Home ព័ត៌មានអន្តរជាតិ WHO៖ អឺរ៉ុប​ន...

WHO៖ អឺរ៉ុប​និង​អាម៉េរិក​គួរ​រៀនសូត្រ​តាម​អាស៊ី​អំពី​កូវី​ដ​១៩

​អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក​(WHO)​ម្នាក់ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​តុលា​ថា បណ្តា​រដ្ឋាភិបាល​នៅ​ទ្វីប​អឺរ៉ុប​និង​អាម៉េរិក​ខាងជើង គួរ​ធ្វើ​តាម​គំរូ​បណ្តារ​ដ្ឋ​នៅ​អាស៊ី អំពី​វិធានការ​ប្រឆាំង​​កូវី​ដ​១៩​និង​ការធ្វើ​ចត្តា​ឡីស័​ក​នរណាម្នាក់​ដែល​មាន​ការទាក់ទង​ប៉ះពាល់​អ្នក​កើត​ជំងឺឆ្លង​នេះ​។​

​លោក​ម៉ៃ រ៉ា​យ​អ៊ឹន អ្នកជំនាញការ​គ្រាអាសន្ន​របស់​អង្គការ​នេះ បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា តំបន់​អឺរ៉ុប​របស់​WHO ដែល​រួមមាន​ប្រទេស​រុស្ស៊ី បាន​កត់ត្រា​ឃើញ​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​ដល់​ទៅ​៨.៥០០​នាក់​នៅ​មួយ​សប្តាហ៍​មក​នេះ និង​ប្រទេស​នៅ​តំបន់​នេះ​ពាក់កណ្តាល​ជួប​កំណើន​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​ដល់​ទៅ​៥០​ភាគរយ​។​

​បើ​តាម​អ្នកជំនាញការ​រូបនេះ អាជ្ញាធរ​នៅ​អូស្ត្រាលី ចិន ជប៉ុន​និង​កូរ៉េខាងត្បូង​បាន​កាត់បន្ថយ​ការឆ្លង​តាមរយៈ​តាម​រក​អ្នក​កើត​ជំងឺ ដាក់​ពួកគេ​នៅ​ដោយឡែក និង​ធ្វើ​ចត្តា​ឡីស័​ក​អ្នក​មាន​ការទាក់ទ​ង​​ប៉ះពាល់​អ្នក​ឆ្លង​។​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​នេះ​ហាក់​បង្ហាញ​ជំនឿ​ចិត្ត​ខ្ពស់​លើ​រដ្ឋាភិបាល​របស់​គេ ដែល​បាន​រក្សា​និង​អនុវត្ត​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩ យូរ​ជាង​អាម៉េរិក​និង​អឺរ៉ុប​។​

​រ៉ា​យ​អ៊ឹន​បាន​បន្ថែមថា «​និយាយ​ម្យ៉ាងទៀត បើ​និយាយ​អំពី​កីឡា​រត់ប្រណាំង ពួកគេរ​ត់ដល់​ខ្សែ​ផ្តាច់​ព្រាត់​និង​ទៅ​ហួស​ទៀត​ហើយ​នៅតែ​បន្ត​រត់ ពីព្រោះ​ពួកគេ​ដឹង​ថា​ការ​រត់ប្រណាំង​នេះ​នៅ​មិនទាន់​ចប់​​នៅឡើយ​ទេ​។ ខ្សែ​ផ្តាច់​ព្រាត់​នោះ​គ្រាន់តែ​ជា​ការ​ក្លែងក្លាយ​។​ប្រទេស​ច្រើនពេក​ហើយ ដែល​បាន​យក​ខ្សែ​បន្ទាត់​នេះ​ជា​គោលដៅ និង​បាន​បន្ថយ​សកម្មភាព​ប្រុងប្រយ័ត្ន​នៅពេល​ពួក​រត់​ឆ្លងកាត់​ខ្សែបន្ទាត់​​នេះ​។​ប្រទេស​នៅ​អាស៊ី អាស៊ី​ខាងត្បូង ប៉ាស៊ីហ្វិក​ខាងលិច​ដែល​ជោគជ័យ​នៅ​បន្ត​សកម្មភាព​ទប់ស្កាត់​សំខាន់ៗ​ទាំងនោះ​»​។​

​ចំណែក​អគ្គនាយក​អង្គការ​WHO​លោក តេ​ដ្រូ​ស អាត​ហាណូម ហ្គេ​ប្រេ​យេស៊ូ​ស បាន​ទទូច​អោយ​អាជ្ញាធរ​រក្សា​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា ដែល​រហូតមកទល់​ពេលនេះ​បាន​ចម្លង​មនុស្ស​ជាង​៤០​លាន​​នាក់​និង​សម្លាប់​មនុស្ស​ជាង​១​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។​

​លោក​បាន​និយាយថា «​ខ្ញុំ​ដឹង​ថា ពិតជា​មាន​ការ​ហត់​ហេវ​នឿយណាយ​ក្នុង​ការអនុវត្ត​វិធានការ តែ​វីរុស​បង្ហាញថា​កាលណា​យើង​បន្ធូរដៃ​វា​នឹង​ងើប​ឡើងវិញ​ហើយ​បង្កើន​ល្បឿន​ចម្លង​និង​គំរាម​បណ្តា​មន្ទីរ​​ពេទ្យ​និង​ប្រព័ន្ធ​សុខាភិបាល​»៕​ប្រែ​សម្រួល​៖​វាសនា​

​លោក​ម៉ៃ រ៉ា​យ​អ៊ឹន​(​ឆ្វេង​) និង​អគ្គនាយក​WHO​លោក តេ​ដ្រូ​ស អាត​ហាណូម ហ្គេ​ប្រេ​យេស៊ូ​ស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់...

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ ប...

​ហោរាសាស្ត្រ​

​ ​ ​ ​ ​ប្រចាំថ្ងៃ​ច័ន្...

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...