ដោយៈមជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញៈលោក ផេនហ្គីរេន ខាស្មីហាន ផេនហ្គីរេន ថាហ៊ី ឯកអគ្គរាជទូតនៃស្ថានទូតព្រះរាជាណាចក្រព្រុយណេប្រចាំនៅកម្ពុជា បានធ្វើទស្សនកិច្ចមកកាន់ “បណ្ណាល័យសម្តេចម៉ែ” នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

ព្រុយណេគឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០។ជាប្រទេសដែលប្រកាន់របបរាជាធិបតេយ្យមានព្រះមហាក្សត្រគ្រងរាជ្យនិងកាន់អំណាច។ព្រុយណេតែងតែផ្តល់ការគាំទ្រដោយប្រយោលជារៀងរហូតមកដល់ការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងការសិក្សាស្រាវជ្រាវទៅលើជនជាតិចាមនៅកម្ពុជា។ប្រទេសព្រុយណេគោរពប្រតិបត្តិសាសនាអ៊ីស្លាម។
គួររំឭកថាចាប់តាំងពីចាប់បដិសន្ធិមកមជ្ឈមណ្ឌលឯកសារកម្ពុជាមានបុគ្គលិកកាន់សាសនាអ៊ីស្លាមសរុបប្រមាណ១៥ភាគរយនៃបុគ្គលិកទាំងអស់។ បុគ្គលិកដែលមានដើមកំណើតជាជនជាតិចាមមូស្លីមទាំងនេះបានធ្វើការសិក្សាស្រាវជ្រាវ សរសេរ និងបោះពុម្ពសៀវភៅផ្សេងៗទាក់ទងជាមួយនឹងសហគមន៍របស់ខ្លួន។ សៀវភៅ”ការចងចាំរបស់ស្ត្រីចាមមូស្លីម ស្តីអំពីរឿងរ៉ាវក្នុងសម័យខ្មែរក្រហម” ដែលជាស្នាដៃនិពន្ធរបស់លោកស្រីសូហ្វារីណានាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
មជ្ឈមណ្ឌលឯកសារកម្ពុជាគឺជាស្ថាប័នដំបូងបង្អស់ដែលបានយកចិត្តទុកដាក់និងធ្វើការជាមួយសហគមន៍ខ្មែរឥស្លាមចាប់តាំងពីឆ្នាំ១៩៩៥មកម្ល៉េះតាមរយៈការស្រង់យកប្រវត្តិសាស្ត្រផ្ទាល់មាត់ដោយចុះទៅធ្វើការនៅតាមបណ្តាវិហារសាសនាអ៊ីស្លាមទាំងអស់នៅក្នុងប្រទេសកម្ពុជា។

មជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្តល់ឯកសារនានាដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីធ្វើការកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម។ នៅក្នុងសំណុំរឿង ០០២/០២ ទាក់ទងនឹងការទទួលខុសត្រូវរបស់នួនជានិងខៀវសំផនចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩។ ជនជាប់ចោទទាំងពីររូបត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងជនជាតិចាម ស្តីអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ តាមរយៈការធ្វើមនុស្សឃាត, ការបាត់ខ្លួនដោយបង្ខំ, ការសម្លាប់រង្គាល, ការដាក់ក្នុងមន្ទីរឃុំឃាំង, ការធ្វើទារុណកម្ម, ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយនិងសាសនាអំពើអមនុស្សធម៌ផ្សេងៗទៀតក្រោមទម្រង់ជាការប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់មនុស្ស ។
កន្លងមកមជ្ឈមណ្ឌលឯកសារកម្ពុជាមានកិច្ចសហការសិក្សាស្រាវជ្រាវជាមួយប្រទេសឥណ្ឌូនេស៊ី និងប្រទេសមីយ៉ាន់ម៉ា លើបញ្ហាសិទ្ធិមនុស្ស បញ្ហារើសអើងពូជសាសន៍ និងការសម្លាប់រង្គាល។
លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាធ្លាប់បានបំពេញបេសកកម្មនៅប្រទេសអ៊ីរ៉ាក់ក្នុងការប្រមែប្រមូលភ័ស្តុតាងបទឧក្រិដ្ឋកម្មអន្តរជាតិនានា ដែលជាឯកទេសរបស់លោក ដើម្បីចូលរួមក្នុងដំណើរការរៀបចំតុលាការកាត់ទោស អតីតប្រធានាធិបតីអ៊ីរ៉ាក់គឺលោក សាដាម ហ៊ូសេន។

