​ដោយៈ គ្រញូង / បាត់ដំបងៈ ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង ចំនួន ៥០០ គ្រួសារ មកពី ៤ ឃុំ ក្នុងស្រុក​សង្កែ បានទទួល​អំណោយ​ពី ភរិយា​ថ្នាក់ដឹកនាំ​ពីររូប គឺ​ភរិយា​សម្តេច​ក្រឡាហោម ស ខេង និង​ភរិយា​លោក កែ គឹមយ៉ាន​។ កាលពី​ព្រឹក ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នៅក្នុង​បរិវេណ​វត្ត អន្លង់ត្នោត ស្ថិតក្នុង​ភូមិ​ន​រា ឃុំ​ន​រា ស្រុក​សង្កែ​។ ដោយឡែក ព្រះសង្ឃ និង​សមណ​សិស្ស ដែល​កំពុងស្នាក់នៅ រៀន​ធម៌ នៅ​វត្ត​ធ​ម្មិ​កា​រាម (​វត្ត​ដំណាក់​ហ្លួង​) ចំនួន​១០២​អង្គ ក៏បាន​ត្រូវ​ប្រគេន​នូវ​អំណោយ ពី​ភរិយា​ថ្នាក់ដឹកនាំ​ពីររូប នោះដែរ​។​

​ប្រជាពលរដ្ឋ ទាំង ៤ ឃុំ​នោះ មាន​ឃុំ​ន​រា ៧០ គ្រួសារ ឃុំ​អន្លង​វិល ១៥០​គ្រួសារ ឃុំ​តា​ប៉ុន ១៤០ គ្រួសារ និង​ឃុំ​រកា ១៤០ គ្រួសារ នៃ​ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ចូលរួម​ក្នុង​ពិធី​នេះដែរ មាន​លោក ងួន រតនៈ អភិបាលខេត្ត សមាជិក​រាជរដ្ឋាភិបាល សមាជិក​ព្រឹទ្ធសភា រដ្ឋសភា អភិបាលរង​ខេត្ត អភិបាលស្រុក មេឃុំ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ មន្ទីរ​អង្គភាព​នានា​ជុំវិញ​ញ​ខេត្ត និង​ក្រុម​អ្នក​ម្តាយ​មនុស្សធម៌ ផងដែរ ។​

​បន្ទាប់ពី​ការអាន​របាយការណ៍​ស្វាគមន៍​របស់ លោក ងួន រតនៈ និង​ប្រសាសន៍​របស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា​រួចមក លោកស្រី ញ៉ែម សា​ខន និង​លោកស្រី ម៉ៅ ម៉ា​ល័យ បាន​មានប្រសាសន៍​សួរសុខទុក្ខ និង​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់ ទាំង ៥០០ គ្រូ​សារ ដោយ​ក្នុង ១ គ្រួសារៗ ទទួលបាន​អង្ករ ២០ គីឡូក្រាម ទឹក​សុទ្ធ​១​យួរ ត្រីខ កំប៉ុង​១​យួរ ទឹកត្រី ១​យួរ ស៊ី​អ៊ីវ​១​យួរ មី​១​កេស ថវិកា​មួយចំនួន និង​ប្រគេន​ទេយ្យវត្ថុ មួយចំនួន ដល់​ព្រះសង្ឃ ក្នុង​វត្ត​អន្លង​ត្នោត ផងដែរ ។​

​បន្ត​មក ប្រតិភូ​ទាំងអស់ ក៏បាន​បន្តដំណើរ ទៅសួរសុខទុក្ខ​ព្រះសង្ឃ និង​សមណ​សិស្ស ដែល​កំពុងស្នាក់នៅ រៀន​ធម៌ នៅ​វត្ត​ធ​ម្មិ​កា​រាម (​វត្ត​ដំណាក់​ហ្លួង​)​ចំនួន​១០២​អង្គ ដែល​ត្រូវ​លិច​ទឹក ដាច់​ចង្ហាន់ ក្នុងពេល​រងគ្រោះ​ទឹកជំនន់​នេះ​។

​លោកស្រី​ទាំងពីរ បាន​ប្រគេន​អង្ករ ១ តោន មី​៥០​កេស ភេសជ្ជៈ ៥០ កេស ត្រីខកំប៉ុង ៥០ កេស ទឹក​សុទ្ធ ៥០​កេស និង​បច្ច័យ​មួយចំនួន ។ ក្នុងនោះ លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​ជួយ​ភួយ ចំនួន ១០០ អង្ករ ១​តោន និង​ស៊ីម៉ងត៍ ៣០ តោន ដល់​វត្ត ។ ដោយឡែក លោក ងួន រតនៈ ប្រគេន​ស៊ីម៉ងត៍ ២០ តោន សម្រាប់​កសាង​វត្ត ដែល​កំពុង​ជួប​ការលំបាក​។ ចំណែក លោកស្រី កែ សួន​សុ​ភី ស សុខា បាន​ប្រគេន​បច្ច័យ ៤០០ ដុល្លារ សម្រាប់​ដោះស្រាយ​ចង្ហាន់ ដល់​សមណៈ​សិស្ស ដែល​កំពុង​រៀន នៅក្នុង​វត្ត​ផងដែរ​៕S/

​រូប​ថ​តះ​លោកស្រី​ញ៉ែម​សា​ខន​សខេង​និង​លោកស្រី​ម៉ៅ​ម៉ាឡៃ​កែ​គឹមយ៉ាន​ព្រមទាំង​ប្រតិភូ​ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​៥០០​គ្រួសារ​មកពី​៤​ឃុំ​ស្រុក​សង្កែ​និង​ព្រះសង្ឃ​១០២​អង្គ​