ដោយ:វិវឌ្ឍន៍/ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដោយគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២០ ខែតុលានេះ គឺមានករណីវិជ្ជមានថ្មីចំនួន២នាក់ និងមិនមានករណីជាសះស្បើយទេ។
ករណីវិជ្ជមានវីរុសកូរីដ-១៩ ថ្មីចំនួន ២នាក់គឺជាបុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ (ជាស្វាមី) និងស្ត្រីជនជាតិខ្មែរ អាយុ៣២ឆ្នាំ (ជាភរិយា និងមានកូនអាយុ៣ឆ្នាំ) មានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់ ឆ្លងកាត់ទីក្រុងដូហា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលជាស្វាមី និងភរិយាទាំងពីរនាក់ខាងលើ គឺ វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺទាំងពីរនាក់នេះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។
សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១០៨នាក់ (ស្រី ៣៤នាក់ កុមារ ៣នាក់ និងទារក ១នាក់) ដែលក្នុងចំនួននេះ មានបុរសជាតិខ្មែរអាយុ ៣៣ឆ្នាំ និង ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំខាងលើ។ រីឯ អ្នកដំណើរចំនួន ១០៦នាក់ ដែលមានលទ្ធផលអវិជ្ជមាន វីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ៥០នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន ១០នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន ២នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន ២នាក់ សណ្ឋាគារមួយផ្សេងទៀតក្នុងរាជធានីភ្នំពេញ ចំនួន ៥នាក់ និងនៅមណ្ឌលកងទ័ពជើងអាកាស ចំនួន ៣៧នាក់៕R/Ha

