ដោយ: គង់ហេង/កំពង់ចាម:អាជ្ញាធរខេត្តកំពង់ចាមបានសម្រេចជ្រើសរើសទីតាំងដែលមានសក្តានុពល វប្បធម៌ប្រវត្តិសាស្ត្រនិងទាក់ទាញភ្ញៀវទេសចរចំនួនប្រាំទីតាំងដើម្បីដាក់បញ្ជូលក្នុងបញ្ជីនៃការអនុវត្តគម្រោងឈ្មោះ «គម្រោងតេជោភូមិ១០០»។
ក្នុងជំនួបពិភាក្សាជាមួយតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលហៅកាត់(វ.ស.ស)របស់ទីស្តីការគណ:រដ្ឋមន្ត្រីដែលដឹកនាំដោយលោកបណ្ឌិត កែវ ពិសិដ្ឋ នៅក្នុងសាលាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ២០ តុលា លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា យើងបានធ្វើតាមសំណើរបស់ខាង វ.ស.ស រួចហើយដោយបានជ្រើសរើសទីតាំងដែលមានលក្ខណ:សម្បត្តិស្របតាមខ្លឹមសារទាំង ប្រាំមួយ ចំណុចរបស់ វ.ស.ស គឺមានចំនួន ប្រាំ ទីតាំង។

លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ទៀតថាទីតាំងទាំងនោះមាន:រមណីយដ្ឋានប្រាសាទនគបាជ័យ ស្ថិតក្នុងឃុំអម្ពិល ស្រុកកំពង់សៀម, រមណីយដ្ឋានភ្នំហាន់ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម និងឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ,រមណីយដ្ឋានភ្នំប្រុសភ្នំស្រី ស្ថិតក្នុងឃុំអម្តិល និងឃុំក្រឡា ស្រុកកំពង់សៀម, រមណីយដ្ឋានភ្នំជើងព្រៃ ស្ថិតក្នុងឃុំគោករវាង ស្រុកជើងព្រៃ និងរមណីយដ្ឋានទឹកឆា ស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកចម្ការលើ។

លោក អ៊ុន ចាន់ដា បានបន្តថា ចំណែកកោះប៉ែន គឺជាទឹកដីដ៏មានសក្តានុពល និងទាក់ទាញបំផុត ដោយគ្រាន់តែនៅរដូវទឹកជំនន់ទន្លេមេគង្គឡើងលិចដល់កម្រិតប្រកាសអាសន្នកម្ពស់ជាង ១៥ ម៉ែត្រ គឺរយ:ពេលប្រមាណពីរសប្តាហ៍ទឹកស្រកចុះផុតអស់ហើយ។ម្យ៉ាងនៅលើកោះដ៏ល្បីមួយនេះគឺមានបណ្តាញផ្លូវបេតុងប្រវែងជាង ១៦ គីឡូម៉ែត្រតភ្ជាប់ទាំងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន។

គួរបញ្ជាក់ថាទីតាំងសក្តានុពលដែលមានលក្ខណ:សម្បត្តិសម្រាប់បញ្ជូលក្នុងបញ្ជី«គម្រោងតេជោភូមិ១០០»បានមាន: ទីតាំងជាកេរតំណែលប្រវត្តិសាស្ត្រ និងវប្បធម៌, ជាកន្លែងទាក់ទាញភ្ញៀវទេសចរ, អាជ្ញាធរមានភាពជាអ្នកដឹកនាំនៅមូលដ្ឋានមានភាពជាម្ចាស់។មានសមត្ថភាពធនធានមនុស្សគ្រប់គ្រាន់, មានសក្តានុពលទាក់ទាញការវិនិយោគឯកជន, មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់( ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព និងផ្សារ) និងជាទីតាំងមានប្រជាជនច្រើន។

«គម្រោងតេជោភូមិ១០០»នឹងត្រូវអនុវត្តក្នុងទីតាំងចំនួន១០០នៅទូទាំង២៥រាជធានីខេត្តដើម្បីរួមចំណែកជំរុញការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាននិងកាត់បន្ថយភាពក្រីក្រឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនិងចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕S/
