ដោយៈសុផល/ភ្នំពេញ ៖ ផ្លូវក្រវាត់ក្រុងទី៤ ដែលមានប្រវែងជិត២០០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ នឹងចាប់ផ្តើមស្ថាបនាឆាប់ៗនាពេលខាងមុខ បន្ទាប់ពីក្រុមហ៊ុនសាងសង់បានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០នេះ។
ទាក់ទងនឹងគម្រោងនេះក្រសួងសាធារណការនិងដឹកជញ្ជូន,អង្គភាពពាក់ព័ន្ធ និងតំណាង ក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន នាថ្ងៃទី១៩ ខែតុលា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និង តម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ នៅទីស្តីការក្រសួង។
លោក លីម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្ដម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និង តម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង មន្ត្រីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិនផងដែរ។
សិក្ខាសាលានេះ មានគោលបំណង ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ យន្តការការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និងតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍អំពីផលប៉ះពាល់លើអនុវត្តគម្រោងនេះ និងដើម្បីប្រមូលធាតុចូលបន្ថែមឱ្យគ្រប់ជ្រុងជ្រោយ សម្រាប់ការអនុវត្តគម្រោងផ្លូវក្រវាត់ក្រុងទី៤នេះមានភាពរលូន និងប្រសិទ្ធភាពខ្ពស់។
លោក លីម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ ក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាពីផ្លូវខ្សែក្រវាត់ក្រុងទី៤នេះ តាំងពីឆ្នាំ២០១៨ ពេលនេះក្រុមហ៊ុនបានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០។ ផ្លូវក្រវាត់ក្រុងទី៤នេះមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា៖ ផ្លូវក្រវាត់ក្រុងទី៤ជាផ្លូវមួយមានសារៈសំខាន់ ក្នុងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ផ្លូវជាតិផ្សេងៗនិងទៅកាន់ព្រំដែនប្រទេស វៀតណាមនិងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត។
លោករដ្ឋលេខាធិកា ក៏បានបានលើកឡើងផងដែរថា៖ ក្រៅពីការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវតាមដងផ្លូវខុសច្បាប់ ឬការទន្ទ្រាន យកដីចំណីផ្លូវយកមកគ្រប់គ្រងធ្វើឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បង្កឱ្យកកស្ទះដល់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូបង្ហូរទឹក ប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជន ឬទីក្រុងបានធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងកាក់សំណល់ ការសម្អាតបរិស្ថានថែមទៀតផង។
លោក លីម ស៊ីដេនីន ក៏បានជំរុញលើកទឹកចិត្តឲ្យក្រសួង ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ លើកសំណើទៅរដ្ឋបាលខេត្ត សិក្សាទីតាំងចាក់សំរាម ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងការទន្ទ្រានយកដីចំណីផ្លូវ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពការទន្ទ្រានយកដីចំណីផ្លូវ ការចាក់ដីលុបរំលោភលើដីចំណីផ្លូវ ដែលធ្វើឲ្យផ្លូវបាត់បង់សោភ័ណភាព នឹងបណ្ដាលឲ្យផ្លូវឆាប់ខូចមុនពេលកំណត់៕/b