រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានព្រមានថា ប្រទេសបែលហ្ស៊ិកកំពុងប្រឈមនឹងការឆ្លងវីរុសកូវីដ១៩ដ៏ខ្លាំង ដោយចង់ដូចទៅនឹងមហន្តរាយ “រលកស៊ូណាមី” ទៅហើយ។
ការព្រមាននេះធ្វើឡើង ស្របពេលដែលបំរាមគោចរនៅពេលយប់នៅប្រទេសនេះ បានចូលជាធរមានកាលពីថ្ងៃចន្ទទី១៩តុលា។
ភោជនីយដ្ឋាននិងបារបានបិទអស់រយៈពេលមួយខែ ហើយមន្ទីរពេទ្យមួយចំនួនបានពន្យារពេលការវះកាត់ដើម្បីបង្កើនការទប់ទល់នឹងការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩។
អត្រាឆ្លងនៅប្រទេសបែលហ្ស៊ិកគឺមានកម្រិតខ្ពស់បំផុតទី២ នៅអឺរ៉ុបបន្ទាប់ពីសាធារណរដ្ឋឆែកនិងករណីឆ្លងបានកើនឡើងទ្វេដងក្នុងមួយខែដល់ជាង ២២២.០០០ នាក់នៅក្នុងប្រទេសមួយដែលមានអ្នកស្លាប់ដោយជំងឺនេះច្រើនជាងប្រទេសជិតខាងអាឡឺម៉ង់។
លោកហ្វ្រែង វ៉ានដេនប្រូក រដ្ឋមន្ត្រីសុខាភិបាលបែលហ្ស៊ិក បានប្រាប់សារព័ត៌មានRTL ថា ” យើងពិតជានឹងជិតដល់កម្រិតមហន្តរាយដូច”រលកយក្សស៊ូណាមី” ។ស្ថានភាពនៅបែលហ្ស៊ិក និងតំបន់Wallonia គឺគ្រោះថ្នាក់ខ្លាំងបំផុតនៅអឺរ៉ុបទាំងមូល”។
ការព្រមាននេះបានកើតឡើងស្របពេលដែលប្រទេសអ៊ីតាលីបានអនុវត្តវិធានការរឹតបន្តឹងថ្មីបន្ទាប់ពីអត្រាឆ្លងបានកើនឡើងទ្វេដងក្នុងរយៈពេលមួយសប្តាហ៍ ដោយមានករណីឆ្លងថ្មីជិត ៦០.០០០នាក់ក្នុងរយៈពេល៧ថ្ងៃ។
ប្រទេសរុស្ស៊ីក៏បានរាយការណ៍ការឆ្លងកើនឡើងខ្ពស់បំផុតផងដែរគឺមានចំនួន១៥.៩៨២ករណីក្នុងរយៈពេលតែមួយថ្ងៃកាលពីថ្ងៃចន្ទខណៈពេលដែលសាធារណរដ្ឋឆែក គឺជិតនឹងបិទប្រទេសទាំងស្រុងជាលើកទី២ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ៕ប្រែសម្រួល៖សុខា/sn

គិតមកត្រឹមថ្ងៃចន្ទទី១៩ខែតុលា ប្រទេសបែលហ្ស៊ិកមានករណីឆ្លងវីរុសសរុប២២២.២៥៣នាក់ និងមានអ្នកស្លាប់១០.៤១៣នាក់នាំអោយរដ្ឋមន្ត្រីសុខាភិបាលព្រមានអំពីស៊ូណាមីកូវីដ១៩