ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញពិនិត្យស្ថានការណ៍ទឹកជំនន់និងដោះស្រាយបញ្ហាចំពោះមុខព្រមទាំងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី២០ខែតុលា២០២០ខាងមុខនេះ ។
ប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីត្រួតពិនិត្យនិងដោះស្រាយដោយផ្ទាល់ចំពោះ ស្ថាន ភាពទឹកជំនន់នៅទីនោះដែលកំពុងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ។
គិតត្រឹមថ្ងៃទី ១៩ ខែ តុលានេះ ទឹកជំនន់រុញធ្លាក់ពីព្រំដែនថៃនៃស្រុកអារញ្ញាខេត្តស្រះកែវ មកដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យហើយ បន្ទាប់ពីអាជ្ញាធរថៃបានប្រកាសអាសន្នកាលពីរសៀលថ្ងៃទី ១៨ ខែតុលា ហើយអាជ្ញាធរកម្ពុជាបានជូនដំណឹងដល់ពលរដ្ឋនិងសាធារណជននៅក្រុងប៉ោយប៉ែតនៅពេលដដែលនោះ ។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចបានឲ្យកាសែតរស្មីកម្ពុជាដឹងកាលពីថ្ងៃទី១៩ខែតុលាថា៖មកទល់ពេលនេះ ធារទឹកក្នុងអូរជ្រៅជាអូរព្រំដែនកម្ពុជាថៃបានហក់ឡើងលឿនចាប់ពីម្តុំឈមនឹងកាស៊ីណូផ្កាយ ៥ និង ផ្សាររោងក្លឿទៅដល់ស្ទឹងបត់ ដែលស្ថិតនៅភាគខាងលិចនិងខាងត្បូងក្រុងឬជាប់នឹងបណ្តោយព្រំដែន ។
ប្រភពបន្តថា៖ មកទល់ពេលនេះពលរដ្ឋជាង៥០០គ្រួសារដែលមានលំនៅតំបន់ទំនាបមាត់អូររាប់រយគ្រួសារសិ្ថតនៅក្បាលកោះ ប៉ោយប៉ែត អូរជ្រៅ សង្កាត់ប៉ោយប៉ែតនិងភូមិគីឡូម៉ែត្រលេខ៤ភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាល ត្រូវបានម្លៀសពីទឹកជំនន់។ឯពលរដ្ឋនៅភូមិសុខសាន្ត(អូរខៃដន)សង្កាត់និមិត្តក៏ត្រៀមខ្លួនដើម្បីម្លៀសដែរ ។ក្រៅពីលំនៅពលរដ្ឋ មានផ្លូវលំ ផ្លូវបេតុង ប៉ុស្តិ៍នគរបាលការពារព្រំដែន ស្នាក់ការភូមិផ្សាររ៉ាថ្មី ផ្សារមង្គលបានលិចបណ្តើរៗ ។ ឯផ្លូវជាតិលេខ៥និងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិក៏បាននឹងកំពុងព្រៀបខ្លាំង ។ ក្នុងនោះទឹកច្រាលពីលូក៏បានធ្វើឲ្យលិចខ្លះហើយ ។ មន្ត្រីអាជ្ញាធរដែនដីសមត្ថកិច្ចកងកម្លាំងនគរបាលកងរាជអាវុធហត្ថ យោធាប្រជាការពារបានមមាញឹកចេញប្រតិបត្តិការជួយសង្គ្រោះជម្លៀសពលរដ្ឋដែលយល់ព្រមចាកចេញពីផ្ទះសម្បែងទៅទួលសុវត្ថិភាព ២គឺនៅស្ថានីយរថភ្លើងប៉ោយប៉ែត និងវត្តបាលីលេយ្យ ។ ប៉ុន្តែក៏មានពលរដ្ឋមួយចំនួន មិនព្រមសហការនឹងអាជ្ញាធរកងកម្លាំងដើម្បិចាកចេញដែរ ។
