យោងតាមមន្ត្រីឥណ្ឌូនេស៊ី៤នាក់ដែលដឹងរឿងនេះបានអោយដឹងថា ឥណ្ឌូនេស៊ីបានច្រានចោលសំណើរបស់អាម៉េរិកដើម្បីអនុញ្ញាតអោយយន្តហោះស៊ើបការណ៍លើសមុទ្រធុនP-8 Poseidonរបស់ខ្លួន ចុះចតនិងចាក់សាំងនៅទីនេះ។
មន្ត្រីទាំងនេះបាននិយាយថា ពួកមន្ត្រីអាម៉េរិកបានស្នើសុំជាច្រើនលើកមកហើយនៅខែកក្កដា និងខែសីហា មកកាន់រដ្ឋមន្ត្រីការពារជាតិនិងការបរទេសឥណ្ឌូនេស៊ី មុនស្នើមកកាន់ប្រធានាធិបតីចូកូ វីដូដូ ដែលបានបដិសេធសំណើនេះ។
ទោះជាយ៉ាងណា តំណាងប្រធានាធិបតី និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី ការិយាល័យព័ត៌មាននៃក្រសួងការបរទេសអាម៉េរិក និងស្ថានទូតអាម៉េរិកនៅក្រុងហ្សាការតាមិនបានឆ្លើយតបទេនៅពេលត្រូវបានសួរអំពីការលើកឡើងដូច្នេះ។
ពួកមន្ត្រីបាននិយាយថា សំណើនេះបានបង្កការភ្ញាក់ផ្អើលក្នុងចំណោមមន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ី ដោយសារតែឥណ្ឌូនេស៊ីមានប្រវត្តិយូរមកហើយគឺ រក្សាអព្យាក្រិតភាពខាងគោលនយោបាយការបរទេស។ប្រទេសនេះមិនដែលអនុញ្ញាតអោយយោធាបរទេសណាប្រតិបត្តិការចេញពីទឹកដីរបស់ខ្លួនទេ។
សូមបញ្ជាក់ថា យន្តហោះP-8 Poseidonដើរតួនាទីស្នូលមួយនៅក្នុងការឃ្លាំមើលសកម្មភាពយោធាចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលរដ្ឋាភិបាលក្រុងប៉េកាំងអះអាងជាកម្មសិទ្ធិភាគច្រើន។វៀតណាមម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ ក៏អះអាងប្រជែងគ្នានៅតំបន់ដែនទឹកដ៏សំបូរធនធាននេះដែរ។
ឥណ្ឌូនេស៊ី មិនជាអ្នកអះអាងទាមទារកម្មសិទ្ធិផ្លូវការលើផ្លូវទឹកយុទ្ធសាស្ត្រនេះទេ តែគិតថាចំណែកមួយនៃសមុទ្រចិនខាងត្បូងក៏ជារបស់ខ្លួនផងដែរ។ប្រទេសនេះតែងតែបណ្តេញនាវាឆ្មាំសមុទ្រនិងទូកនេសាទចិនចេញពីតំបន់ដែនទឹកដែលគិតថាជារបស់ខ្លួន។
តែឥណ្ឌូនេស៊ី ក៏មានទំនាក់ទំនងសេដ្ឋកិច្ចនិងការវិនិយោគកាន់តែកើនឡើងជាមួយចិន ហើយមិនចង់កាន់ជើងខាងណាទេក្នុងជម្លោះរវាងមហាអំណាចចិននិងអាម៉េរិក៕ប្រែសម្រួល៖វាសនា

យន្តហោះP-8 Poseidonដើរតួនាទីស្នូលមួយនៅក្នុងការឃ្លាំមើលសកម្មភាពយោធាចិននៅក្នុងសមុទ្រចិនខាងត្បូង