ដោយ: មូលសម្បត្តិ / ភ្នំពេញ: រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួង លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់និស្សិតស្ម័គ្រចិត្តនៃក្រសួង។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោក លោកស្រីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន មន្ត្រីក្រោមចំណុះអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងនិស្សិតស្ម័គ្រចិត្តទាំង១៨រូបផងដែរ។នេះតាមការអោយដឹងពីវេបសាយក្រសួងបរិស្ថាននាល្ងាចថ្ងៃទី19ខែតុលានេះ។

លោកជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថា ការផ្តល់ជូននូវវិញ្ញាបនបត្រជូនដល់និស្សិតស្ម័គ្រនៃអគ្គនាយកដ្ឋានព័ត៌មាន និងចំណេះដឹងបរិស្ថាន ទាំង១៨រូប នៅពេលនេះ គឺជាថ្លែងអំណរគុណចំពោះបងប្អូននិស្សិតស្ម័គ្រចិត្តទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក ដែលធ្វើឲ្យកិច្ចការងារនៅអគ្គនាយកដ្ឋានព័ត៌មាន និងចំណេះដឹងបរិស្ថាន ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងទៅកាន់និស្សិតស្ម័គ្រចិត្តទាំងអស់ថា តាមរយៈការលះបង់ពេលវេលា ទាំងកម្លាំងកាយ កម្លាំងចិត្តរបស់ប្អូនៗក្នុងនាមជាកម្មសិក្សាការី នៅក្នុងនាយកដ្ឋានចំណុះឲ្យអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មាន គឺបានរួមចំណែកធ្វើឲ្យមានការបោះជំហានទៅមុខលើកិច្ចការងាររបស់អគ្គនាយកដ្ឋាន ក៏ដូចជា ក្រសួងបរិស្ថាន។

លោកបានលើកឡើងទៀតថា ការងារស្ម័គ្រចិត្ត គឺជាការងារមួយផ្តល់បទពិសោធន៍ដល់ប្អូនៗ ផ្តល់នូវភាពរឹងមាំក្នុងអាជីពការងារ។ លើសពីនេះទៀត ការងារស្ម័គ្រចិត្ត គឺជាការត្រួសត្រាយផ្លូវ តម្រង់ទិសវិជ្ជាជីវៈ និងជួយគូសវាសផ្លូវចំពោះអ្វីៗ ដែលប្អូនៗចង់ធ្វើនាពេលអនាគត។ មុននឹងបញ្ចប់កម្មវិធី លោកនេត្រ ភក្ត្រា បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ដល់បងប្អូននិស្សិតស្ម័គ្រចិត្តទាំងអស់ ដើម្បីជាការជំនួយស្មារតីដល់ការសិក្សា ក៏ដូចជា ការធ្វើការងារផងដែរ៕ ល
