ដោយៈ បូកគោ / កំពតៈ ទោះបីក្រុមហ៊ុន ស៊ីណូហាយដ្រូ បានបើកបង្ហូរទឹក ចេញពីអាងទំនប់វារីអគ្គិសនី កំចាយក្តី អ្នករស់នៅផ្នែកខាងក្រោម ពិសេសគ្រប់ភូមិសាស្ត្រ អមសងខាងស្ទឹងកំចាយ និងព្រែកកំពង់ មិនទទួលរងនូវ ការជន់លិចលង់ឡើយ។
ក្រោយពីចុះពិនិត្យស្ថានភាពទូទៅ និងជួបប្រជាពលរដ្ឋ រស់នៅអមសងខាងស្ទឹងកំចាយ និងព្រែកកំពង់បាយ នាសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ តាមការពិនិត្យជាក់ស្តែង ទោះបីមានការបើកទឹកចេញ ពីអាងទំនប់វារីអគ្គិសនី និងទឹកហូរធ្លាក់ខ្លាំង ពីស្ទឹងកែវក្តី ក៏មិនបានបង្ក ក្តីព្រួយបារម្ភដែរ។ រហូតមកដល់ពេលនេះ ទឹកមានតែក្នុងដងព្រែក ដោយមិនបានហូរចូល ភូមិឋានដែលនាំឱ្យប៉ះពាល់ ផលប្រយោជ៍ ប្រជាពលរដ្ឋឡើយ។
លោកអភិបាលខេត្ត បានបន្តថាៈ ជាធម្មតា មុនពេលបើកបង្ហូរទឹក ចេញពីទំនប់វារីអគ្គិសនីកំចាយ ក្រុមហ៊ុនស៊ីណូហាយដ្រូ តែងពិភាក្សាជាមួយ រដ្ឋបាលខេត្ត រួចប្រកាសជូនដំណឹង ដើម្បីឱ្យសាធារណជនទូទៅ បានជ្រាប និងមានការប្រុងប្រយ័ត្ន។ និយាយរួម ដៃគូអភិវឌ្ឍមួយនេះ បានសហការ និងយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាទឹក នៅតាមដងព្រែក។ ជាញឹកញយ រដ្ឋបាលខេត្ត តែងធ្វើការស្ដារផ្លូវទឹក ដើម្បីឱ្យហូរចុះ ទៅសមុទ្របានលឿន។
ជាមួយគ្នានេះដែរ លោក ជាវ តាយ ក៏បានផ្ដាំផ្ញើថាៈ ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាង ដងស្ទឹងកំចាយ និងព្រែកកំពង់បាយ ព្រមទាំងអាជ្ញាធរ គ្រប់មូលដ្ឋាន ត្រូវតាមដានស្ថានការណ៍ទឹក ជាប្រចាំ។ លើសពីនោះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាដែលអាចកើតឡើង ជាយថាហេតុ នូវរាល់បញ្ហាគ្រោះធម្មជាតិនានា។
សូមបញ្ជាក់ថា នៅម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ អ្នកបច្ចេកទេស ក្រុមហ៊ុនស៊ីណូហាយដ្រូ កំចាយ បានសម្រេចបើកទ្វារបង្ហូរទឹក ពីអាងស្តុក ពេលកម្រិតទឹកឡើង ដល់ ១៤៩,១៩ ម៉ែត្រ។ ការបើកនោះ ធ្វើឡើងត្រឹមតែមួយទ្វារ ដោយលើកកម្ពស់ ២ ម៉ែត្រប៉ុណ្ណោះ៕/V