ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈកិច្ចប្រជុំផ្សព្វផ្សាយស្តីពីស្ថានភាពសត្វផ្សោតទន្លេមេគង្គកម្ពុជារបាយការណ៍នៃការប៉ាន់ប្រមាណឆ្នាំ ២០២០នឹងប្រព្រឹត្តិទៅនៅបន្ទប់ប្រជុំនៃរដ្ឋបាលជលផល ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី២២ ខែតុលា ខាងមុខ។នេះបើយោងតាមសេចក្តីជូនដំណឹងរួមគ្នារវាងរដ្ឋបាលជលផលនិងអង្គការWWF-កម្ពុជានៅថ្ងៃទី២០ខែតុលានេះ។ព្រឹត្តិការណ៍នេះត្រូវបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលរួមបាន។
កិច្ចប្រជុំនេះមានគោលបំណងៈ១. បង្ហាញចំនួនប៉ាន់ប្រមាណសរុបនៃសត្វផ្សោតទន្លេក្នុងឆ្នាំ២០២០,២. ផ្តល់វេទិកាដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីស្វែងយល់ពីការគ្រប់គ្រង និងការការពារ សត្វផ្សោតទន្លេមេគង្គនាពេលបច្ចុប្បន្ន,៣. បង្កើនការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធ និងសាធារណៈជនទូទៅក្នុងការរួមចំណែកដល់ការ គ្រប់គ្រង និងការពារសត្វផ្សោតព្រមទាំងជីវចម្រុះនៅតំបន់ទន្លេមេគង្គ។ អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះមានៈ ថ្នាក់ដឹកនាំ និងបុគ្គលិករដ្ឋបាលជលផល, ថ្នាក់ដឹកនាំ និងបុគ្គលិកនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខណ្ឌរដ្ឋបាលជលផល ខេត្តក្រចេះ និងស្ទឹងត្រែង, ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការ WWF,ថ្នាក់ដឹកនាំ និងបុគ្គលិក ឬអ្នកតំណាងមកពី អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍
និងថ្នាក់ដឹកនាំ ឬអ្នកយកព័ត៌មកពី សារព័ត៌មានជាតិ និងអន្តរជាតិ។
យោងតាមខ្លឹមសារនៃសេចក្តីជូនដំណឹងរួមខាងលើបានរំលឹកថាការរស់រានរបស់សត្វផ្សោតទន្លេមេគង្គ គឺជាកត្តាវាស់វែងនៃគុណភាពនៃប្រព័ន្ធអេកូឡូស៊ីនៃទន្លេទាំងមូល។ លើសពីនេះទៅទៀត សត្វផ្សោតត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជារតនៈសម្បត្តិជាតិមានជីវិតបន្ទាប់ពីប្រាងប្រាសាទអង្គវត្ត។ អស់រយៈពេលជាង១៥ឆ្នាំមកហើយ អង្គការWWF រួមជាមួយនឹងរដ្ឋបាលជលផល បាន សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរខេត្តក្រចេះនិងខេត្តស្ទឹងត្រែង ប្រជាជនសហគមន៍មូលដ្ឋាន និងដៃគូ សំខាន់ៗមួយចំនួនទៀត ដើម្បីរួមគ្នាការពារសត្វផ្សោតទន្លេមេគង្គឲ្យបន្តរស់នៅគង់វង្សនៅក្នុងទន្លេ ដែលជា ប្រភពនៃធនធានជលផលទឹកសាបដ៏សំខាន់ សម្រាប់ប្រជាជនប្រមាណ ៦០លាននាក់ កំពុងពឹងអាស្រ័យ លើទន្លេនេះសម្រាប់ប្រកបរបរចញ្ចឹមជីវិត។
សត្វផ្សោតទន្លេមេគង្គត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជ (Critically Endangered Species)ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ ដែលហៅកាត់ថា IUCN ។
ការប៉ាន់ប្រមាណចំនួនសរុបរបស់សត្វផ្សោតទន្លេមេគង្គត្រូវបានអ្នកវិទ្យាសាស្ត្រអនុវត្តក្នុងរយៈពេលចន្លោះពីពីរ ឬបីឆ្នាំម្តង ដោយប្រើគំរូវិភាគទិន្នន័យបែបវិទ្យាសាស្ត្រ ដែលមានឈ្មោះថា Mark-resight models។ តាមរយៈការតាមដានស្ថានភាពសត្វផ្សោតនៅក្នុងតំបន់ទីជម្រកសំខាន់ៗរបស់ពួកវា ដែលមានចម្ងាយសរុប ១៨០ គីឡូម៉ែត្រ ពោលគឺចន្លោះពីទីក្រុងនៃខេត្តក្រចេះ រហូតដល់ព្រំប្រទល់ទឹកនៃកម្ពុជា-ឡាវ អ្នកវិទ្យាសាស្ត្រ ប្រមូលព័ត៌មាន និងទិន្នន័យចាំបាច់សម្រាប់ការវិភាគ និងចងក្រងរបាយការណ៍ ស្តីពីចំនួនប៉ាន់ប្រមាណ សរុប។ ជាក់ស្តែង ក្នុងឆ្នាំ២០១៧ អ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថា មានសត្វផ្សោតសរុបចំនួន ៩២ក្បាល ក្នុងកម្រិតជឿជាក់៩៥% ពោលគឺស្ថិតក្នុងចន្លោះ ពី៨០ ទៅ១០៦ ក្បាល (៩៥% CI: ៨០-១០៦)។ ការតាមដាន និងការប៉ាន់ប្រមាណចំនួនសរុបរបស់សត្វផ្សោតទន្លេមេគង្គនេះ មានភាពចាំបាច់ណាស់សម្រាប់គាំទ្រដល់ ការគ្រប់គ្រង និងការពារសត្វផ្សោតដ៏សំខាន់ជាសកលមួយប្រភេទនេះ កុំឲ្យបាត់បង់ពីទីជម្រកធម្មជាតិ របស់វា៕សរន