ដោយ: វ៉ៃកូ / ស្វាយរៀង: លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី ចុះពិនិត្យមុខទំនិញ នៅផ្សារវាលយន្ត ក្រុង-ខេត្តស្វាយរៀង និងតូបលក់ដូរ ក្នុងមន្ទីរពេទ្យ ខេត្តស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមី និងទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់ ដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាព ប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។
ក្នុងឱកាសនោះ លោកលោក ផឹង និល បានឲ្យដឹងថាៈ ក្នុងការត្រួតពិនិត្យនោះ មន្ត្រីជំនាញយើង បានពិនិត្យគ្រឿងឧបភោគ បរិភោគ នៅតាមស្តង់ក្នុងផ្សារ តាំងលក់ទំនិញមួយចំនួន និងបានធ្វើតេស្តបឋម លើម្ហូបអារហាចំនួន ២៦ គំរូ ដើម្បីស្វែងរកសារធាតុគីមី ហាមឃាត់ ដែលធ្វើអោយប៉ះពាល់ ដល់សុខភាព ប្រជាពលរដ្ឋ។ ជាពិសេសមន្ត្រី ក.ប.ប យើង ក៏បានផ្សព្វផ្សាយ អនុក្រឹត្យលេខ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និងកុមារ លើសំបកវេចខ្ចប់ ម្សៅទឹកដោះគោ។
លោកបានបញ្ជាក់ថាៈ ជាលទ្ធផល ក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើង បានរកឃើញទំនិញ មានសារធាតុគីមី ដូចជា ងៀតបបែល ចំនួន ៧ គីឡូក្រាម និងពពុះសណ្តែក ចំនួន ៥ គីឡូក្រាម មានផ្ទុកសារធាតុគីមីប៉រ៉ាក់ ហើយមន្ត្រីជំនាញយើង បានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ យកមករក្សាទុក ដើម្បីត្រៀមដុតកម្ទេចចោល នៅពេលក្រោយ៕ ល