ដោយៈ គ្រញូង / បាត់ដំបងៈ ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ៦ ភូមិ និងមន្ត្រីអាវុធហត្ថខេត្ត នៅសង្កាត់អូរចារ សរុបចំនូន ៣១៥ គ្រួសារ បានទទួលបានអំណាយ ពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់អូរចារ ព្រមទាំងសប្បុរសជនមួយចំនួន នៅមុខវត្តទួលដូនប៉ុក ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
លោក មាស សុវណ្ណ បានមានប្រសាសន៍ថាៈ ក្នុងនាមថ្នាក់ដឹកនាំបញ្ជាការដ្ឋាន កងកម្លាំងអាវុធហត្ថខេត្ត រួមជាមួយសប្បុរសជនក្នុងខេត្ត ភាគច្រើន ជាអាជីវករលក់ដូរ បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២៤៨ គ្រួសារ និងគ្រួសារមន្ត្រីអាវុធហត្ថខេត្ត រងគ្រោះ ចំនួន ៦៧ គ្រួសារ សរុប ៣១៥ គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានអង្ករ ២០ គីឡូក្រាម មី ត្រីខកំប៉ុង ទឹកក្រូចកំប៉ុង និងថវិកា ផងដែរ៕/b /V