ដោយៈ មេសា/សៀមរាប-ពួកៈ នៅព្រឹកថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានជួបសំណេះសំណាល សួរសុខទុក្ខ និង នាំយកអំណោយចែកជូនដល់ប្រជាជនចំនួន ២០០ គ្រួសារ ដែលអ្នកទទួលផលពី កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ និង បងប្អូនរងគ្រោះដោយទឹកជំនន់ ហើយពិធីនេះ បានធ្វើនៅក្នុងសាលាបឋមសិក្សា រើល ស្ថិតនៅក្នុងភូមិ ត្រពាំងស្វាយ ឃុំ រើល ស្រុក ពួក ខេត្ត សៀមរាប ដែលអំណោយទាំងនេះ មានដូចជា អង្ករ មី ទឹកត្រី ទឹកស៊ិអ៊ីវ មុង ភួយ និង ថវិកា ជាដើម។
សូមជម្រាបជូនដោយសង្ខេបថា កាលពីព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ នេះ លោក វង សូត បានជួបសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ ដល់បងប្អូនប្រជាជនអ្នកទទួលផលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ខាងលើនេះ និង អ្នករងគ្រោះដោយទឹកជំនន់ចំនួន ៣០០ គ្រួសារនៅឃុំ ជ្រោយស្តៅ ស្រុក ថ្មគោល ខេត្ត បាតដំបង ។
លុះដល់ពេលរសៀលថ្ងៃទី ១៩ ដដែលនោះ លោក រដ្ឋមន្ត្រី វង សូត ក៏បានចុះជួបសួរសុខទុក្ខ និង ចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣០០ គ្រួសាផ្សេងរទៀតនៅខេត្ត បន្ទាយមានជ័យ ដែលពិធីនោះធ្វើនៅក្នុងវត្ត ទឹកថ្លា ក្រុង សេរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។ ដូច្នេះបើបូកសរុបទាំងព្រឹកថ្ងៃទី ២០ នេះផង រយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១៩ និង ទី ២០ ខែ តុលា ឆ្នាំ ២០២០ នេះ លោករដ្ឋមន្ត្រី វង សូត បានជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាជនដែលជាអ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ និង ប្រជាជនរងគ្រោះដោយទឹកជំនន់ សរុប ៨០០ គ្រួសារ នៅក្នុងខេត្ត ចំនួន ៣ គឺខេត្ត បាត់ដំបងប ខេត្ត បន្ទាយមានជ័យ និង ខេត្តសៀមរាប ហើយអំណោយទាំងនោះសរុបជាទឹកប្រាក់ប្រមាណជាជាង ០៣ ម៉ឺន ដុល្លារអាមេរិក ។
នៅរាល់បន្ទាប់ពីការជួបសំណេះសំណាលទាំងនោះទៅ លោករដ្ឋមន្ត្រី ក៏តែងតែបានចុះសួរសុខទុក្ខ ពិនិត្យមើលស្ថានភាពជីវភាពរបស់អ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ និង អ្នករងគ្រោះដោយទឹកជំនន់ខ្លះទៀត ដល់ផ្ទះ នៅតាមភូមិមួយចំនួន ហើយក៏បានទៅពិនិត្យមើលដំណើរការបើកប្រាក់ជូនបងប្អូនអ្នកទទួលផលដោយផ្ទាល់ផងដែរ ។
ប្រការគួរកត់សម្គាល់គឺថា នៅរាល់ពេលជួបសំណេះសំណាលទាំងនោះ លោក រដ្ឋមន្ត្រី តែងតែបានផ្តាំផ្ញើក្រើនរំឭកដល់បងប្អូនប្រជាជនទាំងនោះឱ្យយកចិត្តទុកដាក់កុំធ្វេសប្រហែស ថែរក្សាសុខភាព និង សុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុខភាព និង សុវត្ថិភាពគ្រួសារនៅអំឡុងពេលទឹកជំនន់នេះឱ្យបានល្អ ហើយក៏មិនត្រូវភ្លេចជំងឺកូវីដ ១៩ ដែរ ព្រោះថា បើទោះបីជាកម្ពុជា កំពុងប្រឈមនឹងទឹកជំនន់ក្តី ក៏ កម្ពុជា មិនទាន់មានសុវត្ថិភាពទាំងស្រុងពីជំងឺកូវីដ ១៩ នៅឡើយទេ ។
ម្យ៉ាងទៀតលោករដ្ឋមន្ត្រី វង សូត ក៏តែងតែបានផ្តាំផ្ញើដល់អ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំងអស់ ឱ្យប្រើប្រាស់ថវិកាដែលរាជរដ្ឋាភិបាល កម្ពុជា បើកផ្តល់ជូនតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ នោះឱ្យបានត្រឹមត្រូវ ឱ្យបានជាប្រយោជន៍ដល់គ្រួសារ ចៀសវាងការប្រើប្រាស់មិនបានត្រឹមត្រូវ ដូចជាយកទៅចំណាយលើគ្រឿងស្រវឹង និង ល្បែងស៊ីសងជាដើម ហើយការផ្តាំផ្ញើបែបនេះ មិនមែនជាលើកទី ១ ទេ គឺគេបានឮលោករដ្ឋមន្ត្រី វង សូត ថ្លែងផ្តាំផ្ញើបែបនេះជាបន្តបន្ទាប់មកហើយ ៕Kh





