Home ព័ត៌មានជាតិ នយោបាយ ​រដ្ឋមន្ត្រី​...

​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​ផ្ញើ​សារ​រំលែក​ទុក្ខ​ទៅ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​វៀតណាម​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​ការ​សោកសៅ​យ៉ាង​ក្រៃលែង ដោយ​ទទួលដំណឹង​ថា កម្មាភិបាលជាន់ខ្ពស់ និង​យុទ្ធជន​មួយចំនួន​នៃ​កងទ័ព​ប្រជាជន​វៀតណាម បាន​ពលី​ជីវិត​ក្នុង​បេសកកម្ម​ចុះជួយ​សង្គ្រោះ​ប្រជាជន​ពី​គ្រោះមហន្តរាយធម្មជាតិ​ដោយ​ព្យុះ និង​ជំនន់​ទឹកភ្លៀង នៅ​តំបន់ ភូមិភាគ​កណ្តាល កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមក​ថ្មីៗ​នេះ​។


​នេះ​បើ​យោងតាម​លិខិត​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ផ្ញើជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ ង៉ូ ស៊ុន​លិ​ច្ស រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។ នៅក្នុង​សារលិខិត​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ផ្ញើជូន​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បានឱ្យដឹងថា តាំង​នាម​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​នាយទាហាន នាយទាហានរង ពលទាហាន នៃ កងយោធពល​ខេមរភូមិន្ទ​ទាំងមូល និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់​ខ្ញុំ​ពិតជា​សោកសៅ​យ៉ាង​ក្រៃលែង ដោយ​ទទួល ដំណឹង​ថា កម្មាភិបាលជាន់ខ្ពស់ និង​យុទ្ធជន​មួយចំនួន​នៃ​កងទ័ព​ប្រជាជន​វៀតណាម បាន​ពលី​ជីវិត​ក្នុង បេសកកម្ម​ចុះជួយ​សង្គ្រោះ​ប្រជាជន​ពី​គ្រោះមហន្តរាយធម្មជាតិ​ដោយ​ព្យុះ និង​ជំនន់​ទឹកភ្លៀង នៅ​តំបន់​ភូមិភាគ​កណ្តាល កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមក​ថ្មីៗ​នេះ​។


​ពលី​កម្ម​ដ៏​ខ្ពង់ខ្ពស់​របស់​កម្មាភិបាល​ជាន់ខ្ពស់ និង​យុទ្ធជន​នៃ​កងទ័ព​ប្រជាជន​វៀតណាម គឺជា​ការបាត់បង់​ដ៏​ធំធេង និង​គួរឱ្យ​គោរព​កោតសរសើរ​របស់​រដ្ឋា​ភិ​បាល និង​ប្រជាជន​វៀតណាម ហើយក៏​ជាការ​បាត់បង់​មិត្ត​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល ប្រជាជន និង​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។ យើងខ្ញុំ​ចងចាំ​នូវ​វីរភាព​ដ៏​អង់អាច​ក្លាហាន​និង​សូម​ឧទ្ទិស​បួងសួង​ជូន​ដល់​វិញ្ញាណក្ខន្ធ​កម្មាភិបាលជាន់ខ្ពស់ និង​យុទ្ធជន​នៃ​កងទ័ព​ប្រជាជន​វៀតណាម ដែល​លះបង់​ខ្ពស់​ក្នុង​បុព្វហេតុ​សង្គ្រោះ​មនុស្សជាតិ សូមឱ្យ​ស្ថិតក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​។​


​តាំង​នាម​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​នាយទាហាន នាយទាហានរង ពលទាហាន នៃ កងយោធពល​ខេមរភូមិន្ទ​ទាំងមូល និង​ខ្លួន​សម្តេច​ផ្ទាល់ សូម​សម្តែង​នូវ​សមានចិត្ត​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ បំផុត​ជូន​ចំពោះ​បក្ស ប្រជាជន រដ្ឋ និង​កងទ័ព​ប្រជាជន​វៀតណាម ក៏ដូចជា​ជូន​ចំពោះ​ក្រុមគ្រួសារ​នៃ​សព នូវ​ការបាត់បង់​កម្មាភិបាល​ជាន់ខ្ពស់ និង​យុទ្ធជន​មួយចំនួន​ជាទីគោរព​ស្រលាញ់​នេះ​។


​សូមជម្រាបថា ទាហាន​វៀតណាម​ជាមួយនឹង​គ្រឿង​ម៉ាស៊ីន​ធុន​ធ្ងន់ និង​សត្វ​សុនខ​ហិតក្លិន នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ បាន​បន្ត​ប្រ​ត្តិ​ប​ត្តិ​ការស្វែងរក​ទាហាន ដែល​ត្រូវបាន​កប់​ដោយ​គ្រោះ​រអិល​បាក់​ដី​ចុងក្រោយបង្អស់ បន្ទាប់ពី​សាកសព​ទាហាន ១៨​នាក់​ហើយ ត្រូវបាន​ទាញ​ចេញពី​គំនរ​ដី​បាក់ ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ឥតឈប់ឈរ​។ កាលពី​ថ្ងៃទី​១៨ ខែតុលា ទាហាន​វៀតណាម​យ៉ាងហោច ២២​នាក់ បាន​បាត់​ខ្លួន​ក្រោយ​គ្រោះ​រអិល​បាក់​ដី​មួយ​នៅក្នុង​ខេត្ត ក្វាង​ទ្រី​។


​ចំណែក​នៅក្នុង​ខេត្ត​ធួ​ធាន​ហឺ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​បន្ត​ស្វែងរក​កម្មករសំណង់​យ៉ាងហោចណាស់ ១៥​នាក់ ដែល​បាត់​ខ្លួន​បន្ទាប់ពី​គ្រោះ​រអិល​បាក់​ដី ដែល​បាន​កើតឡើង​កាលពី​សប្តាហ៍​មុន​។ ទាហាន​ចំនួន ១១​នាក់​ត្រូវបាន​បញ្ជូនទៅ​ជួយសង្គ្រោះ​ពួកគេ ប៉ុន្តែ​ជា​អកុសល​បាន​ស្លាប់​ទាំងអស់គ្នា នៅក្នុង​គ្រោះ​រអិល​បាក់​ដី​ដាច់ដោយឡែក​មួយ​ផ្សេងទៀត​៕S/

​រូបថត​៖​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ង៉ូ ស៊ុន​លិ​ច្ស រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម​
​ទាហាន​វៀតណាម​ដែល​ស្លាប់​ក្នុង​បេសកកម្ម​ចុះជួយ​សង្គ្រោះ​ប្រជាជន​ពី​គ្រោះមហន្តរាយធម្មជាតិ​ដោយ​ព្យុះ និង​ជំនន់​ទឹក​ភ្លៀ​ង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមត្ថកិច្ច ឃាត់ខ្លួន​ក្រុ...

​ដោយៈ ស​រិ​ទ្ធ/ពោធិ៍សាត់ៈ...

កក​ ,​កក់​ ,​កក្កដ​ ,កករ​...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

៥​ធ្នូ ទិវា​អន្តរជាតិ​នៃ​...

ដោយៈ សុផល​/ភ្នំពេញៈ នៅ​ថ្...

កម្ពុជា​-​ឥណ្ឌា​បន្ដ​វេទិ...

ដោយ​: ជា សីហៈ​/​ភ្នំពេញ​៖...