ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ ដែលចង់ស្រកទម្ងន់ដើម្បីមើលស្អាតក្នុងពិធីមង្គលការ របស់នាង ផ្ទុយទៅវិញបានបញ្ចប់ជីវិតរបស់នាង នៅពេលនាងឱ្យចាក់បូថក់ កែបបូរមាត់នៅឯហាងកែសម្ផស្សមួយ ដែលមិនមានការអនុញ្ញាតឱ្យធ្វើការវះកាត់។ នេះយោងតាមសារព័ត៌មាន The Straittimes របស់សិង្ហបុរីផ្សាយកាលពីថ្ងៃចន្ទ ទី១៩តុលា។
ប៉ូលិសម៉ាឡេស៊ីបានឃាត់ខ្លួនម្ចាស់ហាងកែសម្ផស្សនៅសង្កាត់ជើរ៉ាស់នៃទីក្រុងគូឡាឡាំពួ ហើយកំពុងធ្វើការស៊ើបអង្កេតចំពោះការស្លាប់របស់នាង កូកូ ស៊ីវ ជីស៊ីង (ឬហៅថា ស៊ាវ ស៊ីស៊ីន) អាយុ ២៣ ឆ្នាំ កាលពីថ្ងៃសៅរ៍ (១៧ តុលា) ។
បងប្រុសរបស់នាងឈ្មោះ ស៊ាវ មីនង៉ាន បានប្រាប់កាសែតស៊ីនជីវដេលីថា ប្អូនស្រីរបស់គាត់កំពុងត្រៀមខ្លួនសម្រាប់ពិធីមង្គលការរបស់នាង ហើយចង់ឱ្យនាង មើលទៅស្រស់ស្អាតបំផុតនៅក្នុងព្រឹត្តិការណ៍មានតែម្តងក្នុងមួយឆាកជីវិតរបស់ប្អូនស្រីលោក។
លោកស៊ាវនិយាយថា នាងបានឃើញហាងកែសម្ផស្សមួយនៅលើអនឡាញ ខណៈកំពុងឆែកអ៊ីនធឺណិតរកមើលការព្យាបាលដែលទាក់ទងនឹងការវះកាត់បបូរមាត់ និងបានចុះឈ្មោះសម្រាប់ការវះកាត់តម្លៃ ២.៥០០ រីងហ្គីដ (៦០៤ ដុល្លារអាម៉េរិក) ដើម្បីយកខ្លាញ់ចេញពីដៃរបស់នាងផងដែរ។
នៅរសៀលថ្ងៃសៅរ៍ នាងស៊ីវបានទៅហាងកែសម្ផស្សនេះជាលើកដំបូង ដែលអមដំណើរដោយមិត្តភក្តិម្នាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នាងបានទទួលការចាក់ថ្នាំស្ពឹកពេលមកដល់។
ប៉ុន្តែប្រហែលជាកន្លះម៉ោងបន្ទាប់ពីចាក់ថ្នាំស្ពឹករួច នាងចាប់ផ្តើមមានអារម្មណ៍មិនស្រួលខ្លួន។ ហើយប្រហែលមួយម៉ោងក្រោយមកទៀត ចង្វាក់បេះដូងរបស់នាងឈប់លោត នេះយោងតាមប្រព័ន្ធផ្សព្វផ្សាយ។
នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះនាងបានបរាជ័យហើយនាងត្រូវបានបញ្ជាក់ថាស្លាប់នៅម៉ោងប្រហែល ៥ ល្ងាច។
លោកស៊ាវនិយាយថា គ្រួសាររបស់គាត់មានការសោកស្តាយខ្លាំង ដែលពួកគេមិនអាចទៅដល់មន្ទីរពេទ្យទាន់ពេលវេលាដើម្បីទៅមើលប្អូនស្រីរបស់គាត់មុនពេលនាងស្លាប់។
លោកបានបន្តថា ម្ចាស់ហាងកែសម្ផស្សមិនមានវត្តមានក្នុងពេលវះកាត់នោះទេ និង មិនបានបង្ហាញខ្លួននៅមន្ទីរពេទ្យរហូតដល់ម៉ោង ៨ យប់។
វេបសាយ The Star រាយការណ៍ថា ម្ចាស់ហាងពីរនាក់ម្តាយនិងកូនស្រីត្រូវបានឃុំខ្លួនសម្រាប់ការស៊ើបអង្កេតចំពោះមរណភាពនាងស៊ីវ៕ ដោយ ៖ កញ្ញាដាលីស/Ha