អូស្ត្រាលីនឹងចូលរួមសមយុទ្ធយោធាខ្នាតធំមួយនៅឯនាយឆ្នេរប្រទេសឥណ្ឌានៅខែក្រោយដែលនឹងនាំប្រទេសដែលមានការព្រួយបារម្ភអំពីឥទ្ធិពលចិនចំនួន១ភាគ៥មកចូលរួមកម្លាំងគ្នា។
ឥណ្ឌា ជប៉ុននិងសហរដ្ឋអាម៉េរិក និងជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៧ ប្រទេសអូស្ត្រាលី នឹងចូលរួមក្នុងសមយុទ្ធទ័ពជើងទឹកMalabar នៅខែវិច្ឆិកាក្រោយនេះ ។វាជាចំណាត់ការមួយដែលមុខជានឹងធ្វើអោយចិនតវ៉ាប្រឆាំងជាខ្លាំង។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោកស្រី លីនដា រ៉េយណុល កាលពីយប់ថ្ងៃចន្ទទី១៩តុលាបាននិយាយថា សមយុទ្ធនេះប្រហែលជាការបង្ហាញការតាំងចិត្តរួមគ្នារបស់យើងដើម្បីគាំទ្រតំបន់«ឥណ្ឌូ-ប៉ាស៊ីហ្វិក»បើកចំហនិងចំរុងចំរើនមួយ ។
ចំណែកក្រសួងការពារជាតិឥណ្ឌា បាននិយាយថា សមយុទ្ធជើងទឹកនេះនឹងត្រូវធ្វើឡើងនៅសមុទ្រអារ៉ាប់ និងឆកសមុទ្របឹងហ្កាល់ ដែលជាចំណុចក្តៅសំរាប់ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងឥណ្ឌានិងចិន។
បើតាមអ្នកតាមដានសភាពការណ៍ នៅពីរបីសវត្សរ៍មកនេះចិនបានព្យាយាមបង្កើនឥទ្ធិពលខ្លាំងនៅមីយ៉ាន់ម៉ា ស្រីលង្ការ ប៉ាគីស្ថាននិងបង់ក្លាដែស ជាហេតុនាំអោយរដ្ឋាភិបាលក្រុងញូវដេល្លី របស់ឥណ្ឌាមានការព្រួយបារម្ភ។
ការហ្វឹកហាត់រួមគ្នានេះកើតឡើងចំពេលមានភាពតានតឹងការទូតរវាងចិននិងអូស្ត្រាលី ភាពតានតឹងសេដ្ឋកិច្ចរវាងចិននិងអាម៉េរិក ព្រមទាំងភាពតានតឹងយោធារវាងចិននិងឥណ្ឌា។
ជប៉ុនក៏មានជម្លោះដែនទឹកជាមួយចិននៅសមុទ្រចិនខាងកើត ហើយក៏បារម្ភអំពីឥទ្ធិពលរបស់ចិននៅក្នុងតំបន់ផងដែរ។
ឥណ្ឌានិងចិនបានបញ្ជូនទាហានរាប់ម៉ឺននាក់ទៅកាន់តំបន់ព្រំដែនដាច់ស្រយាលមួយ ចាប់តាំងពីមានការប៉ះទង្គិចគ្នាដោយកម្លាំងបាយ ដោយបានសម្លាប់ទាហានឥណ្ឌា២០នាក់ និងទាហានចិនក៏មានស្លាប់និងរបួស តែតួលេខមិនត្រូវបានបញ្ជាក់ប្រាប់។
ក្រុមចតុភាគីនេះ ត្រូវបានចាត់ទុកថាជាមធ្យោបាយមួយសំរាប់ទប់ទល់នឹងឥទ្ធិពលចិន តែពួកគេតែងមិនចុះសម្រុងគ្នាអំពីរបៀបនៃការប្រឈមមុខ ទប់ទល់ឬ ចាត់ការចិនប៉េកាំងដោយផ្ទាល់។តែមានការជំរុញថ្មីដើម្បីបង្កើតក្រុមនេះអោយចេញជាផ្លូវការឡើងដើម្បីទប់ទល់ចិន ជាពិសេសក្រោយកិច្ចពិភាក្សានៅក្រុងតូក្យូនៅខែនេះរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសពាក់ព័ន្ធទាំង៤។
នៅជំនួបនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក បានអំពាវនាវអោយសម្ពន្ធមិត្តអាស៊ី រួមគ្នាប្រឆាំង«ការកេងប្រវ័ញ្ញ អំពើពុករលួយនិងការបំភ័យបង្ខិតបង្ខំរបស់ចិន»នៅក្នុងតំបន់នេះ៕ប្រែសម្រួល៖វាសនា

នាវាកងទ័ពជើងទឹកអូស្ត្រាលីក៏បានចូលរួមសមយុទ្ធយោធាមួយនៅស្រីលង្កាកាលពីឆ្នាំមុន