ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖សកម្មភាពដឹកនាំក្រុមតារាចម្រៀងល្បីៗក្នុងផលិតកម្មហ្កាឡាក់ស៊ី មានដូចជា លោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និងកញ្ញា ក សុវណ្ណារី ចុះទៅ ស្រុក មង្គលបុរី នាំស្បៀង ៥០តោន និងអាហារហូបចុកផ្សេងៗ ជូនប្រជាពលរដ្ឋដែលកំពុងជន់លិច ត្រូវបានលោក ទេសរដ្ឋមន្ត្រី គន់ គីម បានស្វាគមន៍ និងកោតសរសើរនូវទឹកចិត្តមនុស្សធម៌ដ៏ធំធេង របស់លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ជាខ្លាំង។
លោក ទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ទុកកាយវិការរបស់លោកឧកញ៉ា ដែល មានអតីតភាពជាក្មេងទីជនបទក្រីក្រ និងជាពលករនៅប្រទេសកូរ៉េខាងត្បូងរូបនេះថា ជាកាយវិការដ៏ល្អប្រសើរ និងជាគំរូមួយនៅក្នុងសង្គមកម្ពុជា។ លោកទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ថា ការរួមចំណែកនេះ ឆ្លើយតបចំសភាពការណ៍ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់កំពុងជួបការលំបាក និងខ្វះខាត ព្រោះតែទឹកជំនន់។នេះជាកាយវិការល្អមួយសម្រាប់សង្គមយើង។
លោកបានបញ្ជាក់ថា “យើងមានបាន យើងថ្កុំថ្កើង ក៏ដោយសារបានការគាំទ្រពីប្រជាជន ដូច្នេះពេលប្រជាជនមានទុក្ខលំបាក យើងត្រូវជួយរំលែកការលំបាករបស់ គាត់។ទង្វើល្អដែលយើងបានធ្វើចំពោះគាត់នឹងធ្វើឱ្យជីវិតយើងមិនសាបសូន្យនោះឡើយ”។
លោកឧកញ៉ា ឡេង ណាវ៉ាត្រាបានលើកឡើងចំពោះមុខក្រុមអ្នកសារព័ត៌មានដែលបានចុះទៅព័ត៌មានដោយផ្ទាល់ក្នុងសកម្មភាពមនុស្សធម៌នេះថា «នៅពេលដែល ឃើញបងប្អូនខ្មែរមានទុក្ខ ខ្ញុំតែងតែមានទុក្ខជាមួយគាត់។ អ៊ីចឹងយើងមានសេចក្តីសុខ នៅពេលយើងបានចែករំលែកទៅដល់គាត់ ព្រោះយើងគិតថា ជីវិតយើងរស់មិនវែងទេ ១០ឆ្នាំ, ២០ឆ្នាំ, ៣០ឆ្នាំទៀត យើងមិនចឹងថានៅពេលណា? យើងមានឱកាសហ្នឹង អាចជួយគ្នាបាន យើងគួរតែជួយ ព្រោះគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់មាន សេចក្តីសុខដែរ ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ»៕