ដោយ:ពៅនិមល/ភ្នំពេញ:គិតត្រឹមខែកញ្ញាឆ្នាំ២០២០នេះរដ្ឋាភិបាលកម្ពុជាបានបើកនិងផ្តល់ប្រាក់ឧបត្ថម្ភទៅដល់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យកាត់ដេរវិស័យទេសចរណ៍និងវិស័យផ្សេងៗទៀតសរុបចំនួន៦៣.៤១១.៣៦៨រៀល ឬស្មើនឹងប្រមាណជាង១៥លានដុល្លារអាមេរិក។
ប្រភពពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យ ដឹងថា គិតមកទល់ពេលនេះ កម្មករនិយោជិតដែលបានបើកប្រាក់ឧបត្ថម្ភមានចំនួន២៧០.៥៧៣នាក់ ក្នុងចំណោមកម្មករនិយោជិតសរុបចំនួន២៧៣ ៩៤៨នាក់ ពីទីភ្នាក់ងារវីងទូទាំងខេត្ត ក្រុង។
ប្រភពដដែលឱ្យដឹងទៀតថាដោយឡែកចំពោះរោងចក្រសហគ្រាសដែលកំពុងព្យួរកិច្ចសន្យាការងារសរុបចំនួន១១៩ស្មើនឹងកម្មករនិយោជិតសរុប៤៤៥៧៤នាក់(ស្រី៣៧៥៩៧នាក់)ក្នុងចំណោមរោងចក្រទាំងនោះនៅដំណើរការ ប៉ុន្តែព្យួរការងារផ្នែកខ្លះប៉ុណ្ណោះ។
សូមជម្រាបថា ក្រៅពីវិស័យវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់និងផលិតស្បែក និងកាបូបធ្វើដំណើរ ក្នុងនោះសហគ្រាសវិស័យទេសចរណ៍ដែលកំពុងព្យួរការងារសរុបចំនួន១១៣ ស្មើនឹងកម្មករនិយោជិតចំនួន៩.៩២៥នាក់ (ស្រី៤.៦០០នាក់) ថយចុះចំនួន០២សហគ្រាស ស្មើនឹងកម្មករនិយោជិតចំនួន២៧៩នាក់។
ពាក់ព័ន្ធនឹងកិច្ចសន្យាព្យួរការងាររបស់រោងចក្រ សហគ្រាសខាងលើនេះក្រសួងការងារបានបន្ថែមថាបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញទន់ដល់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារសរុបបានចំនួន៩១រោងចក្រដែលមានកម្មករចូលរួមសរុបចំនួន៥៣,៤២៧នាក់ (ស្រី៤២.៥៩៤នាក់)៕S/