គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារទី២០តុលា បានអនុម័តសំណើកោះប្រជុំសភាពិសេសមួយចាប់ពីថ្ងៃ២៦ដល់២៧តុលាដើម្បីដោះស្រាយសម្ពាធនយោបាយមកពីការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។
សំណើសុំបើកសម័យប្រជុំពិសេសក្នុងពេលសភាវ៉ាកងនេះ កើតចេញពីប្រធានសភា ឈួន លីកផៃ ដែលកាលពីថ្ងៃចន្ទបាននិយាយថា ទាំងរដ្ឋាភិបាលនិងក្រុមប្រឆាំងបានគាំទ្រវា។ចំណែកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ក៏បាននិយាយថា លោកគាំទ្រចំណាត់ការនេះផងដែរ។
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃចន្ទថាលោកមិនមានផែនការពង្រីកការប្រើច្បាប់គ្រាអាសន្នទៅក្រៅក្រុងបាងកកទេ
មានភាពទាល់ច្រកមួយរវាងរដ្ឋាភិបាល និងពួកអ្នកតវ៉ាប្រឆាំងដឹកនាំដោយចលនានិស្សិត ដែលចង់អោយលោកប្រាយុទ្ធ លាឈប់ កែរដ្ឋធម្មនុញ្ញអោយប្រជាធិបតេយ្យឡើង និងកែទំរង់របបរាជានិយមអោយស្របតាមខចែងក្នុងរដ្ឋធម្មនុញ្ញ គឺព្រះមហាក្សត្រគង្គនៅដាច់ពីនយោបាយ។
ពួកអ្នកតវ៉ាចោទប្រកាន់លោកប្រាយុទ្ធ ដែលជាមេដឹកនាំរដ្ឋប្រហារយោធាឆ្នាំ២០១៤ ថាវិលមកកាន់អំណាចដោយមិនយុត្តិធម៌នៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំមុន ដោយសារច្បាប់ត្រូវបានផ្លាស់ប្តូរដើម្បីអំណោយផលដល់ក្រុមយោធា។ពួកគេថា រដ្ឋធម្មនុញ្ញតាក់តែងឡើងក្រោមរបបយោធា មិនប្រជាធិបតេយ្យទេ។
តែការទាមទារប្រទូសរ៉ាយបំផុតរបស់គេគឺច្បាប់checks and balances ដើម្បីកុំអោយស្តេចមានអំណាចហួសហេតុជ្រុលហួសពីខចែងក្នុងរដ្ឋធម្មនុញ្ញនៃរបបរាជានិយមអាស្រ័យធម្មនុញ្ញរបស់ថៃ ។ពួកគេក៏ចង់អោយដកចេញច្បាប់ប្រមាថដែលហាមការរិះគន់ឬសម្តែងមតិប៉ះពាល់ស្តេច សមាជិករាជវង្សនិងរាជាធិបតេយ្យផងដែរ។
សូមបញ្ជាក់ថា រដ្ឋាភិបាលបានស្វះស្វែងធ្វើអោយចុះខ្សោយការតវ៉ាប្រឆាំងនេះដោយប្រកាសប្រើច្បាប់គ្រាអាសន្ននៅក្រុងបាងកកចាប់តាំងពីសប្តាហ៍មុនមក ដោយហាមការជួបជុំនយោបាយចាប់ពីមនុស្ស៥នាក់ឡើង តែពួកបាតុកររាប់ពាន់នៅតែផ្គើននិងបន្តជួបជុំតវ៉ាទាមទាររាល់ថ្ងៃចាប់តាំងពីពេលនោះមក។
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃចន្ទថាលោកមិនមានផែនការពង្រីកការប្រើច្បាប់គ្រាអាសន្ននៅក្រៅក្រុងបាងកកទេ ទោះជាការប្រឆាំងតវ៉ាឥឡូវរីករាលដាលពាសពេញប្រទេស។
សភាថៃកាលពីខែកញ្ញាបានប៉ុនប៉ងដោះស្រាយការទាមទារមួយក្នុងចំណោមការទាមទារជាច្រើនរបស់បាតុករ ដោយបានកោះប្រជុំបោះឆ្នោតស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ៦ចំណុចតែការបោះឆ្នោតនោះត្រូវបានលុបចោលនៅនាទីចុងក្រោយ នៅពេលសភាបោះឆ្នោតបង្កើតគណៈកម្មាធិការមួយជំនួសវិញសំរាប់ពិចារណាសំណើទាំងនោះ។
តាមពិតការកែប្រែរដ្ឋធម្មនុញ្ញថៃ ទាមទារការបោះឆ្នោតគាំទ្ររួមរបស់សភានិងព្រឹទ្ធសភា តែវាច្បាស់ណាស់ថាសំណើដូច្នេះខ្វះការគាំទ្រនៅក្នុងព្រឹទ្ធសភាដែលសមាជិកមិនឆ្លងកាត់ការបោះឆ្នោតនិងច្រើនជាអ្នកអភិរក្សយោធានិយមដែលប្រឆាំងនឹងពួកអ្នកប្រឆាំងតវ៉ា៕ប្រែសម្រួល៖វាសនា
ពួកសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យថៃតែងលើកម្រាមដៃបីជាការគំនាប់ ដែលជានិមិត្តរូបនៃចលនាតស៊ូរបស់គេ