កម្មវិធី​សាច់ប្រាក់​ពលកម្ម​៖ សកម្មភាព​អភិរក្ស​ធម្មជាតិ​ត្រូវ​បានប្រកាស​ដាក់ឱ្យអនុវត្ត​ជាការ​ឆ្លើយតប​ចំពោះ​ជំងឺ​កូ​វីដ​-១៩

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ​​ តាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​ស៊ុយអែត​បានប្រកាស​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ឆ្លើយតប​ចំពោះ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ផ្ដល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគមន៍​ជនបទ តាមរយៈ​សកម្មភាព​ដាំ​ដើមឈើ​។ កម្មវិធី​នេះ​មាន​គោលបំណង​ជំរុញឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជនបទ​ចំនួន​១៦០០​គ្រួសារ​ក្នុង​ខេត្តពោធិ៍សាត់ និង​សៀមរាប ដើម្បី​ដាំ​ដើមឈើ​នៅក្នុង​មូលដ្ឋាន​របស់​ពួកគេ បង្កើតជា​ស្ថានីយ​បណ្ដុះ​កូនឈើ និង​ចូលរួម​ក្នុង​សកម្មភាព​អភិរក្ស​ដទៃទៀត​ទូទាំងប្រទេស​។​

​កម្មវិធី​នេះ នឹងត្រូវ​អនុវត្ត​ក្រោម​ការដឹកនាំ​របស់​ក្រសួងបរិស្ថាន ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី UNDP តាមរយៈ​គម្រោង​កសាង​បរិយាកាស​អំណោយផល​ស​ម្រា​ប់​ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព (BESD)​។​
​ព្រៃឈើ និង​ជីវចម្រុះ នៅ​បន្ត​រង​សម្ពាធ​​ក្នុង​កម្រិត​ខ្ពស់ ហើយ​វា​កំពុងមាន​ការកើនឡើង​ដោយសារតែ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩​។ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មនុស្ស​រាប់ម៉ឺន​នាក់​បាត់បង់​ការងារ​ធ្វើ ហើយ​ពលករ​ចំណាកស្រុក​ជាង ១០​ម៉ឺន​នាក់​បាន​វិលត្រឡប់​ពី​ប្រទេសជិតខាង​ទៅកាន់​ស្រុកកំណើត​នៅ​តំបន់​ជនបទ​វិញ​។ ការស្វែងរក​ប្រាក់ចំណូល និង​ស្បៀងអាហារ​កាន់តែ​លំបាកទៅៗ​សម្រាប់​ប្រជាជន​មួយចំនួន​។ ដើម្បី​ជីវភាព​រស់នៅ​ ជាពិសេស​ក្នុងអំឡុងពេល​នៃ​ជំងឺរាតត្បាត​នេះ ប្រជាជន​កាន់តែច្រើន​ចាប់ផ្ដើម​ចូល​ព្រៃ​ដើម្បី​កាប់​ឈើ បរបាញ់​សត្វព្រៃ និង​នេសាទ​ជាដើម ដែលជា​ការដាក់​សម្ពាធ​បន្ថែមទៀត​មកលើ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​កំពុងមាន​ភាពផុយស្រួយ​រួចទៅហើយ​នោះ​។​

​លោក ប្យ៊​ន ហេ​ក​ម៉ាក ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ˝​ការកាត់បន្ថយ​ផលវិបាក​ដែល​បង្កឡើង​ដោយសារ​ជំងឺ​រាតត្បាត​ជាស​កល​ជា​រឿង​ចាំបាច់​។ ការគាំទ្រ​របស់​ប្រទេស​ស៊ុយអែត ចំពោះ​កញ្ចប់​ថវិកា​សង្គ្រោះបន្ទាន់​ក្នុង​ទំហំ​ទឹកប្រាក់ ៤ ៣០០ ០០០SEK ឬ​ប្រមាណ​ជិត​កន្លះ​លាន​ដុល្លារ​អាម៉េរិក​នេះ នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​នេះ​។ កញ្ចប់​ថវិកា​នេះ នឹង​ផ្ដល់ឱ្យ​សហគមន៍​ដែល​ងាយ​រងគ្រោះ​នូវ​ឱកាស​រកប្រាក់​ចំណូល​បាន​ភ្លាមៗ តាម រយៈការដាំ​ដើមឈើ​ដើម្បី​ជួយ​ឱ្យ​ពួកគេ​អាច​ទប់​ទល់នឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​កើតមាន​។ សកម្មភាព​នេះ​ក៏​នឹង​រួមចំណែក​ដល់​ការស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​មាន​សារសំខាន់​ផងដែរ​។​˝

