ដោយ:បូកគោ/កំពតៈ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងដាក់ផែនការអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២០ នារសៀលថ្ងៃទី១៩ ខែតុលា ប្រធានគណៈ កម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពតអំពាវនាវដល់សប្បុរសជនដែលបានប្រកាសបរិច្ចាគត្រឹមតែតួលេខកន្លងមកត្រូវប្រគល់ថវិកាជាក់ស្តែងដើម្បីយកមកប្រើប្រាស់តាមតម្រូវការ។
លោកជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពតបានមានប្រសាសន៍ថាក្រុមការងារប្រតិបត្តិនៃសាខាកាកបាទក្រហមខេត្តត្រូវប្រមូលថវិកាជាក់ស្តែងពីគ្រប់សប្បុរសជនដែលបានប្រកាសបរិច្ចាគថវិកាដើម្បីអបអរសាទរទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ឱ្យរួចរាល់បំណង យកមកប្រើប្រាស់សម្រាប់សកម្មភាពមនុស្សធម៌ទូទៅ។ ការប្រកាសផ្តល់ជូនដោយម្ចាស់ក្រុមហ៊ុន សហគ្រាស និងសប្បុសជនត្រឹមតែតួលេខកាលនោះ អ្នកខ្លះមានចំនួន ៥.០០០ដុល្លារ ខ្លះ១០.០០០ដុល្លារ ជាសរុបប្រមាណជាង៤០.០០០ដុល្លារ។ លោកប្រធានគណៈកម្មាធិការបានបញ្ជាក់ថាទឹកប្រាក់ដែលបណ្តាក្រុងស្រុកប្រមូលបានកន្លងមក សាខាកាកបាទក្រហមខេត្តត្រូវធ្វើវិភាជទៅតាមអនុសាខាក្រុងស្រុកឱ្យបានឆាប់រហ័សដើម្បីជួយដល់ជនរងគ្រោះ ក៏ដូចជាពលរដ្ឋងាយរងគ្រោះទាន់ពេលវេលា និងចំគោលដៅពិតប្រាកដ។ រាល់ថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគដែលសប្បុរសជនបានបរិច្ចាគមិនមែនសម្រាប់សន្សំទុកនោះទេ គឺត្រៀមចាយ និងចែកជូនដល់ដៃពលរដ្ឋក្រីក្រ កុមារកំព្រា ចាស់ជរាគ្មានទីពឹង ព្រមទាំងអ្នករួមរស់ជាមួយមេរោគអេដស៍/ជំងឺអេដស៍ ព្រមទាំងជនរងគ្រោះដោយសារបាតុភូតធម្មជាតិជាដើម។
សូមរំលឹកថាតាមរយៈការអំពាំវនាវ និងកៀរគរសប្បុរសជននានាដើម្បីអបអរសាទរទិវាកាកបាទក្រហមអឌ្ឍ-ចន្ទក្រហមអន្តរជាតិ ៨ ឧសភា ឆ្នាំ២០២០ គណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពតបានទទួលថវិកាប្រមាណជាង៤២ម៉ឺនដុល្លារ។ ក្នុងចំនួនតួលេខទាំងនោះ សប្បុរសជនមួយចំនួនមិនទាន់បានផ្តល់ជាថវិកាជាក់ស្តែងនៅឡើយ៕/b