នៅក្នុងអំឡុងពេលទស្សនកិច្ចប្រមាណជាង២ម៉ោងលោកឆាំងយុបានរៀបរាប់ជូនភ្ញៀវអំពីពិព័រណ៍ព្រះឆាយាលក្ខ័ណ៍សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងព្រះរាជ្យវង្សានុវង្ស, បន្ទប់បណ្ណាល័យដែលមានផ្ទុកសៀវភៅរាប់ពាន់ក្បាល, រូបថត, ឯកសារសោទស្សន៍,បណ្ណសារឌីជីថលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា,ពិព័រណ៍ស្តីអំពីសាវតានិងអត្ថន័យនៃការរចនាប្លង់អគារវិទ្យាស្ថានស្លឹករឹតនិងការរចនាប្លង់អគារវិទ្យាស្ថានស្លឹករឹតរបស់លោកស្រី ហ្សាហា ហាឌីដ ដែលជាស្ថាបត្យករស្ត្រីដ៏ល្បីល្បាញនៅលើពិភពលោក។ ក្រៅពីនេះ លោកស្រី សូ ហ្វារីណា បានបង្ហាញអំពីទីតាំងស្រាវជ្រាវ, មជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្ណាល័យខ្មែរក្រហមនៅតាមបណ្តាខេត្តទាំង១០។
បន្ទាប់មកក្រុមការងារនៃមជ្ឈមណ្ឌលឯកសារកម្ពុជានិងភ្ញៀវកិត្តិយសបានពិភាក្សាគ្នាទៅលើបញ្ហាផ្សេងៗស្តីពីការប្រឈមនានារបស់ក្រុមជនជាតិភាគតិចនៅកម្ពុជា និងការថែរក្សាសន្តិភាពនៅក្នុងសហគមន៍មូលដ្ឋាន។

នៅចុងបញ្ចប់នៃដំណើរទស្សកិច្ចលោកឯកអគ្គរាជទូត ផេនហ្គីរេន ខាស្មីហាន ផេនហ្គីរេន ថាហ៊ីតំណាងឲ្យប្រតិភូកិត្តិយស និងស្ថានទូតព្រះរាជាណាចក្រព្រុយណេប្រចាំនៅកម្ពុជាបានផ្តល់ជាចំណារអនុស្សាវរីយ៍លើសៀវភៅក្រាំងមាសរបស់«បណ្ណាល័យសម្តេចម៉ែ»ដែលមានសេចក្តីដូចតទៅ៖
“សូមអរគុណចំពោះបទពិសោធន៍និងទស្សនកិច្ចដ៏អស្ចារ្យនេះ។ នេះគឺជាបទពិសោធន៍យ៉ាងវិសេសវិសាលសម្រាប់ខ្ញុំក្នុងការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងការដែលសម្តេចព្រះវររាជបិតាជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិសាស្ត្រ។ ខ្ញុំសង្ឍឹមថាមជ្ឈមណ្ឌលឯកសារកម្ពុជានិងអាចអភិរក្សឯកសារនិងបណ្ណសារសម្រាប់មនុស្សជំនាន់ក្រោយ។ សារមន្ទីរនេះអាចនឹងមានទំហំតូចប៉ុន្តែគឺជាសមុច្ច័យនៃបណ្ណសារដ៏ធំសម្បើមសម្រាប់អ្នករាល់គ្នាដែលចាប់អារម្មណ៍ក្នុងការសិក្សានិងស្រាវជ្រាវអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា ជាពិសេសនៅក្នុងអំឡុងរបបខ្មែរក្រហម។ សូមអរគុណសាជាថ្មីម្តងទៀត។”៕សរន








