ដោយ​: សុផល / ភ្នំពេញ​: សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​វិមាន​រដ្ឋសភា
​កិច្ចប្រជុំ​បានអនុម័ត​បញ្ចូល​ក្នុង​របៀបវារៈ​​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ នូវ​សេចក្តីព្រាងច្បាប់​ចំនួន​បួន ដែល​គណៈកម្មាធិការ​ជំនាញ​រដ្ឋសភា​បាន​ពិនិត្យ​សិក្សា​រួចរាល់ និង​បាន​ទទួលយក​សេចក្តីព្រាងច្បាប់​ចំនួន​៤​ថ្មី​ទៀត ដែលជា​សំណើ​របស់​រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការ​ជំនាញ​នានា​របស់​រដ្ឋសភា​ពិនិត្យ​សិក្សា​។​

​សេចក្តីព្រាងច្បាប់​ដែល​បានអនុម័ត​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ មាន​៖
១- សេចក្តីព្រាងច្បាប់​ស្តីពីការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទីមួយ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​រវាង​រដ្ឋ​ជា​សមាជិក សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​។
២- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​សន្យា​ទី​១០ ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​សេវាកម្ម​។
៣- សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​។
​និង​៤- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគ​រវាង​បណ្តា​រដ្ឋ​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ចំណែក​សេចក្តីព្រាងច្បាប់​ចំនួន​៤ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានទទួល​យកតាម​សំណើ​របស់​រាជរដ្ឋាភិបាល និង​បានអនុម័ត​ប្រគល់​ដល់​គណៈកម្មការ​ជំនាញ​នានា​របស់​រដ្ឋសភា ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​នោះ​មាន​៖
១-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។
២- សេចក្តីព្រាងច្បាប់​ស្តីពីការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។
៣- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖

  • ពិធីសារ​ទី​៣ ស្តីពី​សិទ្ធិ​សហការ​លើ​ជើងហោះហើរ​ក្នុងស្រុក ក្នុង​រង្វង់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក អាស៊ាន​ណាមួយ
  • ពិធីសារ​ទី​៤ ស្តីពី​សិទ្ធិ​ហោះហើរ​កូ​ធ័​រ​មីណ​ល រវាង​អាកាសយានដ្ឋាន​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​។
    ​និង​៤- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​៩ និង​ទី​១០ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម​។​
    ​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ នឹង​ប្រកាសជូន​នៅពេល​បញ្ចប់​នៃ​កិច្ចប្រជុំ​៕ ល​/Ha