សូមរំលឹកថា យោងការប្រកាសអាសន្នរបស់អាជ្ញាធរថៃនៅស្រុកអារញ្ញប្រាថេតក៏ដូចខេត្តស្រះកែវប្រទេសថៃ កាលពីថ្ងៃទី១៨ខែតុលា ដែលមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបាន ដឹងដែរ បានព្រមានពីគ្រោះថ្នាក់ដោយទឹកជំនន់ដែលបើកបង្ហូរពីអាងទឹកធំៗនៅខេត្តប្រាជីនបូរីនិងខេត្តស្រះកែវដើម្បីបន្ធូរទឺកដែលហក់ឡើងព្រោះភ្លៀងធ្លាក់រណ្តំ។ជាក់ស្តែងទឹកទាំងនោះបូកនឹងជំនន់ទឹកភ្លៀងបាននឹងកំពុងពន្លិចក្នុងភូមិសាស្ត្រប្រទេសថៃ ហើយហូរស្រុងចុះមកទឹកដីប្រទេសកម្ពុជានៅក្រុងប៉ោយប៉ែតមួយចំនួនហើយ។ ក្នុងនោះទីធ្លាក្រុមផ្សាររោងក្លឿ ទល់មុខក្រុងប៉ោយប៉ែតដែលជាទីលក់ដូរនិងប្រកបរបររកស៊ីរបស់ពលរដ្ឋខ្មែរ៨៥ភាគរយនោះបានលិចលង់ដោយអន្លើ ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ទិន្នន័យផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២០គិតពីថ្ងៃទី១ ខែកញ្ញាដល់ថ្ងៃទី១៩ខែតុលាឆ្នាំ២០២០ បានបង្កផលប៉ះពាល់ដល់ ១៩ រាជធានី-ខេត្តស្មើ៩១ក្រុង ស្រុក ខណ្ឌ រួមមាន៖ខេត្តពោធិ៍សាត់,ខេត្តប៉ៃលិន, បន្ទាយមានជ័យ ,រាជធានីភ្នំពេញ ,បាត់ដំបង ,ស្វាយរៀង,ឧត្តរមានជ័យ,ខេត្តសៀមរាប,តាកែវ,កំពង់ស្ពឺ,មណ្ឌលគិរី,ព្រះសីហនុ,ខេត្តកោះកុង,ព្រះវិហារ,ស្ទឹងត្រែង,កំពង់ចាម, កណ្តាល ,កំពង់ឆ្នាំង និងខេត្តកំពង់ធំ។
ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ប្រជាជនប្រមាណ ៧៨.០៥៦ គ្រួសារស្មើប្រមាណ ៣១២.២២៤ នាក់,ប្រជាជនជម្លៀសចេញពីភូមិដ្ឋានប្រមាណ ៩.៣៤៩ គ្រួសារ ស្មើប្រមាណ ៣៧.៣៩៦នាក់,ផ្ទះប៉ះពាល់ប្រមាណ ៧៣.៧២០ខ្នងនិងខូចខាត៥៦ខ្នង,សាលារៀនលិចទឹក៥៦៨កន្លែង ,ស្រូវលិចទឹក ២១៣.២៨៩ហិកតា និងដំណាំរួមផ្សំលិចទឹក ៧៩.៨៨៨ហិកតា,ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហមប៉ះពាល់ ៣៩៣ គ.ម, ផ្លូវលំជនបទលិចទឹក១.៤៦៧ គ.ម,ទំនប់ប៉ះពាល់ ២៤គ.ម ប្រឡាយមេប៉ះពាល់១៩៧,៣ គ.ម, ប្រឡាយរងប៉ះពាល់១៤១,៦ គ.ម ,ប្រឡាយស្រោចស្រពប៉ះពាល់ប្រមាណ ៨៥,៩ គ.ម ។
ប្រជាជនស្លាប់ដោយទឹកជំនន់ទឹកភ្លៀងមានចំនួន២៥នាក់ គឺមាននៅខេត្តបន្ទាយមាន ជ័យចំនួន១៥នាក់,ខេត្តព្រះសីហនុចំនួន២នាក់,ខេត្តពោធិ៍សាត់ចំនួន៣នាក់,ខេត្ត ប៉ៃ លិនចំនួន១នាក់និងខេត្តកំពង់ធំចំនួន៤នាក់ ៕/Ha