ដោយៈយោធិន/សៀមរាបៈមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានចាត់បញ្ជូនជាបន្ទាន់អូប័រចំនួនបីគ្រឿងព្រមទាំងគ្រឿងឧបភោគបរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា តាមរយៈនាយឧត្តម សេនីយ៍សែមសុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នារសណ្តាយស្រុកបន្ទាយស្រីខេត្តសៀមរាបខណៈដែលប្រជាពលរដ្ឋក្នុងឃុំខ្នារសណ្តាយប្រមាណ៣៥០គ្រួសារត្រូវបាននិងកំពុងប្រឈមនឹងគ្រោះទឹកជំនន់បណ្តាលឲ្យលិចលង់ផ្ទះសម្បែងនិងដីស្រែចម្ការ។
នាយឧត្តមសេនីយ៍សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបអមដំណើរដោយអាជ្ញាធរមូលដ្ឋានភូមិឃុំនិងស្រុកបាននាំយកអំណោយរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខដល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលធ្លាក់ជោគជាំនៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងភ្នំគូលែនដោយធ្វើឲ្យកម្ពស់ទឹកស្ទឹងបន្ទាយស្រីបានហក់ឡើងពីកម្ពស់៣,៣ម៉ែត្រ ដល់៥,៥ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងចុងក្រោយនេះ។
ស្ថានភាពទឹកជន់ឡើងបែបនេះស្ថិតនៅកៀកនឹងកម្រិតប្រកាសអាសន្ន(៦ម៉ែត្រ) ដែលនឹងតម្រូវឱ្យមានការជម្លៀសប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួនទៅកាន់ទីទួលមានសុវត្ថិភាព។ ការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពខាងលើនេះត្រូវប្រើប្រាស់អូប័រដែលប្រមុខកងយោធាមួកខៀវកម្ពុជាបានត្រៀមបម្រុងរួចជាស្រេចតាមបណ្តាគោលដៅ៕សរន