​លោក​ឯកអគ្គរាជទូត ក៏មាន​ប្រសាសន៍​បន្ថែម​ទៀតថា ៖​កម្មវិធី​នេះ​នឹង​បន្ត​អនុវត្ត​រហូតដល់​ខែមិថុនា ឆ្នាំ​២០២១ ដែល​នឹង​ផ្ដល់ឱកាស​ការងារ​ភ្លាមៗ​ដល់​សហគមន៍​ដែលមាន​តម្រូវ​ការចាំបាច់​ជាងគេ​តាមរយៈ​សកម្មភាព​ដាំ​ដើមឈើ​។ កម្មវិធី​នេះ​នឹង​បណ្តុះ​កូនឈើ​នៅ​រដូវប្រាំង និង​គាំទ្រ​ដល់​សកម្មភាព​ដាំ​ដើមឈើ​មួយ​ជុំ​ទៀត ចន្លោះ​ពី​ខែឧសភា ដល់​ខែមិថុនា ឆ្នាំ​២០២១​។​

​លោក​បណ្ឌិត ទិន ពន្លក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន មានប្រសាសន៍ថា «​កម្មវិធី​សាច់ប្រាក់​ពលកម្ម​គឺជា​អន្តរាគមន៍​ទាន់ពេលវេលា​ដែល​គេ​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ឆ្លើយតប​ភ្លាមៗ​ចំពោះ​តម្រូវការ​បន្ទាន់​របស់​សហគមន៍​ជនបទ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​ភាពចាំបាច់​ក្នុង​ការស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ​ដែល​កំពុង​ទទួលរង​សម្ពាធ​។​»

​លោក ពន្លក បន្ត​មានប្រសាសន៍ថា «​ការងារ​នេះ​នឹង​ជួយ​បង្កើន​គម្រប​ព្រៃ​ក្នុង​តំបន់​គោលដៅ ដែលជា​ប្រភព​ស្រូបយក​កាបូន រួមចំណែក​ដល់​ការបន្ត​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​របស់​យើង​។​»

​លោក Nick Beresford តំណាង​និវាសនដ្ឋាន​នៃ UNDP ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា «​រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត និង UNDP ប្ដេជ្ញា​ផ្ដល់​ការគាំទ្រ​ពេញទំហឹង​ដល់​កម្ពុជា​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជាស​កល​នេះ​។ កម្មវិធី​ដាំ​ដើមឈើ​នេះ ជួយផ្ដល់​ជា​សាច់ប្រាក់​ជា​ផ្នូរ​នឹង​កម្លាំង​ពលកម្ម នៅពេលដែល​គេ​ត្រូវការ​សាច់ប្រាក់​ជាងគេ​បំផុត​។ ហើយ​តាមរយៈ​ការវិនិយោគ​លើ​គម្រប​ព្រៃឈើ យើង​អាចរួមចំណែក​ដល់​ការកសាង​អនាគត​កាន់តែ​បៃតង និង​កាន់តែ​ស្អាត សម្រាប់​គ្រប់គ្នា​៕» ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្មការិនី​រោងចក្រ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ក...

អធិការនគរបាល ខណ្ឌ​កំបូល ន...

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ ដោយ...

អគារ​កាណាឌីយ៉ា​នៅ​ជិត​ផ្ល...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...

ឃាត់ខ្លួន​ពីរ​នាក់​ពាក់ព័...

ដោយ​អង្គា​រ៍​ហេង​/​ភ្នំពេ...