ដោយ: គង់ហេង/កំពង់ចាម: លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានជំរុញឱ្យប្រជាកសិករ បង្កើនការចិញ្ចឹមសត្វនៅតាមសហគមន៍ស្របតាមលក្ខណ:បច្ចេកទេសពិសេសគឺចិញ្ចឹមត្រីឱ្យប្រែក្លាយជាខេត្តនាំត្រីសាច់ជាអាហារគ្រប់ប្រភេទទៅលក់នៅទីផ្សារខាងក្រៅវិញ។
លោកអភិបាលខេត្តកំពង់ចាមបានជំរុញយ៉ាងដូច្នេះនៅក្នុងការចូលរួមចែកធាតុចូលកសិកម្មជូនដល់ប្រជាកសិករជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមសត្វនៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ«អាស្ពែរ»(ASPIRE)របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅក្នុងវត្តកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀមនៅព្រឹកថ្ងៃទី ១៩ តុលា។
លោកអ៊ុនចាន់ដាបានមានប្រសាសន៍ថាយើងទាំងអស់គ្នា១១៧គ្រួសារដែលមានវត្តមាននាឱកាសនេះចាំបាច់ត្រូវរៀបចំនូវបណ្តុំអាជីវកម្មគឺគម្រោង«អាស្ពែរ»ដោយចងក្រងជាសហគមន៍ទទួលបានការបណ្តុះបណ្តាល។ ដោយធ្វើយ៉ាងណាអនុវត្តឱ្យបានសមស្របតាមការណែនាំនូវការរីកចម្រើន។
លោកអភិបាលខេត្តបានមានប្រសាសន៍ទៀតថាខេត្តកំពង់ចាមបានផលិតស្រូវមានការកើនឡើងជារៀងរាល់ឆ្នាំដែលនាំឱ្យមានលទ្ធភាពនាំស្រូវចេញទៅលក់នៅទីផ្សារខាងក្រៅតាមបណ្តាខេត្តផ្សេងៗរហូតដល់១៧ម៉ឺនតោនក្នុងមួយឆ្នាំ។ប៉ុន្តែងាកមកការចិញ្ចឹមសត្វវិញពិសេសគឺត្រីយើងបាននាំចូលពីបណ្តាខេត្តកំពង់ឆ្នាំងខេត្តព្រៃវែងខេត្តកំពង់ធំជាដើម។ដែលនេះបង្ហាញថាប្រជាពលរដ្ឋយើងមិនសូវនិយមការចិញ្ចឹមត្រីបើទោះជាខេត្តនេះនៅជាប់ទន្លេមេគង្គយ៉ាងណាក្តី។
លោកបានបន្ថែមថាយើងត្រូវខិតខំបង្កើតបណ្តុំអាជីវកម្មជាសហគមន៍ចិញ្ចឹមត្រីឱ្យបានច្រើនដែលស្របតាមកត្តាភូមិសាស្ត្រក្នុងតំបន់នីមួយៗ គឺនឹងប្រែក្លាយជាខេត្តនាំត្រីចេញវិញ។ ព្រោះខេត្តយើងមានលក្ខណ:អំណោយផលខ្លាំងណាស់។ជាពិសេសស្របតាមប្រសាសន៍សម្តេចតេជោហ៊ុនសែនគឺសម្តេចបានអំពាវនាវនិងលើកទឹកចិត្តដល់ប្រជាកសិករឱ្យចងក្រងជាសហគមន៍ចិញ្ចឹមត្រី។ ដោយទទួលបានកម្ចីឥទានពីធនាគារអភិវឌ្ឍន៍ជនបទ គឺទទួលបានអត្រាការប្រាក់ទាប៕S/