ្យបាន​ទាន់ពេលវេលា​កំណត់​។​

​ព្រះ​ធម្ម​សិរី អាភាក​រោ បាន​មាន​សង្ឃដីកា​បន្តថាៈ សូម​ព្រះ​អនុគណ​គ្រប់​អង្គ មេត្តា​ដាស់តឿន សិស្សគណ​របស់ខ្លួន ប្រយ័ត្ន​ភ្លេច​ស្មារតី ទៅ​ដើរហើរ ជាមួយ ញាតិ​ញោម ចុះ​ស្រង់ទឹក ថត​លេងខ្លួន​ទទេ នេះ​ជាហេតុ​នាំឱ្យ​គេ តិះដៀល​ពួក​អ្នកបួស យើង​បាន ។ ដូច្នេះ សូមមេត្តា​ជួយ​អប់រំ រំឭក​ដាស់តឿន ភិក្ខុ សាមណេរ កុំ​បណ្តោយឱ្យ​ដើរ​ត្រាច់ចរ រហេតរហូត ខ្វះ​អភិសមាចារ ត្រឹមត្រូវ​ឱ្យសោះ​។​

ប្រជុំ​ផ្សព្វផ្សាយ​ ការប្រឡង​ធម្ម​វិន័យ ភ្ជាប់​ជាមួយ​ ការប្រឡង​បាលី​ នៅ​ឆ្នាំ​សិក្សា​២០២០~២០២១ (រូបថតៈ គូលែន​)

​ព្រះ​មេគណ​ខេត្ត បានបញ្ជាក់​ថាៈ បើតាម​ការចុះ​សង្កេតមើល និង​ទទួលដំណឹង មកពី​តាម​ស្រុក​នានា មក​ថាៈ ពុទ្ធបរិស័ទ​យើង ជួប​ការលំបាក រួមទាំង​មាន វត្ត​មួយចំនួន ដែល​កំពុង​ប៉ះពាល់ មិន​ធ្ងន់​ថ្ងូ​ប៉ុន្មាន តែ​ក៏​ទឹកជំនន់​នេះ បានធ្វើ​ខូចខាត ផលដំណាំ ភូមិករ​ពុទ្ធបរិស័ទ ក៏​ជួប​ការលំបាក យ៉ាក​យ៉ាប់​ច្រើន​គ្នា​ផងដែរ ។ យើង​ជា​ព្រះសង្ឃ បើ​ពុទ្ធបរិស័ទ ជួប​ទុក្ខលំបាក ព្រះសង្ឃ ក៏​លំបាក​ដូចគ្នា ដូច្នេះ​សូម​ព្រះ​អនុគណ តាម​ស្រុក ថា​តើ​យើង​គួរ​ជួយ​ធ្វើ​អ្វី​បាន ត្រូវតែ​នាំគ្នា ជួយ​ពួកគាត់​ផង​។​

​ព្រះ​ធម្ម​សិរី​អាភាក​រោ ជុំ គឹម​ឡេង បាន​ផ្តោតជាសំខាន់​ថាៈ ដោយសារ​មន្ត្រី ជា​ប្រធានការិយាល័យ​ធម្មការ ត្រូវ​សមាហរណកម្ម ចូលមក​ខាង​សាលាស្រុក អស់ហើយ ពេលនេះ កិច្ច​ការទទួល​ពាក្យ​ប្រឡង ត្រូវ​មន្ត្រី​អនុគណ​ស្រុក ជា​អ្នកធ្វើការងារ ទទួល​ពាក្យ​ប្រឡង​ធម្ម​វិន័យ នេះ​ជា​កិច្ចការ ពុទ្ធសាសនា សុទ្ធសាធ សូម​ព្រះ​អនុគណ តាម​ស្រុក​នីមួយៗ កុំបី​ប្រមាទ​ធ្វេសប្រហែស ត្រូវ​ផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ ដល់​លោកគ្រូ​ចៅអធិការ គ្រប់ៗ​វត្ត កុំបី​អាក់ខាន​ឡើយ ៕/V

ប្រជុំ​ផ្សព្វផ្សាយ​ ការប្រឡង​ធម្ម​វិន័យ ភ្ជាប់​ជាមួយ​ ការប្រឡង​បាលី​ នៅ​ឆ្នាំ​សិក្សា​២០២០~២០២១ (រូបថតៈ គូលែន​)