ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ជំនន់ទឹកភ្លៀង បានប៉ះពាល់ដល់ រាជធានី ខេត្ត ចំនួន១៩ ប៉ះពាល់ប្រជាពលរដ្ឋជាង ៣១០.០០០ នាក់ និងជម្លៀសទៅទីទួលសុវត្ថិភាព ជិតបួនម៉ឺននាក់ ប៉ះពាល់ផ្ទះជាង ប្រាំពីរម៉ឺនខ្នង ប្រជាពលរដ្ឋស្លាប់ចំនួន ២៥នាក់ និងប៉ះពាល់ស្រូវ ដំណាំផ្សេងៗ សាលារៀន ផ្លូវថ្នល់ ផងដែរ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថាៈ ទិន្នន័យផលប៉ះពាល់ ខូចខាតដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២០ គិតពីថ្ងៃទី១ ខែ កញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ គឺប៉ះពាល់ ១៩ រាជធានី-ខេត្ត ស្មើ ៩១ ក្រុង ស្រុក ខណ្ឌ រួមមានៈ ១.ខេត្តពោធិ៍សាត់ ២. ខេត្តប៉ៃលិន ៣. ខេត្តបន្ទាយមានជ័យ ៤. ភ្នំពេញ ៥. ខេត្តបាត់ដំបង ៦. ខេត្តស្វាយរៀង ៧. ខេត្តឧត្តរមានជ័យ ៨. ខេត្តសៀម រាប ៩. ខេត្តតាកែវ ១០. ខេត្តកំពង់ស្ពឺ ១១. ខេត្តមណ្ឌលគិរី ១២. ខេត្តព្រះសីហនុ ១៣. ខេត្តកោះកុង ១៤. ខេត្តព្រះវិហារ១៥. ខេត្រស្ទឹងត្រែង ១៦. ខេត្តកំពង់ចាម ១៧. ខេត្តកណ្តាល ១៨. ខេត្តកំពង់ឆ្នាំង និង១៩. ខេត្តកំពង់ធំ។
របាយការណ៍ បន្តថាៈ ប៉ះពាល់ប្រជាជន ប្រមាណ ៧៨.០៥៦ គ្រួសារ ស្មើប្រមាណ ៣១២.២២៤ នាក់។ ប្រជាជនជម្លៀស ប្រមាណ ៩.៣៤៩ គ្រួសារ ស្មើប្រមាណ ៣៧.៣៩៦ នាក់ ។ ផ្ទះប៉ះពាល់ប្រមាណ ៧៣.៧២០ ខ្នង និងខូចខាត ៥៦ខ្នង ។ សាលារៀន លិចទឹកប្រមាណ ៥៦៨ កន្លែង។ ស្រូវលិចទឹក ប្រមាណ ២១៣.២៨៩ ហិកតា និងដំណាំរួមផ្សំ លិចទឹក ៧៩.៨៨៨ ហិកតា ។ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រួសក្រហម ប៉ះពាល់ប្រមាណ ៣៩៣ គីឡូម៉ែត្រ។ ផ្លូវលំជនបទ លិចទឹកប្រមាណ ១.៤៦៧ គីឡូម៉ែត្រ។ ទំនប់ប៉ះពាល់ ប្រមាណ ២៤ គីឡូម៉ែត្រ។ ប្រឡាយមេ ប៉ះពាល់ប្រមាណ ១៩៧.៣ គីឡូម៉ែត្រ។ ប្រឡាយរង ប៉ះពាល់ប្រមាណ ១៤១,៦ គីឡូម៉ែត្រ។ ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ៨៥,៩ គីឡូម៉ែត្រ។
ប្រភពដែល បានបន្តថាៈ ចំនួនប្រជាជនស្លាប់ដោយទឹកជំនន់ទឹកភ្លៀង មានចំនួន ២៥នាក់ ។ ចំនួននេះ គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ក្នុងនោះ ខេត្តបន្ទាយមានជ័យ ចំនួន១៥នាក់ ខេត្តព្រះសីហនុ ចំនួន ពីរនាក់ ខេត្តពោធិ៍សាត់ ចំនួន បីនាក់ ខេត្តប៉ៃលិន ចំនួន មួយនាក់ និងខេត្តកំពង់ធំ ចំនួន បួននាក់៕/V/Ha