ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ចាប់តាំងពីដើមខែមកទល់ថ្ងៃទី២០ខែតុលាឆ្នាំ២០២០ នេះ ផ្លូវជាតិនិងផ្លូវខេត្តនៅខេត្តបន្ទាយមានជ័យបានទទួលរងគ្រោះច្រើនដោយទឹកជំនន់។ ឆ្លើយតបនឹងបញ្ហានេះ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងបណ្តាភាគីពាក់ព័ន្ធ។
ចំណុចរងគ្រោះ ប៉ះពាល់និងខូចខាតដោយទឹកជំនន់មានផ្លូវជាតិលេខ៥ នៅទីរួមស្រុកមង្គលបូរី , នៅព្រំប្រទល់ក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី , នៅក្បាលស្ពាននៃផ្លូវខេត្ត១៥៦ដេ ឃុំគយម៉ែង និងនៅផ្លូវជាតិលេខ៥៦ ស្ពានលេខ១ (ស្ពានអាមេរិកាំង)ទីរួមស្រុកថ្មួក ។ល។
ទន្ទឹមនឹងនេះ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានបន្តការងារថែទាំផ្លូវជាតិលេខ៥ ចន្លោះពី PK402+500 ទៅដល់ PK402+700 ផ្នែកខាងឆ្វេងដៃ លុបសំបុកមាន់ដោយលាយល្បាយថ្មមិច ស៊ីម៉ង់ និងកៅស៊ូ និងត្រង់ PK357+700 ការពារទឹកហូរច្រោះក្បាលស្ពាន នៅក្រុងសិរីសោភ័ណ ។
រីឯការងារថែទាំផ្លូវជាតិលេខ៥៦ ចន្លោះពី PK15+000 ទៅដល់ PK25+000 ដោយសម្អាតរុក្ខជាតិផ្នែកខាងស្តាំដៃ និងលុបសំបុកមាន់ដោយលាយល្បាយថ្មមិច ស៊ីម៉ង់ និងកៅស៊ូ ។ក៏មានការបន្តការងារថែទាំផ្លូវជាតិលេខ៥៦D ចន្លោះពី PK1+500 ទៅដល់ PK13+500 ដោយសម្អាតរុក្ខជាតិសងខាងផ្លូវ ស្រុកថ្មពួក និងផ្លូវខេត្តលេខ២៦៨A ចន្លោះពី PK34+000 ទៅដល់ PK36+000 ដោយសម្អាតរុក្ខជាតិសងខាងផ្លូវផងដែរ៕ R