Home ព័ត៌មានជាតិ សង្គម អនុប្រធានទី២ព...

អនុប្រធានទី២ព្រឹទ្ធសភានាំយកអំណោយប្រមុខរដ្ឋស្តីទីជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅបាត់ដំបង

ដោយៈសុផល/បាត់ដំបង ៖ កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា តំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន៥០០គ្រួសារ នៅស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ កិត្តិសង្គហបណ្ឌិត ទេព ងន បានមានប្រសាសន៍ថា៖ ក្នុងរយៈប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាខេត្តជាច្រើន ដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិ៍សាត់ កំពង់ស្ពឺ បាត់ដំបង និងខេត្តព្រះវិហារ បាននឹងកំពុងរងគ្រោះដោយសារទឹកជំនន់ដែលបណ្តាលឱ្យខួចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើន។ក្រោមការដឹកនាំដ៏ឆ្លាសវែរបស់ថ្នាក់ដឹកនាំ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគួរអំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ក្នុងនោះសម្តេចអគ្គមហាសេនាបតីតេជោបានណែនាំដល់អាជ្ញាធរទាំងគ្រប់លំដាប់ថ្នាក់ឱ្យចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅទូទាំងប្រទេស និងខិតខំជួយដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានិងមិនឱ្យប្រជាពលរដ្ឋរងគ្រោះណាមួយខ្វះស្បៀងអាហារបរិភោគនោះឡើយ។

កិត្តិសង្គហបណ្ឌិត ទេព ងន បានអំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រកាន់ខ្ជាប់នូវការអនាម័យនិងសូមមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសផុតពីគ្រោះថ្នាក់ធម្មជាតិនិងត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗកុំឱ្យលេងទឹកដើម្បីបង្ការនិងទប់ស្កាត់នូវគ្រោះថ្នាក់ដល់អាយុជីវិតជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជំងឺផ្សេងៗ។ ជាមួយគ្នានេះ លោកក៏បានកោតសសើរដល់អាជ្ញាធរ និងកងកម្លាំងក្នុងស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោកអនុប្រធានទី២ព្រឹទ្ធសភា ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទត្រូវបន្តអនុវត្តជារៀងរាល់ថ្ងៃនូវយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការនិងទប់ស្កាត់នៃការរីករាលដាល ជំងឺកូវីដ១៩ ស្របតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន៥០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២០ គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ឋ១កេស៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular