ដោយៈសរិទ្ធ/ភ្នំពេញៈបុរសពីរនាក់ដែលជាប់ពាក់ព័ន្ធនឹងករណីប្រមាថចំពោះអង្គព្រះមហាក្សត្របានត្រូវលោកកេតសុជាតិចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២០ដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត។
បុរសទាំងពីរនាក់នេះឈ្មោះ គង់ ប៊ុនហ៊ាង អាយុ៦៦ឆ្នាំ និង ហង្ស សេង។ពួកគេបានត្រូវលោកសេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាធានីភ្នំពេញបានចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។
យោងតាមមាត្រា៤៣៧ស្ទួននៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌដែលចែងពីបទប្រមាថចំពោះអង្គព្រះមហាក្សត្របានបញ្ជាក់ថាការប្រមាថគឺជាវាចាកាយវិការសំណេរគំនូរឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ប្រមាថចំពោះអង្គព្រះមហាក្សត្រត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំទៅប្រាំឆ្នាំនិងពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀល។
បុរសទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលអគ្គស្នងការដ្ឋាននគរបាលជាតិស្រាវជ្រាវឈានដល់ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១៧និង១៨ខែតុលាកន្លងទៅនៅទឹកដីខេត្តបាត់ដំបងរួចបញ្ជូនមករាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ៕សរន